អ្នកជំនាញ កំពុងជជែកវែកញែកអំពីឥទ្ធិពលវ៉ារ៉្យង់អូមីក្រុងទៅលើកុមារ
វ៉ារ៉្យង់អូមីក្រុង បន្តរីករាលដាលជាបន្តបន្ទាប់ ខណៈអត្រាចូលមន្ទីរពេទ្យក៏កំពុងកើនឡើង រួមទាំងករណីកុមារផងដែរ។ ប៉ុន្តែ សំណួរថា តើវ៉ារ៉្យង់ថ្មីនេះអាចបង្កគ្រោះថ្នាក់ដល់កុមារក្នុងកម្រិតណា ហើយថាតើគួរប្រើប្រាស់វិធានសម្រាប់ការពារការរីករាលដាល ដដែលឬយ៉ាងណា។
អ្នកស្រីវេជ្ជបណ្ឌិត Jennifer Lighter អ្នកឯកទេសជំងឺឆ្លងកុមារនៅមន្ទីរពេទ្យ New York University Langone ក្នុងទីក្រុងញូវយ៉ក បានឆ្លើយទៅនឹងសំណួរខាងលើថា៖ «…វាអាស្រ័យទៅតាមស្ថានភាព។ ដោយសារតែស្ថានភាពនៅទីក្រុង New York មានករណីឆ្លងខ្លាំង ពេលនេះករណីអូមីក្រុង កើនឡើងខ្ពស់ទាំងក្រុមកុមារ និងមនុស្សពេញវ័យ ប៉ុន្តែករណីកុមារ ដែលវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរគឺ កម្រណាស់»។
អ្នកស្រីវេជ្ជបណ្ឌិត Katharine Smart ប្រធានសមាគមវេជ្ជសាស្ត្រកាណាដា និងជាគ្រូពេទ្យកុមារនៅក្នុងទឹកដី Yukon ដាច់ស្រយាលនៃប្រទេសកាណាដា បាននិយាយថា៖ «ខ្ញុំនៅមិនទាន់ឃើញក្មេងណាម្នាក់ឆ្លងវ៉ារ៉្យង់អូមីក្រុងនៅឡើយទេ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាងបានកត់សម្គាល់ថា កាណាដាជាធម្មតាដើរពីក្រោយសហរដ្ឋអាមេរិកពី ៣ ទៅ ៤ សប្តាហ៍ ដូច្នេះ អ្នកនាងរំពឹងថា ចំនួនករណីឆ្លងនឹងកើនឡើងក្នុងពេលឆាប់ៗនេះ ហើយដោយសារការរីករាលដាលអូមីក្រុងមានចំនួនច្រើន ដូចនេះករណីឆ្លងលើកុមារក៏មានច្រើនតាមហ្នឹងដែរ។
ប៉ុន្តែនៅមន្ទីរពេទ្យកុមារ Comer ក្នុងទីក្រុងឈីកាហ្គោ អ្នកស្រីវេជ្ជបណ្ឌិត Chidimma Acholonu គ្រូពេទ្យកុមារ បានឃើញថា ក្នុងរយៈពេលមួយខែកន្លះក្រោយនេះ កុមារកាន់តែច្រើនបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចាប់តាំងពីការឆ្លងជំងឺរាតត្បាតទាំងមូល។
អ្នកស្រីវេជ្ជបណ្ឌិត Acholonu បានប្រាប់សារព័ត៌មាន Fortune ថា៖ «ក្មេងតូចៗកំពុងធ្វើតេស្តវិជ្ជមាន និងមានរោគសញ្ញាកូវីដ ជាពិសេស ក្មេងជំទង់គឺ កំពុងត្រូវការជំនួយផ្លូវដង្ហើមស្មើរនឹងមនុស្សពេញវ័យហើយ»។
លោកវេជ្ជបណ្ឌិត Scott Hadland ប្រធានផ្នែកវេជ្ជសាស្ត្រមនុស្សវ័យជំទង់ និងមនុស្សវ័យជំទង់នៅមន្ទីរពេទ្យ Massachusetts General Hospital បាននិយាយថា៖ «យើងពិតជា បានឃើញការកើនឡើងនៃការឆ្លងមេរោគលើកុមារនៅបូស្តុន។ ដោយឡែក រដ្ឋាភិបាល ក៏បានបានផ្តល់ការធ្វើតេស្តយ៉ាងដិតដល់ដែរ ដោយសារ ករណីឆ្លងសហគមន៍នៅទីនោះមានច្រើនសន្ធឹកសន្ធាប់ ហើយកុមារទាំងនោះជៀសមិនផុតពីការឆ្លងមេរោគនោះទេ»។
គាត់ បាននិយាយថា៖ «មានការយល់ខុសជាច្រើន ដែលថា កុមារមិនអាចឆ្លងដូចក្រុមអាយុផ្សេងទៀត ប៉ុន្តែ ពួកគេនៅតែអាចប្រឈមនឹងករណីធ្ងន់ធ្ងរ។ ពួកគេ នៅតែប្រឈមនឹងការឆ្លងជំងឺកូវីដ និងរលាកពហុប្រព័ន្ធ ក៏ដូចជាករណីស្រាលជាដើម»។
ប៉ុន្តែ និយាយឱ្យខ្លីទៅ កុមារ ដែលឆ្លងមេរោគនៅមានសុខភាពរឹងមាំជាងមនុស្សពេញវ័យ ពីព្រោះ ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំមានពីរទម្រង់ ភាពស៊ាំពីកំណើត និងភាពស៊ាំ ដែលបានមកពីការធ្លាប់ឆ្លងនឹងជំងឺ ហើយក្មេងៗ អាចប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងបានប្រសើរជាងមុន ដោយសារភាពស៊ាំពីកំណើតរបស់ពួកគេគឺ ខ្លាំងជាងមនុស្សពេញវ័យ។
លោកស្រី Hadland បានបន្ថែមថា ផលប៉ះពាល់សុខភាពនៃមេរោគឆ្លងចំពោះកុមារគឺ ស្រដៀងទៅនឹងជំងឺផ្តាសាយដែរ។ តាមការពិត ជំងឺគ្រុនផ្តាសាយ បង្កឱ្យមានករណីស្លាប់ច្រើនជាងផងសម្រាប់ក្រុមកុមារ។
លោកស្រី បន្តថា៖ «ចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើម កុមារចំនួន ៥៤៨ នាក់ បានស្លាប់ ដោយសារកូវីដ-១៩។ នោះគឺដូចគ្នាទៅនឹង [ស្លាប់ដោយជំងឺគ្រុនផ្តាសាយ] ប្រចាំឆ្នាំធម្មតា។ ហើយបើនិយាយពី ករណីធ្ងន់ធ្ងរវិញ គឺកម្រណាស់ ដោយអត្រាស្លាប់គឺប្រហែល ២ នាក់ក្នុងចំណោម ១ លាននាក់ឯណោះ»។
លោកវេជ្ជបណ្ឌិត Adam Ratner ប្រធានផ្នែកជំងឺឆ្លងកុមារនៅមន្ទីរពេទ្យកុមារ Hassenfeld នៅសកលវិទ្យាល័យ New York University Langone បានឱ្យដឹងថា៖ «នៅលើមូលដ្ឋានពីការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ កុមារមិនងាយវិវត្តទៅជាកម្រិតធ្ងន់ដូចមនុស្សពេញវ័យទេ។ ប៉ុន្តែនៅពេល ដែលមានករណីឆ្លងទ្រង់ទ្រាយធំ ករណីធ្ងន់ធ្ងរអាចនឹងងាយកើតឡើង ចំពោះកុមារ បើទោះបីជា ករណីទាំងនេះកម្រសម្រាប់ក្មេងម្នាក់ៗក៏ដោយ»។
យ៉ាងណាមិញ យោងតាមការសិក្សាថ្មីៗរបស់វេជ្ជបណ្ឌិត Lighter ដែលត្រូវបានបោះពុម្ពក្នុងខែកញ្ញា ដោយស្ថាប័ន American Journal of Obstetrics & Gynecology បានបង្ហាញថា ក្នុងចំណោមស្ត្រីមានផ្ទៃពោះ ដែលបានទទួលវ៉ាក់សាំង ឈាមទងផ្ចិតទៅនឹងកូនគឺ សម្បូរទៅដោយអង្គបដិប្រាណ។
អ្នកស្រីវេជ្ជបណ្ឌិត Lighter បញ្ជាក់ថា៖ «ម្តាយ ដែលទទួលថ្នាំបង្ការ និងជំរុញនឹងផ្តល់ការការពារដល់ទារករបស់ពួកគេសម្រាប់រយៈពេលពីរបីខែដំបូងនៃជីវិត។ ការបំបៅកូនដោយទឹកដោះម្តាយក៏អាចបញ្ជូនអង្គបដិប្រាណដែរ ប៉ុន្តែមិនបានច្រើនដូចពេលចាក់វ៉ាក់សាំងមានផ្ទៃពោះនោះទេ»។
ទោះជាយ៉ាងណាក្ដី សម្រាប់វ៉ារ៉្យង់អូមីក្រុងវិញ គេនៅមិនទាន់មានការសិក្សាច្បាស់នៅឡើយទេ ដោយសារអ្នកសិក្សានៅមិនទាន់វិភាគគ្រប់ជ្រុងជ្រោយទាក់ទិននឹងវ៉ារ៉្យង់នេះនៅឡើយ។
ប្រភព៖ Fortune