ចិនប្រកាន់គោលការណ៍ «ផ្ទះសម្រាប់មនុស្សនៅមិនសម្រាប់ឡើងថ្លៃ» គោលដៅសេដ្ឋកិច្ចឆ្នាំ២០២២
ចិនប្រកាន់ខ្ជាប់នូវគោលការណ៍មួយហៅថា «ផ្ទះសម្រាប់មនុស្សនៅ មិនមែនសម្រាប់ការដំឡើងថ្លៃ» សម្រាប់ជាគន្លងគោលដៅសេដ្ឋកិច្ចឆ្នាំ២០២២ខាងមុខនេះ។ ការសម្រេចចិត្តបែបនេះធ្វើឡើង ក្រោយពីមានកិច្ចប្រជុំគោលនយោបាយដ៏សំខាន់មួយ ដែលប្រព្រឹត្តិទៅនៅខែធ្នូនេះ ដោយមានការចូលរួមដោយលោក ស៊ី ជីនភីង ប្រធានាធិបតីចិន។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋស៊ីនហួ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិម បានប្រព្រឹត្តិទៅកាលពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែធ្នូ ដោយ «ផ្ដល់អាទិភាពលើស្ថិរភាព [ម៉ាក្រូសេដ្ឋកិច្ច] ស្របពេលដែលឆ្ពោះទៅភាពរីកចម្រើន»។
ជាមួយគ្នានោះដែរ ក្នុងចំណោមគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចនានា ដែលសន្និសីទនេះបានអនុម័ត សន្និសីទនេះក៏បានអនុម័តក្នុងការអនុវត្តគោលនយោបាយផ្ទះមានតម្លៃសមរម្យសម្រាប់ឆ្នាំ២០២២ផងដែរ ដោយផ្អែកលើគោលការណ៍ «ផ្ទះសម្រាប់មនុស្សនៅ មិនមែនសម្រាប់ការដំឡើងថ្លៃទេ»។
ជាមួយគ្នានេះដែរ ចិននឹងបន្តសាងសង់ផ្ទះដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនដែលមានចំណូលទាប និងមធ្យម ដើម្បីធ្វើឱ្យមានការអភិវឌ្ឍន៍ត្រឹមត្រូវនៅក្នុងវិស័យអចលនទ្រព្យ។
ស្របពេលដែលចិនអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី តម្លៃផ្ទះសម្បែង ជាពិសេសផ្ទះជួលមានការកើនថ្លៃយ៉ាងលឿននៅមួយរយៈចុងក្រោយនេះ ដោយមិនមានការគ្រប់គ្រង និងច្បាស់លាស់ពីសំណាក់និយ័តករណាមួយ។ ទីផ្សារអចលនទ្រព្យនេះដែរកន្លងមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមម្ចាស់ដី និងក្រុមអ្នកវិនិយោគជាស្ថាប័ននៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។
សារព័ត៌មានខាងលើបានបន្ថែមថា នៅក្នុងប្រទេសចិនទីផ្សារសម្រាប់ផ្ទះជួលមានភាពរីកស្គុះស្គាយយ៉ាងខ្លាំងនៅមួយរយៈ ចុងក្រោយនេះ ដោយមានមនុស្សចំនួន ២០០លាននាក់កំពុងតែរស់នៅផ្ទះជួលនៅពេលនេះ ហើយចំនួននេះនឹងកើនឡើងដល់ទៅ ២៧០លាននាក់នៅឆ្នាំ២០៣០។
អ្នកជំនាញផ្នែកអចលនទ្រព្យចិនបានប្រាប់សារពត៌មាន CGTN ថា នៅពេលនេះដែរ ការផ្គត់ផ្គង់សម្រាប់ផ្ទះជួលមានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះនៃតម្រូវការនៃអត្រាប្រជាពលរដ្ឋចិនទាំងមូល។
យ៉ាងណាមិញ ការដាក់ចេញគោលនយោបាយបែបនេះអាចនឹងប៉ះពាល់ដល់ក្រុមហ៊ុនអចលនទ្រព្យធំៗនៅក្នុងប្រទេសចិន។ នេះបើតាមការវិភាគរបស់លោក Katsuji Nakazawa ដែលជាការីនិពន្ធសារព័ត៌មាននីកេ និងធ្លាប់យកព័ត៌មាននៅក្នុងប្រទេសចិន។
លោក Nakazawa ក៏បានធ្វើការវិភាគថា នៅក្នុងជួរគណបក្សកុម្មុយនិស្តចិននៅពេលនេះក៏នៅតែមានការប្រកួតប្រជែងនូវក្រុមនយោបាយ-សេដ្ឋកិច្ចចំនួន ២។
ក្រុមទី១ គឺក្រុមដែលមាននិន្នាការម៉ៅ សេទុង ដែលប្រកាន់ខ្ជាប់នូវសេដ្ឋកិច្ចលក្ខណៈសង្គមនិយម ពោលគឺបែងចែកផលប្រយោជន៍ឱ្យមានភាពស្មើៗគ្នា។
ក្រុមម្ខាងទៀតគឺ ក្រុមដែលមាននិន្នាការតេង ស៊ាវភីង ដែលប្រកាន់គោលនយោបាយសេដ្ឋកិច្ចទីផ្សារសេរីគឺបានសេចក្ដីថា មុននឹងចែកប្រយោជន៍គ្នាបាន ត្រូវតែពង្រីកផលប្រយោជន៍ឱ្យមានច្រើនជាមុនសិន។
ចំណែកឯ លោក ស៊ី ជីនភីង នៅក្នុងពេលនេះកំពុងតែព្យាយាមនាំមកនូវ «វិបុលភាពរួម» សម្រាប់ដឹកនាំប្រជាពលរដ្ឋចិន។ គោលនយោបាយលំនៅឋាននេះឯង ជាផ្នែកមួយនៃការអនុវត្តនូវទស្សនវិស័យមួយនេះ ស្របពេលដែលសេដ្ឋកិច្ចចិនកំពុងតែកើនឡើងយឺតយ៉ាវ ហើយវិសមភាពក៏កាន់តែកើនឡើងផងដែរ។ នេះបើតាមការលើកឡើងរបស់លោក Nakazawa៕
ប្រភព៖ Nikkie Asia