ក្រសួង​អប់រំ​បញ្ជាក់ថា សម័យ​ប្រឡង​បាក់​ឌុប​ពីរ​ថ្ងៃ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​

ភ្នំពេញៈ​ក្រសួង​អប់រំ ​យុវជន​ និង​ កីឡា​បានប្រកាសថា​ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅ​រត់មាត់​ថា បាក់​ឌុប បាន​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៧-២៨ ខែធ្នូ ឆ្នាំ​២០២១រយៈ​ពេល​ពីរ​ថ្ងៃនេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​សណ្តាប់ធ្នាប់ ក្រោម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន ព្រមទាំង​ស្រប​នឹង វិធានការ​សុវត្ថិភាព​សុខភាព​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ល្ងាច​ថ្ងៃទី​២៨ ខែធ្នូ នេះ​។​

ក្រសួង​អប់រំ​បញ្ជាក់ថា សម័យ​ប្រឡង​បាក់​ឌុប​ពីរ​ថ្ងៃ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​

​ក្នុង​សេចក្តីប្រកាស​បានបញ្ជាក់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សូមថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ ប្រកបដោយ​គតិបណ្ឌិត ក្នុងការ​សម្រេច​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជូន​ដល់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស និង​បាន​អនុញ្ញាតឱ្យ​សិស្សានុសិស្ស​វិលត្រឡប់​មកកាន់​សាលារៀន​វិញ ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​វិស័យ​អប់រំ ព្រមទាំង​ការអនុញ្ញាតឱ្យ​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​អនាគត​របស់​យុវជន​កម្ពុជា​។​

​គណៈកម្មការ​មេ​ប្រយោគ​ទូទាំងប្រទេស​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សូម​កោត សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បុគ្គលិក​អប់រំ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ចូលរួម និង​បំពេញការងារ​ប្រកប ដោយ​វិជ្ជាជីវៈ​, មនសិការ​ការងារ​, និង​ការទទួលខុសត្រូវ​ខ្ពស់​។ ទន្ទឹមនឹងនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ក្រសួងមហាផ្ទៃ​, អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួង សុខាភិបាល​, អាជ្ញាធរ​ដែនដី​, កងកម្លាំង​, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, អគ្គិសនី​កម្ពុជា​, ក្រុមគ្រូពេទ្យ​ស្ម័គ្រ ចិត្ត​យុវជន​សម្តេច​តេ​ជោ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដទៃទៀត ដែល​បាន​ចូលរួម​គាំទ្រ និង​ផ្ដល់​កិច្ចសហការ​នៅក្នុង ដំណើរការ​សំណេរ​រយៈពេល​២​ថ្ងៃនេះ ។​

​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ថ្លែងអំណរគុណ ចំពោះ​បេក្ខជន​គ្រប់រូប ដែល​បានមក​ចូលរួម​ប្រឡង និង​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន និង​សូម​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា អ្នក​អាណា ព្យាបាល​សិស្ស​, វិស័យ​ឯកជន​, និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បានផ្តល់​កិច្ចសហការ និង​ការអនុគ្រោះ នៅក្នុងដំណើរការ​នេះ​។​

ក្រសួង​អប់រំ​បញ្ជាក់ថា សម័យ​ប្រឡង​បាក់​ឌុប​ពីរ​ថ្ងៃ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​

​តាម​ការគ្រោងទុក លទ្ធផល​នៃ​ការប្រឡង​នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នា​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ និង​និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh​។​

​សូមជម្រាបថា ដំណើរការ​សំណេរ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៧-២៨ ខែធ្នូ ឆ្នាំ​២០២១ ដោយមាន​មណ្ឌល​ប្រឡង​ចំនួន ២០៤ ចែកចេញជា ៤ ៦១៦ បន្ទប់ និង​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១១៤ ១៨៥​នាក់ ស្រី ៦០ ៣៩៧​នាក់ ក្នុងនោះ​បេក្ខជន​ចំណេះ​ទូទៅ ចំនួន ១០៤ ២៩៨ នាក់ ស្រី ៥៧ ១២៣ នាក់ និង​បេក្ខជន​បំពេញវិជ្ជា​និង​ស្វៃរិន​ចំណេះ​ទូទៅ​ចំនួន ៩ ៨៨៧ នាក់ ស្រី ៣ ២៧៤ នាក់​។ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៣៩ ៦១០​នាក់ (​ស្រី ២៣ ៦៨៣ នាក់​) និង​ថ្នាក់ វិទ្យាសាស្ត្រ​សង្គម​ចំនួន ៧៤ ៥៧៥​នាក់ (​ស្រី ៣៧ ៧១៤​នាក់​)​។​

​មុខវិជ្ជា​ប្រឡង​មាន​ចំនួន​៧ ចែកចេញជា​ថ្នាក់​វិទ្យាសាស្ត្រ (​ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិតវិទ្យា និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (​ផែនដី​និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​)​។​
​នៅមុន​ដំណើរការ​សំណេរ​មួយថ្ងៃ បេក្ខជន​ប្រឡង​បាន​ទៅពិនិត្យ​ឈ្មោះ ព័ត៌មាន​ផ្ទាល់ខ្លួន លេខ​តុ​លេខ​បន្ទប់ និង​ជាពិសេស​បាន​វាស់​កម្ដៅ និង​ទទួល​ស្ទីក​ឃ័រ​សុខភាព​ធម្មតា​។​ក្នុង​ដំណើរការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃនេះ បេក្ខជន​អវត្តមាន​សរុប ៤ ៤៣០ នាក់ (​ស្រី ១ ៨២៧ នាក់​) ត្រូវជា ៣,៨៨ ភាគរយ នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​។​

​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ៣៦ នាក់ ក្នុងនោះ​បេក្ខជន​មាន​ជំងឺ​កូ​វីដ​-១៩ ដែលជា​កីឡាការិនី ចំនួន ២​នាក់​បេក្ខជន​មាន​កម្ដៅ​លើស​ធម្មតា ដែល​ត្រូវ​ដាក់ឱ្យ​ប្រឡង​នៅ​បន្ទប់​ដាច់ដោយឡែក​ចំនួន ៣​នាក់​និង​បេក្ខជន​មាន​បញ្ហា​សុខភាព​ដទៃទៀត​ចំនួន​៣១​នាក់​។ ជារួម បេក្ខជន​ដែលមាន​បញ្ហា​សុខភាព​ទាំងអស់ អាច​បន្ត​ការប្រឡង​រហូតដល់​ចប់ ក្រោម​ការយកចិត្តទុកដាក់​ពី​គណៈមេប្រយោគ ភ្នាក់ងារ​សុខាភិបាល និង អាជ្ញាធរ​ពាក់ព័ន្ធ​៕ ដោយៈ ពល​ជ័យ​

ក្រសួង​អប់រំ​បញ្ជាក់ថា សម័យ​ប្រឡង​បាក់​ឌុប​ពីរ​ថ្ងៃ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner