មាន់អាំងនៅប្រាសាទបាគងបានទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

ខេត្តសៀមរាប​៖​នៅពេល​និយាយ​ទៅដល់​មាន់​អាំង ពិសេស​អ្នកទេសចរ​ទៅកាន់ ខេត្ត សៀមរាប គឺ​គេ​មិនសូវ​ភ្លេច ចំពោះ​ការចូល​ភ្លក្ស​រស់ជាតិ​ឆ្ងាញ់​ពិសារ​មាន់​អាំង ដែល​លក់​ជាច្រើន​កន្លែង​នៅលើ​ដែនដី​វប្បធម៌​អច្ឆរិយ​របស់​កម្ពុ​ជាមួយ​នេះឡើយ​។​


​ ​មាន​អាំង​នៅ​ខេត្តសៀមរាប​មាន​លក់​ច្រើន​កន្លែង​ក្នុងនេះ​ដូចជា​តាមផ្លូវ ប្រាសាទបាគង ប្រាសាទបន្ទាយស្រី ក្រុង​សៀមរាប លើ​ខ្នងភ្នំ​គូលែន​ជាដើម​។​
​ ​នៅ​ផ្លូវ​ទៅកាន់​ប្រាសាទបាគង​ដែល​នៅក្បែរ​ប្រាសាទ​នេះ​គេ​ឃើញ​តូប​លក់​មាន​អាំង និង​កង្កែបបោក​អាំង ពង​ទា​ស្ងោរ និង​ត្រី​ស្រែ​អាំង បាន​ដាក់លក់​ដង្ហែរ​តាម​ចិញ្ចើមផ្លូវ​។​បើ​និយាយ​ពី​មាន់​អាំង​គេ​ឃើញ​សឹងតែ​ស្ទើរ​គ្រប់​តូប​បាន​តាំង​បង្ហាញ​នៅខាងមុខ​មើលទៅ លឿង ក្រហម ស្រាល គួរឱ្យ​ឈ្ងុយឆ្ងាញ់ និង​ចង់​ភ្លក្ស​រស់ជាតិ​របស់​វា​។​មាន់​អាំង​នៅ​កន្លែង​នេះ​ក៏មាន​ឈ្មោះ​បោះ​សម្លេង​ថា​មាន​រស់ជាតិ​ឆ្ងាញ់​ជាប់មាត់ និង​មាន​អ្នកទេសចរ​តែង​ចូល​ទិញ​បរិភោគ​ឥត​ដាច់​។​


កំពុង​អាំង​មាន់​ផ្សែង​ហ៊ុយ​ទ្រលោម​ចេញពី​ចង្អើរ​អាំង ជាមួយ​ដៃ​កាន់​លាប​ទឹកជ្រលក់​ទៅលើ​ខ្លួន​មាន់ ផង​អ្នកស្រី ចាន់​ឃី​ជា​អ្នកលក់​មាន់​អាំង​នៅ​ផ្លូវ​ប្រាសាទបាគង​បានឱ្យដឹងថា​មាន់​អាំង​របស់​អ្នកស្រី​ក្នុង​ថ្ងៃ​ធម្មតា​គាត់​អាច​លក់ដាច់​ពី​២០-៣០​ក្បាល និង បើជា​ថ្ងៃ​បុណ្យទាន ឬ​ថ្ងៃ​សៅរ​- អាទិត្យ​អ្នកស្រី​អាច​លក់ដាច់​ចាប់ពី​៣០-៤០​ក្បាល​។​
ស្ត្រី​វ័យ​៣២​ឆ្នាំ​រូបនេះ​បានឱ្យដឹង​បន្ថែមថា សម្រាប់​តម្លៃ​មាន់​លក់​នៅទីនេះ​មាន​ចាប់​ពីមួយ​ក្បាល​២៥០០០ ខ្លះ​៣០០០០​និង​មាន់​ខ្លះទៀត​ដែល​ធំ​គឺ​តម្លៃ ៣៥០០០​រៀល​។​មាន់​ទាំងអស់​សុទ្ធសឹង​ជាមាន់​ស្រែ​ដែល​គេ​ចិញ្ចឹម​តាម​ភូមិ​ពុំមែន​មាន់​ចិញ្ចឹម​ឱ្យចំ​ណី​ឡើយ​។​មាន់​បែបនេះ​ទើប​មាន​រស់ជាតិ​ឆ្ងាញ់ នៅពេល​អាំង​អតិថិជន​តែង​ចូលចិត្ត​បរិភោគ​។​


