លោក ពូទីន៖ រុស្ស៊ីនឹងចាប់ផ្តើមការផ្គត់ផ្គង់ឧស្ម័ន តាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream 2 ភ្លាមៗ នៅពេលដែលអឺរ៉ុបសម្រេចចិត្តរួចរាល់

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថ្លែងថា ប្រទេសរបស់លោកនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការផ្គត់ផ្គង់ឧស្ម័នភ្លាមៗទៅកាន់អឺរ៉ុប ប្រសិនបើបណ្តាប្រទេសអឺរ៉ុបសម្រេចចិត្តបើកដំណើរការបំពង់បង្ហូរឧស្ម័ន Nord Stream 2។

លោក ពូទីន បាននិយាយដូច្នេះថា ឥឡូវនេះ ជាការពិតណាស់ អ្វីគ្រប់យ៉ាងអាស្រ័យលើដៃគូរបស់យើង… អ្នកប្រើប្រាស់នៅអឺរ៉ុប… នៅសាធារណរដ្ឋសហព័ន្ធ [នៃប្រទេសអាល្លឺម៉ង់]។ លោកបន្តថា នៅពេលដែលពួកគេសម្រេចចិត្តចាប់ផ្តើមការងារភ្លាមៗ បរិមាណដ៏ធំ បរិមាណបន្ថែមនៃឧស្ម័នរុស្ស៊ី នឹងចាប់ផ្តើមហូរទៅកាន់អឺរ៉ុបភ្លាមៗ។ ខ្ញុំសូមរំលឹកអ្នកថា បរិមាណគឺរហូតដល់ ៥៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ។ លោក ពូទីន បន្ថែមថា ការបើកដំណើរការបំពង់បង្ហូរឧស្ម័ន Nord Stream 2 នឹងនាំឱ្យតម្លៃឧស្ម័នធ្លាក់ចុះ មិនត្រឹមតែសម្រាប់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ៊ុយក្រែនផងដែរ។ ទន្ទឹមនឹងនេះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Gazprom លោក Alexei Miller បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន​ថា ក្រុមហ៊ុន Gazprom បានបញ្ចប់ការបំពេញខ្សែទីពីរនៃបំពង់ Nord Stream 2 ជាមួយនឹងឧស្ម័នកាលពីថ្ងៃ ពុធ សប្តាហ៍នេះ។  

លោក Miller បាននិយាយដូច្នេះថា ថ្ងៃនេះ នៅម៉ោង ១២៖៥៨ (ម៉ោងនៅទីក្រុងម៉ូស្គូ) ក្រុមហ៊ុន Gazprom បានបញ្ចប់ការបំពេញខ្សែស្រឡាយទីពីរនៃបំពង់បង្ហូរឧស្ម័ន Nord Stream 2 ជាមួយនឹងឧស្ម័ន។ ខ្សែស្រឡាយទីមួយ និងទីពីរនៃបំពង់បង្ហូរឧស្ម័ន Nord Stream 2 ស្ថិតនៅក្រោមសម្ពាធប្រតិបត្តិការ ហើយថា វា​បាន​ត្រៀម​ខ្លួនរួច​ជា​ស្រេចហើយ សម្រាប់​ប្រតិបត្តិការ៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner