ប្រធានាធិបតីសូម៉ាលី 🇸🇴 លោក Mohamed Abdullahi Mohamed ប្រកាសព្យួរតំណែងលោកនាយករដ្ឋមន្ត្រី Mohamed Hussein Roble ជុំវិញបញ្ហាអំពើពុករលួយ
កាលពីថ្ងៃទី២៧ ធ្នូ ប្រធានាធិបតីសូម៉ាលី 🇸🇴 លោក Mohamed Abdullahi Mohamed ប្រកាសព្យួរតំណែងលោកនាយករដ្ឋមន្ត្រី Mohamed Hussein Roble ជុំវិញបញ្ហាអំពើពុករលួយ និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ដំណើរការបោះឆ្នោត។ ការណ៍នេះបានបណ្ដាលឱ្យភាពតានតឹងនៃជម្លោះនយោបាយផ្ទៃក្នុងប្រទេសកាន់តែកើនឡើងមួយកម្រិតទៀត។
លោក Roble បដិសេធមិនទទួលយកបទបញ្ជានេះ ហើយចោទប្រកាន់លោក Mohamed វិញថា បានដាក់ពង្រាយកងទ័ពដើម្បីវាយប្រហារការិយាល័យរបស់លោក និងគណៈរដ្ឋមន្ត្រីដើម្បីរារាំងពួកគេមិនឱ្យបំពេញភារកិច្ច។
លោក Abdirahman Yusuf Omar អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានហៅការសម្រេចចិត្តរបស់ប្រធានាធិបតីថាជា “រដ្ឋប្រហារដោយប្រយោល”។
រដ្ឋាភិបាលបរទេស និងអ្នកសង្កេតការណ៍អន្តរជាតិផ្សេងៗ បានសម្តែងការព្រួយបារម្ភថា ជម្លោះអាចឈានទៅដល់វដ្តនៃអំពើហិង្សាមួយផ្សេងទៀតនៅក្នុងប្រទេសដែលឆ្លងកាត់ការប្រយុទ្ធគ្នាអស់ជាច្រើនទសវត្សរ៍មួយនេះ។
អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងប្រទេសជាង ២០ផ្សេងទៀតនៅទូទាំងពិភពលោក ចេញសេចក្តីថ្លែងការណ៍រួមមួយដោយជំរុញឱ្យភាគីទាំងពីរមានការអត់ធ្មត់ និងស្វែងរកកិច្ចសន្ទនា។
ប្រភព៖ New York Times