នៅរាត្រីឆ្លងឆ្នាំសកល ២០២១ ក្នុងទីប្រជុំជនក្រុងបាត់ដំបង មានមនុស្សរាប់ម៉ឺននាក់បានមកកម្សាន្តនៅតាមសួនច្បារប្របដងស្ទឹងសង្កែ ទាំងត្រើយខាងកើត និងត្រើយខាងលិច កកកុញ បង្កការកកស្ទះការធ្វើចរាចរនៅតាមដងផ្លូវ (វីដេអូ)

ទិដ្ឋភាពរួមនៅក្នុងរាត្រីនៃថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល២០២១ ឈានចូល២០២២នេះ នៅក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង មិនមានរៀបចំនូវពិធីកំសាន្តផ្លូវការណាមួយពីអាជ្ញាធរឡើយ។ តែនៅតាមសួនច្បារប្របដងស្ទឹងសង្កែទាំងត្រើយខាងកើត និងត្រើយខាងលិចយ៉ាងហោចណាស់ក៏មានមនុស្សរាប់ម៉ឺននាក់ បានដើរលេងយ៉ាងកកកុញ នៅតាមសួនច្បារ និងបង្កឲ្យមានការកកស្ទះការធ្វើចរាចរនៅតាមដងផ្លូវក្បែរនោះថែមទៀត។ហើយការកកស្ទះទាំងនោះ គឺដោយសារតែកត្តាខ្វះការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវទាំងការធ្វើចរាចរ និងការរៀបចំអ្នកលក់ដូរតាមដងផ្លូវតាមកន្លែងអង្គុយកម្សាន្តលេងទាំងនោះ។

បងប្អូនដែលមកកម្សាន្ត និង អង្គុយលេងនៅលើស្មៅតាមទីធ្លាសួនច្បារសម្តេចក្រឡាហោម ស ខេង នាំគ្នាដុតគោមបង្ហោះ។រីឯនៅសួនច្បារនាគសន្តិភាព និងតាមវិថីអាហារ ក្នុងទីប្រជុំជនក្រុង បងប្អូនភាគច្រើននាំគ្នាហូបចំណីអាហារតាមមាត់ស្ទឹងនិងអង្គុយលេង ហូបចំណីអាហារវេចខ្ចប់។

លោក ហម អរុណ ប្រធានការិយាល័យផែនការ វិនិយោគ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានគូសបញ្ជាក់ពីសកម្មភាពស្ថានភាពទូទៅ និងចំនួនភៀវទេសចរ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១និងឈានចូល២០២២ នារាត្រីឆ្លងឆ្នាំ ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១នេះ គឺមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្ត (ភាគច្រើនជាយុវវ័យ) បានមកកម្សាន្តលេងក្នុងក្រុងបាត់ដំបង ដោយបានជូបជុំនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន រីសត តាមមណ្ឌលកម្សាន្ត តាមសួនច្បារសាធារណៈនានានៅក្នុងទីប្រជុំជនក្រុងបាត់ដំបង សរុបប្រមាណ ១២.៥០០ នាក់។ ហើយនៅតាម ភោជនីយដ្ឋាន អាហារដ្ឋាន មណ្ឌលកម្សាន្ត បានទទួលភ្ញៀវពេញគ្រប់កន្លែង។

លោក ហម អរុណ ប្រធានការិយាល័យផែនការ វិនិយោគ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានបញ្ហាក់ពីការកង្វល់និងការប្រឈម ដោយសារបងប្អូនចូលរួមដើរលេងកម្សាន្ត មានការខ្វះចន្លោះពីការពារការរីករាលដាលនៃជំងឺកូវីដ-19 ដោយមិនបានពាក់ម៉ាស់ និងមិនយកចិត្តទុកដាក់ពីការរក្សា នូវគម្លាតសុវត្ថិភាព។ សមត្ថភាពផ្ទុកអតិបរមា របស់ មូលដ្ឋានអាជីវកម្មមួយចំនួនត្រូវបានកាត់បន្ថយ។ដែលកត្តាទាំងនេះ បានធ្វើឱ្យការប្រមូលផ្គុំមនុស្សនៅទីប្រជុជន ទីសាធារណៈ មានការកកកុញច្រើន។ ហើយការអនុវត្តនូវវិធានសុវត្ថិភាពគឺមិនអាចអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមសួនច្បារសាធារណៈទាំងនោះបានឡើយ។

លោក ប្រធានការិយាល័យផែនការ វិនិយោគ និង អភិវឌ្ឍន៍ផលិតផលទេសចរណ៍ ខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងទៀតថា៖ចំនួនភៀវទេសចរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ដែលនិងឈានចូល នារាត្រីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ និងដោយឡែក ចំពោះភ្ញៀវទេសចរដែលមក
កម្សាន្តក្នុងខេត្តបាត់ដំបង នៅតាមតំបន់គោលដៅទេសចរ គឺមានភ្ញៀវសរុបប្រមាណ១៧.៩៩៩នាក់ ក្នុងនោះ៖ចំនួនភ្ញៀវទេសចរជាតិ ១៧.៩៤៤នាក់និងភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) សរុប ៥៥នាក់ ផងដែរ។

សូមបញ្ជាក់ផងដែរថា៖ តំបន់គោលដៅ និងទីតាំងរមណីយដ្ឋានធម្មជាតិ និង អេកូទេសចរណ៍ របស់ ខេត្តបាត់ដំបង ដែលជាគោលដៅក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ទាំងនៅក្នុងខេត្តនិងក្រៅខេត្តគឺ៖មានចំនួន២៣កន្លែង។ហើយនៅតាមតំបន់គោលដៅទេសចរណ៍ និងតាមបណ្តារមណីយដ្ឋានទេសចរណ៍ធំ-តូចមួយចំនួនក្នុងខេត្ត ត្រូវបានភ្ញៀវទេសចរក្នុងស្រុក នាំគ្នាកក់តង់ ដើម្បីសម្រាកកម្សាន្ត ក្នុងពេលរាត្រីនៃថ្ងៃឆ្លងឆ្នាំជាច្រើន ចាប់តាំងពី២សប្តាហ៍មុនមកម៉្លេះ?។ ក្នុងនោះរមណីយដ្ឋាន ចំនួន០៦កន្លែងត្រូវបានភ្ញៀវកក់កន្លែងដើម្បីសម្រាកបោះតង់ ដើម្បីឆ្លងឆ្នាំថ្មី ឆ្នាំសកល ក្នុងនោះ រួមមានរមណីយដ្ឋានចំការស្វាយ, រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន, រមណីយដ្ឋានចំការធុរេនអូរតង, រមណីយដ្ឋានខេមសាយ, សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និង សហគមន៍អេកូទេសចរណ៍ ព្រែកទាល់។

លោក អ៊ុច អ៊ុភីនីស្សារ៉ា បានបញ្ជាក់ទៀតថា៖ បើទោះបីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសបិទបញ្ចប់ក៏ដោយ តែស្ថានភាពពីការឆ្លងនិងចម្លងមេរោគកូវីដ-19 នៅតែជាបញ្ហាប្រឈមនិងពីក្តីកង្វល់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣.ការពារ ៣.កុំឲ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវធ្វេសប្រហែស ក្នុងខណៈពេលដែលកូវីដ-19បំប្លែងថ្មី(OMICRON) កំពុងតែឆ្លងរីករាលដាល នៅតាមបណ្តាប្រទេសមួយចំនួនលើសកលលោក។ ហើយក្នុងនោះ កម្ពុជាយើងក៏មានអ្នកជំងឺនេះ(ជាប្រភេទនាំចូល) មួយចំនួនផងដែរ។

លោកប្រធានមន្ទីរទេសចរណ៍ ក៏បានស្នើដោយទទួចនិងសំណូមពរ ដល់គ្រប់អ្នកទេសចរណ៍ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារ ៣.កុំ ៣.ការពារឲ្យបានខ្ជាប់ខ្ជួននិងមិនត្រូវធ្វេសប្រហែស ដោយប្រការណាមួយឡើយ។ និងដើម្បីជាវិធានសុវត្ថិភាព ដល់ខ្លួនយើងម្នាក់ៗ ក្រុមគ្រួសារ និងភាពសុខសាន្តក្នុងសហគមន៍ទាំងមូលផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner