ប៉ូលិសជប៉ុន៖ ការវាយប្រហារតាមអ៊ីនធឺណិតលើភ្នាក់ងារអវកាស ពាក់ព័ន្ធនឹងយោធាចិន

កាល​ពី​ថ្ងៃ​អង្គារ ទី​២៨​ ធ្នូ​ ប៉ូលិស​ជប៉ុន​បាន​ទទួល​ដីកា​ចាប់​ខ្លួន​បុរស​ជនជាតិ​ចិន​មួយ​រូប​ ពាក់ព័ន្ធ​នឹង ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​លើ​ទីភ្នាក់ងារ​អវកាស​ JAXA របស់​ខ្លួន​ ដែល​ជា​ការ​វាយ​ប្រហារ​មួយ​គេ​ជឿជាក់​ថា​មាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន​។

ប៉ូលិស​ជប៉ុន​នឹង​ព្យាយាម​ដាក់​ជន​ជាប់ចោទ​ជា​អតីត​និស្សិត​អន្តរជាតិ​រូប​ឈ្មោះ​វ៉ាង ជៀនប៊ីន ដែល​បាន​ចាកចេញ​ពី​ប្រទេស​ជប៉ុន​រួច​ទៅ​ហើយ​ ទៅ​ក្នុង​បញ្ជី​ចាប់​ខ្លួន​របស់​អង្គការ​ Interpol​។

ប៉ូលិស​បាន​និយាយ​ថា​ជនជាប់ចោទ​បាន​ធ្វើ​សកម្មភាព​ក្រោម​ការ​ណែនាំ​ពី​ពី​ភរិយា​របស់​សមាជិក​នៃ​អង្គភាព​សង្គ្រាម​តាម​អ៊ីនធឺណិត​លេខ​ 61419 របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ធ្វើ​ឱ្យ​ករណី​នេះ​មាន​ «តម្រុយ​យ៉ាង​ខ្លាំង​អំពី​ការ​ចូល​រួម​របស់​យោធា​»​។

នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៦ លោក​វ៉ាង​បាន​ព្យាយាម​ទិញ​កម្មវិធី​សន្តិសុខ​មួយ ខណៈ​​ច្បាប់​កំណត់​ឱ្យ​លក់​ឱ្យ​តែ​ក្រុមហ៊ុន​ជប៉ុន​ប៉ុណ្ណោះ​។ ប៉ូលិស​ជប៉ុន​និយាយ​ថា​លោក​បាន​ប្រើប្រាស់​ឈ្មោះ​ និង​ក្រុមហ៊ុន​ក្លែងក្លាយ​ដើម្បី​ចរចា​ការ​ទិញ​កម្មវិធី​នេះ​។

ប៉ុន្តែ​ចុងក្រោយ​ក្រុមហ៊ុន​លក់​កម្មវិធី​បញ្ឈប់​ការ​លក់​នេះ​ ដោយ​លើកឡើង​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​សំណើ​របស់​លោក​វ៉ាង​។ ប៉ូលិស​ជប៉ុន​សង្ស័យ​ថា​យោធា​ចិន​ចង់​បាន​កម្មវិធី​ដើម្បី​ស្វែង​រក​ចំណុច​ខ្សោយ​ សម្រាប់​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ពេល​អនាគត​។

លោក​វ៉ាង​ក៏​បាន​ទទួល​ការ​ណែនាំ​ឱ្យ​ជួល​បណ្ដាញ​កុំព្យូទ័រ​មេ​នៅ​ជប៉ុន​ ហើយ​ផ្ដល់​ការ​គ្រប់គ្រង​នេះ​ទៅ​ឱ្យ​ចិន​។ ប៉ូលិស​សង្ស័យ​ថា​បណ្ដាញ​កុំព្យូទ័រ​មេ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​វាយ​ប្រហារ​រវាង​ឆ្នាំ​ ២០១៦ និង​ ២០១៧ ទៅ​លើ​គោលដៅ​ជាង​ ២០០ ដែល​រួមមាន​ភ្នាក់ងារ​សិក្សា​អវកាស​ជប៉ុន (JAXA) និង​ក្រុមហ៊ុន​អវកាស​ជប៉ុន​ជា​ច្រើន​៕

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner