ប្រមុខការទូតអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោន​នឹង​ពិភាក្សា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ៊ុយក្រែន និងអង្គការ​ណាតូ ស្តីពី​ការ​ចូលរួមផ្នែក​ការទូត​ជាមួយ​រុស្ស៊ី

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន បាននិយាយ ក្រោយធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមី ហ្សេឡិនស្គី នៅថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងគៀវ និងសម្ព័ន្ធមិត្តណាតូលើទំនាក់ទំនងផ្នែកការទូតជាមួយរុស្ស៊ី។

លោក ប្លីងខិន បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើ ដោយបញ្ជាក់ឡើងវិញនូវការគាំទ្រពេញលេញរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន នៅក្នុងការជជែកទូរស័ព្ទរបស់គាត់ជាមួយប្រធានាធិបតីអ៊ុយក្រែន។ លោកបន្តថា យើងនឹងបន្តពិភាក្សាយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន ព្រមទាំងសម្ព័ន្ធមិត្តណាតូ និងដៃគូក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់យើង ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀត។ ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេត​ ប្រាយដ៍ បាននិយាយបន្ទាប់ពីការសន្ទនាទូរស័ព្ទរវាងលោក ប្លីងខិន និងលោក ហ្សេឡិនស្គី ថា អ្នកទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីនៅភាគខាងកើតអ៊ុយក្រែន និងទំនាក់ទំនងការទូតនាពេលខាងមុខជាមួយរុស្ស៊ី។ គួរបញ្ជាក់ថា ភាព​តានតឹង​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​បាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ ចំពេល​មាន​ការ​ចោទ​ប្រកាន់​ថា ​មាន​ការ​ដំឡើង​ទាហាន​រុស្ស៊ី​នៅ​ព្រំដែន​អ៊ុយក្រែន និង​ការ​អះអាង​ពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ឈ្លានពាន។

ទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់នេះ ដោយនិយាយថា រុស្ស៊ីមានសិទ្ធិផ្លាស់ប្តូរទីតាំងកងទ័ពនៅក្នុងទឹកដីរបស់ខ្លួនតាមការសម្រេចចិត្តរបស់ខ្លួន ខណៈដែលសកម្មភាពយោធារបស់ណាតូនៅជិតព្រំដែនរុស្ស៊ីបង្កការគំរាមកំហែងដល់សន្តិសុខប្រទេសរបស់ខ្លួន៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner