ប្រេសិតពិសេសរបស់អគ្គលេខាធិការ អ.ស.ប សម្តែងនូវបំណងសហការជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមានដំណោះស្រាយតាមសន្តិវិធីចំពោះវិបត្តិនាពេលបច្ចុប្បន្ននៅមីយ៉ាន់ម៉ា
ភ្នំពេញ ៖ លោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានអបអរសាទរកម្ពុជាដែលបានទទួលតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ និងជាប្រេសិតពិសេសលើកិច្ចការមីយ៉ាន់ម៉ា។លោកស្រីបណ្ឌិត Noeleen Heyzer បានសម្តែងនូវបំណងសហការជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមានដំណោះស្រាយតាមសន្តិវិធីចំពោះវិបត្តិនាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ការសម្តែងនូវបំណងសហការជិតស្និទ្ធជាមួយកម្ពុជានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមប្រព័ន្ធវីដេអូ កាលពីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានសម្តែងការអបអរសាទរ និងបញ្ជាក់ពីការត្រៀមខ្លួនសហការជាមួយលោកស្រីបណ្ឌិត Noeleen Heyzer ក្នុងការអនុវត្តតួនាទីរបស់លោកស្រី។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានលើកអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រកាន់យកវិធីសាស្រ្តស្របតាមការណ៍ជាក់ស្តែង និងជាជំហានៗ សំដៅសម្រេចបាននូវវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីការត្រៀមរាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីវឌ្ឍនភាពការងារក្នុងនាមជាប្រេសិតពិសេស ដូចបានធ្វើកន្លងមកហើយដោយ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានមុន។
ឯកឧត្តម ប្រាក់ សុខុន និងលោកស្រីបណ្ឌិត Noeleen Heyzer បានឯកភាពគ្នាថា ដំណើរការនយោបាយណាមួយក៏ដោយ ដើម្បីឆ្ពោះទៅបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ាខ្លួនឯង ទើបអាចសម្រេចបានជោគជ័យ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់បន្ទាន់នៃកិច្ចសហប្រតិបតិ្តការ ដើម្បីធានាការបញ្ជូនឱ្យបានឆាប់រហ័ស និងដោយសុវត្ថិភាពនូវជំនួយមនុស្សធម៌សម្រាប់ប្រជាជនដែលកំពុងខ្វះខាតបំផុត រួមទាំងការចាក់វ៉ាក់សាំងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩៕
ដោយៈពលជ័យ