អង្គការសង្គ្រោះកុមារ៖ បុគ្គលិកខ្លួន២រូបបាត់បង់ជីវិតក្នុងការប៉ះទង្គិចគ្នានៅរដ្ឋភាគខាងកើតមីយ៉ាន់ម៉ា
អង្គការសង្គ្រោះកុមារ (Save the Children) កាលពីថ្ងៃអង្គារបានចេញមកបញ្ជាក់ថា បុគ្គលិករបស់ខ្លួនចំនួន ២នាក់ ស្ថិតក្នុងចំណោមសាកសពប្រមាណ ៣៥នាក់ ដែលត្រូវបានរកឃើញក្នុងសភាពផេះផង់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោយពីមានការប៉ះទង្គិចគ្នាកាលពីយប់ថ្ងៃសុក្រ នៅក្នុងរដ្ឋកាយ៉ា (Kayah) ដែលស្ថិតក្នុងភាគខាងកើតមីយ៉ាន់ម៉ា។
សាកសពទាំងនោះជាជនស៊ីវិល ដែលគេចេញពីជម្លោះប្រដាប់អាវុធរវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធជនជាតិការ៉ែននី រួមជាមួយកងកម្លាំងប្រឆាំងនឹងរដ្ឋអាជ្ញាយោធា។ នេះបើតាមការលើកឡើងរបស់ក្រុមសិទ្ធិមនុស្សការ៉ែននី។
តែបើតាមសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា ក្រុមមនុស្សទាំងនេះ ដែលធ្វើដំណើរក្នុងក្រុមរថយន្តចំនួន ៧គ្រឿងរងការសង្ស័យថាជា ក្រុម «ភេរវកម្ម» ហើយបណ្ដាលឱ្យទាហានមីយ៉ាន់ម៉ាចាត់វិធានការភ្លាមៗដូច្នេះ។
អង្គការអន្តរជាតិក្រៅរដ្ឋាភិបាលមួយនេះបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់វិធានការចាំបាច់ណាមួយដូចជា ការដាក់ទណ្ឌកម្មមិនឱ្យមានការនាំចូលអាវុធទៅកាន់មីយ៉ាន់ម៉ា ហើយក៏អំពាវនាវឱ្យអាស៊ានអនុវត្តគោលការណ៍កុងសង់ស៊ីស ៥ចំណុចរបស់ខ្លួនឱ្យខ្ជាប់ខ្ជួន៕
ប្រភព៖ ABC News