ឥណ្ឌាកាត់ផ្តាច់ការផ្តល់មូលនិធិពីបរទេសនៃអង្គការសប្បុរសធម៌របស់អ្នកម្តាយថេរ៉េសា

រដ្ឋាភិបាល​ឥណ្ឌា​កាត់​ផ្ដាច់​ការ​ផ្ដល់​មូលនិធិ​​​នៃ​អង្គការ​សប្បុរសធម៌​ដែល​បង្កើត​ឡើង​ដោយ​អ្នក​ម្តាយ​ថេរ៉េសា​ (Mother Teresa) ​ពី​ការ​ទទួល​យក​ការ​បរិច្ចាគ​ពី​បរទេស​ សម្រាប់​ការងារ​មនុស្ស​ធម៌​របស់​ខ្លួន​។​

គេ​មិន​ទាន់​ដឹង​​ច្បាស់​ថា​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​បដិសេធ​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​ការ​បន្ត​អាជ្ញាប័ណ្ណ​របស់​អង្គការ​ Missionaries of Charity ​ក្រោម​ច្បាប់​ស្តី​ពី​ការ​រួម​ចំណែក​បរទេស​របស់​ប្រទេស​នេះ​។​ ក្រុម​​នេះ​​អាច​​ប្តឹង​​ឧទ្ធរណ៍​ ប៉ុន្តែ​​សម្រាប់​​ពេល​​នេះ​ ប្រភព​​ថវិកា​​សំខាន់​​មួយ​​ត្រូវ​​បាន​​កាត់​​ផ្តាច់​។​

រដ្ឋាភិបាល​​និយាយ​ថា ខ្លួន​កត់​សម្គាល់​នូវ​លំហូរ​ចូល​នៃ​ធាតុ​មិន​ល្អ​​មួយ​ចំនួន​ ខណៈ​ពេល​ដែល​ពិនិត្យ​មើល​ពាក្យ​ស្នើ​សុំ​របស់​អង្គការ​សប្បុរសធ​ម៌​សម្រាប់​ការ​បន្ត​អាជ្ញាប័ណ្ណ​ ប៉ុន្តែ​មិន​​បញ្ជាក់​​លម្អិត​នោះ​​​ទេ​។​

​​មូលនិធិ​អ្នក​ម្ដាយ​ថេរ៉េសារ ទាក់​ទាញ​ការ​បរិច្ចាគ​ពី​​ជុំ​វិញ​​ពិភព​​លោក ហើយ​ធ្វើ​​ការរៃ​​អង្គាស​​ថវិកា​​ជា​សាកល​​ដើម្បី​ចំណាយ​លើ​មន្ទីរ​ពេទ្យ​បង្អែក​ កន្លែង​មនុស្ស​ឃ្លង់​ និង​មណ្ឌល​កុមារ​កំព្រា​ដែល​​ដំណើរការ​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​។​

ការ​កាត់​ផ្ដាច់​​មូលនិធី​ថ្មី​នេះ ​ធ្វើ​ឡើង​ចំ​រដូវ​កាល​ណូអែល​​ ខណៈ​ដែល​ព្រះវិហារ​ជា​ច្រើន​​ត្រូវ​បាន​បំផ្លាយ​ និង​យាយា​ដោយ​ពួក​ហិណ្ឌូ​ស្តាំ​និយម​រាប់​រយ​នាក់​នៅ​ទូទាំង​ប្រទេស​។​ កំណើន​នៃ​ការ​វាយ​ប្រហារ​លើ​គ្រិស្តបរិស័ទ​ដែលមា​នចំ​នួន​ប្រហែល​ ២ ​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ឥណ្ឌា ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​ដែល​ក្រុម​កាន់​សាសនា​​ភាគ​តិច​​មាន​អារម្មណ៍​ថា​មិន​សូវ​មាន​សុវត្ថិភាព​។​ ​

ក្រុម​ហិណ្ឌូ​ស្តាំ​និយមក៏​​​ប្រឈម​មុខ​នឹង​អ្នក​កាន់​សាសនា​អ៊ិស្លាម​​ក្នុង​អំឡុង​ពេល​អធិស្ឋាន​ថ្ងៃ​សុក្រ​នៅ​រដ្ឋ​ Haryana ភា​គ​ខាង​ជើង​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​។​ ​​ក្នុង​សន្និសិទមួយកា​ល​ពី​សប្តាហ៍​មុន​ ព្រះសង្ឃ​ហិណ្ឌូ​ស្តាំនិយម​រាប់​រយ​អង្គ​​ អំពាវ​នាវ​ជា​ចំហ​ឱ្យ​សម្លាប់​អ្នក​កាន់​សាសនា​ឥស្លាម​​ ​ដើម្បី​ប្រែ​ក្លាយ​ប្រទេស​ឥណ្ឌា​​​ទៅ​ជា​ប្រទេស​ហិណ្ឌូ​។​

ក្រោម​​រដ្ឋាភិបាល​​របស់​​លោក​ ណារិនដ្រា ម៉ូឌី ​​​ឥណ្ឌា​​បាន​​រឹត​​បន្តឹង​​ច្បាប់​​ស្តី​​ពី​​​ការ​​ផ្តល់​​មូលនិធិ​​បរទេស​​របស់​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល​។​ ប្រទេស​នេះ​ដាក់​កំហិត​លើ​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ជា​ច្រើន​របស់​គ្រិស្តសាសនិក​ និង​មូស្លីម​​ ហើយ​ដាក់​អ្នក​ផ្សេង​ទៀត​នៅ​ក្នុង​បញ្ជីតា​ម​ដាន​សម្រាប់​ការ​បំពាន​ច្បាប់​របស់​ឥណ្ឌា ​ជា​ពិសេស​ច្បាប់​ទាក់​ទង​នឹង​ការ​បញ្ជុះ​បញ្ចូល​ឱ្យ​ជឿ​សាសនា​។​

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner