ករណីឆ្លងអូមីក្រុងប្រចាំថ្ងៃ កើនឡើងកាន់តែខ្លាំងឡើងៗនៅទូទាំងទ្វីបអឺរ៉ុប
ប្រទេសជាច្រើននៅអឺរ៉ុប បានរាយការណ៍ អំពីករណីឆ្លងអូមីក្រុង កាន់តែច្រើនឡើងៗពាសពេញប្លុក។ នេះបើតាមឱ្យដឹងពីសារព័ត៌មានញូយ៉កថាមស៍។
ខណៈសហរដ្ឋអាមេរិក កំពុងរកឃើញករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត កាលពីថ្ងៃ អង្គារ បណ្តាប្រទេសនៅអឺរ៉ុប កំពុងតស៊ូប្រឆាំងនឹងការវាយលុកនៃការឆ្លងពីមេរោគខ្ពស់បំផុត ដូចជា ចក្រភពអង់គ្លេស ដាណឺម៉ាក បារាំង ក្រិក អ៊ីតាលី និងអេស្ប៉ាញ សុទ្ធតែប្រទេស ដែលរកឃើញករណីឆ្លងថ្មីខ្ពស់បំផុតក្នុងសប្តាហ៍នេះ។
ប្រទេសបារាំង បានរាយការណ៍ អំពីករណីឆ្លងអូមីក្រុងក្នុងកម្រិតខ្ពស់បំផុតពោលគឺ១៧៩ ៨០៧ ករណី ក្នុងរយៈពេល ២៤ ម៉ោងកាលពីថ្ងៃ អង្គារ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។
ជាមួយគ្នានេះ ចក្រភពអង់គ្លេស ក៏បានរកឃើញករណីឆ្លងថ្មីចំនួន ១២៩ ៤៧១ ករណីក្នុងរយៈពេលមួយថ្ងៃ ដោយមិនរាប់បញ្ចូលប្រទេសអៀរឡង់ខាងជើង និងស្កុតឡេន ដែលចំនួននេះ ក៏ជាចំនួនខ្ពស់បំផុតសម្រាប់ករណីឆ្លងប្រចាំថ្ងៃ។
ស្រដៀងគ្នានេះដែរ ប្រទេសអេស្បាញ ក៏បានរកឃើញករណីថ្មីប្រហែល ១០ ម៉ឺនករណីក្នុងមួយថ្ងៃផងដែរ។ បើទោះបីជា ប្រទេសនេះ មិនបានឃើញរកឃើញករណីកើនឡើងយ៉ាងខ្លាំងនៃប្រជាជន ដែលត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់ក៏ដោយ ក៏លោក Mario Fontán មកពីសមាគមជំងឺរាតត្បាតអេស្ប៉ាញបាន បានព្រមានពីគ្រោះថ្នាក់នៃការកើនឡើងករណីដ៏ច្រើននេះផងដែរ។
ទន្ទឹមនឹងនេះ ប្រទេសព័រទុយហ្គាល់ ក៏បានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់ផងដែរកាលពីថ្ងៃអង្គារ បើទោះបីជា អត្រាចែកចាយវ៉ាក់សាំងក្នុងប្រទេសនេះ មានចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសនៅក្នុងពិភពលោក ដូចប្រទេសស៊ីប អ៊ីតាលី និងក្រិកក៏ដោយ។
សូម្បីតែនៅប្រទេសហូឡង់ ដែលបានបិទខ្ទប់អស់រយៈជិតពីរសប្តាហ៍មុនក៏ដោយ ក៏វ៉ារ៉្យង់អូមីក្រុងកំពុងរីករាលដាល ដែលបណ្តាលឱ្យមានការឆ្លងច្រើនជាង ៥០ ភាគរយនៅក្នុងសប្តាហ៍មុន គ្រប់ដណ្ដប់ការរីករាលដាលលើវ៉ារ្យ៉ង់ដែលតា។ នេះបើយោងតាមវិទ្យាស្ថានជាតិសម្រាប់សុខភាពសាធារណៈ និងបរិស្ថាន។
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយករបស់អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា៖ «វ៉ារ៉្យង់ដែលតា និងអូមីក្រុង ឥឡូវនេះគឺជាការគំរាមកំហែងភ្លោះ ដែលជំរុញឱ្យមានករណីឆ្លងកើនឡើងយ៉ាងសន្ធឹកសន្ធាប់ និងបណ្ដាលឱ្យមានការកើនឡើងនូវចំនួនសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ផងដែរ»។
បើទោះជា មានការបង្ហាញពីសញ្ញាណដំបូង ដែលថាវ៉ារ្យ៉ង់អូមីក្រុងនេះ អាចនឹងផ្ដល់ផលប៉ះពាល់ស្រាលជាងវ៉ារ្យ៉ង់មុនៗក្ដី ប៉ុន្តែការកើនឡើងករណីឆ្លង កំពុងបង្កភាពចលាចល នៅពេលដែលមនុស្សប្រជែងគ្នា ដើម្បីទទួលបានការធ្វើតេស្ត អាជីវកម្មជួបបញ្ហាកង្វះបុគ្គលិក និងវិបត្តិជាច្រើនទៀតទាក់ទិននឹងការរីករាលដាលនេះ។
អគ្គនាយកនៃអង្គការសុខភាពពិភពលោក WHO បានព្រមានកាលពីថ្ងៃពុធ ថា ចរាចរនៃវ៉ារ្យ៉ង់ដែលតា និងការរីករាលដាលយ៉ាងឆាប់រហ័សរបស់វ៉ារ្យ៉ង់អូមីក្រុង អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធថែទាំសុខភាព ទោះបីជាទិន្នន័យដំបូង បានបង្ហាញថាវ៉ាក់សាំងនៅតែបន្តផ្តល់ការការពារមួយចំនួនដល់មនុស្ស និងអាចជួយការពារអ្នកជំងឺពីករណីធ្ងន់ធ្ងរ និងការស្លាប់ពីវ៉ារ្យ៉ង់ទាំងពីរក៏ដោយ។
អ្នកស្រី Leyla Hannbeck នាយកប្រតិបត្តិនៃសមាគមឱសថស្ថានឯករាជ្យអង់គ្លេស បាននិយាយថា ការកើនឡើងនៃករណីឆ្លង និងវ៉ារ៉្យង់ថ្មីៗ អាចធ្វើឱ្យប៉ះពាល់ដល់គោលការណ៍ណែនាំរបស់រដ្ឋាភិបាលជុំវិញការធ្វើតេស្ត និងបណ្ដាលឱ្យមានការកើនឡើងនូវតម្រូវការសម្រាប់ការធ្វើតេស្តច្រើនសន្ធឹកសន្ធាប់។
អ្នកស្រី បានបន្តថា៖ «យើងមានមនុស្សចូលមករៀងរាល់ពីរទៅប្រាំនាទីម្ដង ដើម្បីសុំការធ្វើតេស្តរហ័ស។ ហើយយើងមិនដឹងថា ឧបករណ៍នេះនឹងចូលស្តុកវិញនៅពេលណាទេ ហើយវាគឺជាអ្វី ដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់យើងទាំងស្រុង»។
ដោយសារ ទិន្នន័យស្តីពីការចូលសម្រាកនៅមន្ទីរពេទ្យយឺតយ៉ាវ អ្នកវិទ្យាសាស្ត្របានព្រមានថា វាហាក់ដូចជាលឿនពេកឆាប់ពេកក្នុងការវាស់ស្ទង់ឥទ្ធិពលរបស់រលកអូមីក្រុងលើប្រព័ន្ធថែទាំសុខាភិបាល។
នៅពេលនេះ គ្មានប្រទេសណាមួយនៅក្នុងទ្វីបអឺរ៉ុប បានរាយការណ៍ពីករណីកើនឡើងយ៉ាងគំហុករហូតដល់មានជាការចោទជាបញ្ហាដល់មន្ទីរពេទ្យនោះទេ ទោះបីជាការកើនឡើងនេះមានរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ក៏ដោយ។
ប្រភព៖ Aljazeera