លោក ពូទីន៖ រុស្សី-បេឡារូសនឹងចូលរួមធ្វើសមយុទ្ធយោធាមួយនាដើមឆ្នាំ២០២២
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី និងបេឡារូស នឹងចូលរួមធ្វើសមយុទ្ធយោធារួមមួយ ដែលគ្រោងធ្វើឡើងនៅអំឡុងខែកុម្ភៈ និងខែមិនា ឆ្នាំ២០២២ខាងមុខនេះ។
ប្រធានាធិបតីរុស្សីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងបែបនេះនៅក្នុងជំនួបពិភាក្សាជាមួយនឹងសមភាគីបេឡារូសលោក អាឡិចសាន់ឌើ លូកាសិនកូ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញទូរទស្សន៍រដ្ឋនៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ សមយុទ្ធដែលបានគ្រោងទុកនៅលើទឹកដីបេឡារូសខាងលើនេះ បានកើតមានឡើងចំពេលមានភាពតានតឹងនៅភាគខាងកើត និងខាងលិចដែលមិនធ្លាប់មានពីមុនមក ដោយរុស្ស៊ីទាមទារឱ្យអង្គការណាតូសន្យាមិនទទួលយកអ៊ុយក្រែនដែលមានព្រំប្រទល់ជាប់ទាំងរុស្ស៊ី និងបេឡារូស។
ការប្រកាសពីគំរោងធ្វើសមយុទ្ធនេះទៀតសោត ធ្វើឡើងបន្ទាប់ពីយោធារបស់ប្រទេសរុស្សីបានបន្តកើនឡើងនៅតាមតំបន់ព្រំដែនជាមួយអ៊ុយក្រែន និងកំពុងបង្កការព្រួយបារម្ភពីសំណាក់បណ្តាប្រទេសលោកខាងលិចផងដែរ។ ទោះបីជាយ៉ាងណាក្តី រុស្សីតែងតែបានធ្វើការបដិសេធ ចំពោះការចោទប្រកាន់ទាំងនោះថា មិនដែលមានបំណងចង់វាយប្រហារទៅលើអ៊ុយក្រែនឡើយ និងទាមទារឲ្យណាតូមិនត្រូវទទួលស្គាល់អ៊ុយក្រែនជាសមាជិក ព្រមទាំងដកទ័ពរបស់ខ្លួនចេញផងដែរ៕ ប្រភព៖ Nasdaq