គីម ជុងអ៊ុន បើកកិច្ចប្រជុំពេញអង្គបក្សពលករកូរ៉េខាងជើង ស្របពេលលោកកាន់តំណែងបាន១០ឆ្នាំ

លោកគីម ជុងអ៊ុន ​បើក​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ​​របស់​គណបក្ស​កាន់​អំណាច​កូរ៉េ​ខាង​ជើង ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ ខណៈពេល​ដែល​​លោក​កាន់​អំណាច​អស់រយៈពេល​ជាង​ ១០ឆ្នាំរួចមក​​ បន្ទាប់​​ពី​ឪពុក​របស់​លោក​ លោក គីម ជុងអ៊ីល បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ២០១១កន្លង​ទៅនេះ​។

សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA បាន​ចុះ​ផ្សាយ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​រូប​នេះ​នឹង​ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក ៤ នៃ​គណៈកម្មាធិការ​មជ្ឈិម​អាណត្តិ ៨ របស់​គណបក្ស​ពលករ​កូរ៉េ​ (WKP) ដែល​ជា​កិច្ចប្រជុំ​សម្រេច​គោលនយោបាយ​សំខាន់​ៗ​របស់​ប្រទេស​សម្រាប់​ឆ្នាំ២០២២ខាង​មុខ​នេះ។

«កិច្ច​ប្រជុំ​ពេញអង្គ​គឺ​ធ្វើ​ឡើង​ដើម្បី​ត្រួតពិនិត្យ​មើល​ការ​អនុវត្ត​គោលនយោបាយ​គោល​ៗ​របស់​បក្ស និង​របស់​រដ្ឋ​សម្រាប់​ឆ្នាំ២០២១»។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន KCNA។

សារព័ត៌មាន​ខាង​លើ​បាន​បន្ថែម​ថា កិច្ចប្រជុំ​នេះ​នឹង​សម្រេច​លើ «គោលនយោបាយ​យុទ្ធសាស្ត្រ និង​យុទ្ធវិធី» និង​កិច្ចការ​នានា​ ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​នៃ​ការ​កសាង​សង្គម​និយម​ជំនាន់​ថ្មី​។

ការ​ជួប​ប្រជុំ​នៅ​លើក​នេះ​ដែរ​ធ្វើ​ឡើង​ចំ​ពេល​ដែល ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្ដាល​មក​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ ដែល​បង្ក​ដោយ​គ្រោះធម្មជាតិ​ដ៏​អាក្រក់​មួយ ហើយ​ក៏​ដូច​ជា​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ពាក់ព័ន្ធ​រឿង​កម្មវិធី​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​នៅ​តែ​បន្ត។

សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​ ៤,៥% នៅ​ឆ្នាំ២០២០ ក្រោយ​ពេល​ដែល​ខ្លួន​បិទ​ព្រំដែន​ជាមួយ​ចិន បន្ទាប់​ពី​មាន​ការ​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។ គេ​នៅ​មិន​ទាន់​ដឹងថា ជំងឺ​កូវីដ-១៩​បង្ក​ជា​ផល​ប៉ះពាល់​ផ្នែក​សុខាភិបាល​ធ្ងន់ធ្ងរ​កម្រិត​ណា​ទេ​នៅ​ក្នុង​កូរ៉េ​ខាង​ជើង។

គេ​មិន​ទាន់​ច្បាស់​ថា កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ។ កាល​ពី​ឆ្នាំ២០១៩ កិច្ចប្រជុំ​ពេញអង្គ​នៃ​គណបក្ស​ពលករ​កូរ៉េ​បាន​ប្រព្រឹត្តិ​រយៈពេល ៤ថ្ងៃ។

លោក គីម ជុងអ៊ុន ច្រើន​តែ​ប្រកាស​គោលនយោបាយ​កូរ៉េ​ខាង​ជើង​ធំៗ​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី។

សារព័ត៌មាន NK News ដែល​ជា​ទំព័រ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល ហើយ​ច្រើន​តែ​តាមដាន​ស្ថានការណ៍​កូរ៉េ​ខាង​ជើង បាន​ចុះ​ផ្សាយ​ថា៖ «លោក គីម កន្លង​មក​បាន​ប្រើប្រាស់​ថ្ងៃ​ឈប់​សម្រាក​ឆ្នាំ​ថ្មី​ ដើម្បី​បង្ហាញ​ពី​ការ​បន្ទន់​ជំហរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាង​ត្បូង តែ​ពេល​ខ្លះ​ក៏​ប្រើប្រាស់​ឱកាស​នេះ​ ដើម្បី​ទម្លាយ​ពី​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​ផែនការ​យោធា​ផ្សេងៗ​ទៀត​ផង»។

កាល​ពី​ឆ្នាំ២០១៨ លោក​បាន​ប្រកាស​ថា​កូរ៉េ​ខាង​ជើង​បាន​ចូល​រួម​ជាមួយ​កូរ៉េ​ខាង​ត្បូង ក្រោយ​ផ្លាក​ជា​ប្រតិភូ​តំណាង​ឧបទ្វីប​កូរ៉េ​ ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ចំណែក​ឯ​កាល​ពី​ឆ្នាំ២០១៩​វិញ លោក​បាន​ប្រកាស​ពី​ជំហរ​របស់​លោក​ក្នុង​ការ​ចូល​ចរចា​ជាមួយ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ យ៉ាងណាមិញ ក្រោយ​មក​ការចរចា​នេះ​ក៏​បរាជ័យ​ ក្រោយ​លោក គីម និង​លោក​ ត្រាំ និយាយ​មិន​ត្រូវ​គ្នា​។ នៅ​ពេល​នោះ​ អាមេរិក​ទាមទារ​ឱ្យ​កូរ៉េ​ខាង​ជើង​បញ្ឈប់​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ជា​មុន​សិន ទើប​ទណ្ឌកម្ម​សេដ្ឋកិច្ច​ត្រូវ​បាន​ដក​ចេញ​ជា​ពេល​ក្រោយ។

កូរ៉េ​ខាង​ជើង​ជា​រឿយៗ​បាន​និយាយ​ថា ខ្លួន​នឹង​ចាប់​ផ្ដើម​ចរចា​ដរាប​ណា សហរដ្ឋ​​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​បញ្ឈប់​នូវ​ «គោលនយោបាយ​អរិយភាព» មក​កាន់​ខ្លួន​រួម​មាន​ ការ​ដាក់​ទណ្ឌកម្ម និង​សមយុទ្ធ​យោធា​ជា​ដើម។

ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​នេះ​បាន​លើកឡើង​ថា ខ្លួន​សង្ឃឹម​ថា​កូរ៉េ​ខាង​ជើង​នឹង​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី ដោយ​ចូល​តុ​ចរចា​ជាមួយ​សហគមន៍​អន្តរជាតិ៕

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner