ក្រុមកីឡាទូកនារី ខេត្តកណ្ដាលឈ្នះជើងឯក ក្នុងការប្រណាំងទូកនាគ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ និងពានរង្វាន់សម្ដេចក្រឡាហោម លើក៨

ទូកអុំប្រពៃណីខ្នាតអន្ដរជាតិ ឬទូកនាគ នារីចំណុះ១២នាក់ របស់ខេត្តកណ្ដាល បានឈ្នះ ជើងឯក ក្នុងការប្រណាំង ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៨ នៅដងព្រែកកំពត ក្រុងកំពត ខេត្តកំពត ។


ក្នុងការប្រណាំងនេះ ទូកនារីខេត្តកណ្ដាល បានបង្ហាញនូវភាពស្វាហាប់ ប្រកបដោយបច្ចេកទេស និងសាមគ្គីគ្នាជាធ្លុង១ ដើម្បីជំរុញល្បឿនទូកឆ្ពោះទៅរកទីព្រ័ត្រយ៉ាងលឿន ។ មុននឹងទទួលបានជ័យជំនះ ទូកនារីខេត្តកណ្ដាល បានអុំ ចំនួន២ ជើង ក្នុងចម្ងាយ៥០០ម៉ែត្រ ២ដងដោយប្ដូរ ខ្សែបន្ទាត់ ទៅតាម ការកំណត់របស់គណៈកម្មការបច្ចេកទេស ដោយបានមកដល់ទីព្រ័ត្រមុនគូប្រកួតទាំង២ជើង ប្រើថេរៈវេលាជាមធ្យម ០៤នាទី៣៤ វិនាទី ចុច៧៧ ។ យោងតាមលទ្ធផលខាងលើ ធ្វើឲ្យទូកនាគ នារីខេត្តកណ្ដាល ក្លាយជាជើងឯក ទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍នេះ ឯទូកខេត្តស្វាយរៀង លេខ២ មេដាយប្រាក់ និងទូកខេត្តកំពត ដែលជាម្ចាស់ផ្ទះ លេខ៣ ។ ក្រៅពីទទួលបានជោគជ័យ ផ្នែកទូកនាគនារី ទូកនាគផ្នែកបុរស របស់ខេត្តកណ្ដាល ក៏ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមទូកខ្លាំងៗ ចំនួន១៤ ដែលបានចូលរួម លើវិញ្ញាសា ប្រកួតចម្ងាយ១០០ម៉ែត្រ ចំណុះ១២នាក់ ខណៈដែលក្រុម មកពីខេត្ត បាត់ដំបងជាប់លេខ៣ និងទូក ជើងឯកបានទៅ សមាគមកីឡាក្រសួងមហាផ្ទៃ ។


គួររំលឹកថា ទូកនាគ ទាំងបុរស និងនារី របស់ខេត្តកណ្ដាល គឺជាទូក មកពីក្លឹបពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ក្រោមការដឹកនាំរបស់លោកស្រី ប្រាក់ សោភា ដែលជាប្រធានក្លឹប ។ ជារៀងរាល់ឆ្នាំ ទូក ក្លឹបពោធិ៍មង្គល ឃុំព្រែកតាទែន ធ្លាប់បានចូលរួមប្រកួត ក្នុងព្រឹត្តិកាណ៍ជាច្រើន ដូចជាការប្រកួត ជ្រើរើសជើងឯកថ្នាក់ជាតិ ការចូលរួមប្រណាំង នៅខេត្តស្វាយរៀង កម្មវិធីបុណ្យទន្លេ ពិធីអុំទូកនៅខេត្តសៀមរាប និងព្រះរាជពីធីបុណ្យអុំទូកអក អំបុកសំពះព្រះខែ នៅមុខព្រះបរមរាជវាំងជាដើម ដោយ តែងតែដណ្ដើមបានមេដាយ និងពាន ជាបន្តបន្ទាប់ជូនខេត្តកណ្ដាល និងក្លឹបរបស់ខ្លួន ។

សមិទ្ធផលនេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែង របស់កីឡាករកីឡាការិនី គ្រូបង្វឹក ក្នុងការហ្វឹកហាត់ ពិសេសការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់លោកស្រី ប្រាក់ សោភា ទើបធ្វើអោយមានការអភិវឌ្ឍន៍ សមត្ថភាពកីឡាករកីឡាការិនី រីកចម្រើនយ៉ាងខ្លាំង ។ ដោយលោកស្រី បានលះបង់ពេលវេលា កម្លាំងកាយចិត្ត សម្ភារៈ និងថវិកា ជួយទំនុកបម្រុងគ្រប់បែបយ៉ាង ទាំងការហូបចុក ដល់អត្តពលិក ក្នុងបំណងរួមចំណែកលើកស្ទួយវិស័យកីឡាប្រណាំងទូក នៅព្រះរាជាណាចក្រកម្ពុជា មានការរីកចំរើន ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានជោគជ័យ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner