អាជ្ញាធររាជធានីប្រកាសបញ្ឈប់ជាបន្ទាន់នូវការធ្វើសកម្មភាពបាតុកម្មដោយខុសច្បាប់ របស់សហជីពទង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោកស្រី ឈឹម ស៊ីថរ, លោកស្រី លឹម សុខន, លោកសី ហ សុភាព, លោកស្រី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ, លោក ប៉េង សោភា និងលោក សុខ គង្គា ដែលជាតំណាងសហជីព ទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត ឱ្យបានជ្រាបថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនាពេល កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំ និងសំណូមពរលោក-លោកស្រីជាច្រើនលើកច្រើនសារ ឱ្យបញ្ឈប់សកម្មភាព សម្តែងមតិដោយខុសច្បាប់ នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ ដូចមានខ្លឹមសារក្នុងលិខិតលេខ ១៤០១/២១ ឆត ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែលោក-លោកស្រីនៅតែបន្តដឹកនាំធ្វើបាតុកម្មដោយខុសច្បាប់ អស់រយៈពេល ១៣ ថ្ងៃ ជាបន្តបន្ទាប់ ដោយមិនបំពេញនីតីវិធីដែលបានចែងក្នុងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។

បន្ថែមលើនេះ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវ ដើម្បីក្រើនរំលឹកជូនលោក-លោកស្រី និងក្រុមបាតុករ ឱ្យបញ្ឈប់នូវសកម្មភាពតក៏ដោយខុសច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែ ជាក់ស្តែង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ លោក-លោកស្រី និងក្រុមបាតុករ នៅតែបន្តរឹងរូសមិនគោរពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបន្តសកម្មភាពបំពានម្តងហើយម្តងទៀត ផ្ទុយទៅនឹងច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ដដែល។

ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងជាថ្មីម្ដងទៀតដល់លោក-លោកស្រី និងក្រុមបាតុករ ត្រូវបន្តការ ចរចាតាមនីតិវិធីដូចមានចែងក្នុងច្បាប់ស្តីពីការងារ តាមរយៈយន្តការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្ទៀងផ្ទាត់ ការទូទាត់សំណង ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ និងស្នើឱ្យលោក-លោកស្រី ត្រូវបញ្ឈប់នូវសកម្មភាពតវាដោយខុសច្បាប់ ជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ។ ក្នុងករណីលោក-លោកសី នៅតែបន្តសកម្មភាពបាតុកម្មដោយខុសច្បាប់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់ថា លោក-លោកស្រី នឹងអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹង នេះចាប់ពីពេលនេះតទៅ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner