រដ្ឋ ខូឡូរ៉ាដូ របស់សហរដ្ឋអាមេរិកប្រកាសអាសន្ន ដោយសារតែឥទ្ធិពលភ្លើងឆេះព្រៃដ៏កំណាច
ខូឡូរ៉ាដូ៖ លោក Jared Polis អភិបាលរដ្ឋ Colorado របស់សហរដ្ឋអាមេរិកបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារភ្លើងឆេះស្មៅយ៉ាងលឿន ដែលបង្កឡើងដោយខ្យល់បក់ខ្លាំងនៅក្នុងស្រុកមួយ ខណៈដែលអ្នកស្រុករាប់ពាន់នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញទៅកាន់ទីសុវត្ថិភាព។
សេចក្តីប្រកាសអនុញ្ញាតឱ្យរដ្ឋទទួលបានមូលនិធិសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបគ្រាអាសន្ននៅក្នុងតំបន់ Boulder និងផ្តល់ធនធានរបស់រដ្ឋ រួមទាំងការប្រើប្រាស់កងឆ្មាំជាតិរដ្ឋខូឡូរ៉ាដូ ផ្នែកបង្ការ និងគ្រប់គ្រងអគ្គីភ័យនៃរដ្ឋនេះ និងការធ្វើឱ្យសកម្មនៃមជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នរដ្ឋ។ នេះបើតាមលោកអភិបាលរដ្ឋបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
ក្រុមមន្ត្រីបាននិយាយថា ផ្ទះរាប់រយខ្នងត្រូវបានគេភ័យខ្លាចថា នឹងបាត់បង់នៅក្នុងភ្លើងឆេះព្រៃដែលកើតឡើងយ៉ាងលឿននៅក្នុងរដ្ឋសហរដ្ឋអាមេរិក ខណៈដែលអណ្តាតភ្លើងបានឆាបឆេះតំបន់ ដែលបំផ្លាញដោយគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ។ យ៉ាងហោចណាស់មានផ្ទៃដី 1,600 ហិកតាបានឆេះនៅក្នុងតំបន់ Boulder ដែលជាតំបន់ជាយក្រុង ដោយមានការព្រមានថា មនុស្សស្លាប់ និងរបួសទំនងជាកើតមាន ដោយសារភ្លើងឆេះបានលេបត្របាក់សណ្ឋាគារ និងមជ្ឈមណ្ឌលផ្សារទំនើបនៅក្នុងទីប្រជុំជន Superior៕ ប្រភព៖ CGTN