ដោយឡែក​បុរស​ម្នាក់ទៀត ឈ្មោះ លី សោភា ដែលជា​អ្នកលក់​មាន់​អាំង​មួយកន្លែង​នៅតាម​ផ្លូវ​ប្រាសាទបាគង​នេះដែរ បាន​ប្រាប់ថា ភ្ញៀវ​តែង​ចូលមក​បរិភោគ​មាន់​អាំង​នៅទីនេះ ហើយ​គាត់​អាច​រកប្រាក់​កម្រៃ​ពី​ការលក់​មាន់​អាំង​គ្រាន់​ដោះស្រាយ​ជីវភាព​ធូរ​មួយកម្រិត​ធំ​ដែរ​។​ក្នុង​មួយថ្ងៃ​គាត់​អាច​លក់បាន​ចាប់ពី​១៥​ក្បាល​ដល់​២០​ក្បាល​។​សម្រាប់​ថ្ងៃ​បុណ្យទាន​អាច​លក់​ចាប់ពី​៤០​ដល់​១០០​ក្បាល​ទៀតផង​។​
បុរស​រូបនេះ​បានឱ្យដឹង​ដែរ​ថា ការលក់​មាន់​ក្រៅពី​សាច់​ឆ្ងាញ់ ហើយ​ត្រូវ​ផ្គួប​ផ្សំ​ជាមួយ​ទឹកជ្រលក់​ឆ្ងាញ់​ថែមទៀត​។​សម្រាប់​ទឹកជ្រលក់​របស់លោក​មាន​ច្រើន​មុខ​ដូចជា អំពិល​បុក ប្រហុក​បុក ទឹកត្រី​ក្រូចឆ្មារ ញាំ​អង្ក្រង ទឹកត្រី​កោះកុង​ជាដើម​។​
​ ​លោក លី សោភា​បាន​ឱ្យដឹងពី​ការលក់​មាន់​អាំង​របស់គាត់​គឺ​ពឹង​ផ្អែកលើ​ភ្ញៀវទេសចរ ហើយ​របរ​មួយ​នេះ​មិន​ត្រឹម​ជួយ​ដល់​ជីវភាព​ពួកគាត់​ទេ​តែ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​មាន់​ស្រែ​តាម​ភូមិ​ឃុំ​និង​សហគមន៍​ក៏​ទទួលបាន​ផល​កម្រៃ​តាមរយៈ​ការលក់​មាន់​មកកាន់​មាន់​អាំង​របស់​ពួកគាត់​នេះ​ផងដែរ​។​


គួរ​បញ្ជាក់ថា គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា បាន​គាំទ្រ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​ពីរ​គឺ​សហគមន៍​ព្រៃធំ​ពពេល និង​សហគមន៍​ព្រៃធំ​អន្លង់​ធំ​នៅលើ​ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ភ្នំ​គូលែន​ដោយ​គម្រោង​បាន​យកចិត្តទុកដាក់​ពង្រឹង​លើ​ផ្នែក​ទេសចរណ៍ធម្មជាតិ មាន​ទាំង​កិច្ចការងារ​បដិសណ្ឋារកិច្ច ការនាំ​ភ្ញៀវ​និង​ការអភិរក្ស​ជាដើម​។​លើសពីនេះ​គម្រោង​ក៏​ជួយ​ឲ្យ​មាន​កំណើន​ជីវភាព​ប្រជា​សហគមន៍​តាមរយ​:​បង្កើនរ​ចិ​ញ្វឹ​ម​សត្វ​ជ្រូក​កណ្តុរ ការចិញ្ចឹម មាន់​និង​ឃ្មុំ​ព្រៃ​ផងដែរ​៕​ដោយ​៖​ម៉ា​ដេប៉ូ​

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner