ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីការចាប់ខ្លួនបុគ្គលចំនួន០៩រូប ពីបទបានរៀបចំបាតុកម្មដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើល

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៩.០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលបានធ្វើការចាប់ឃាត់ខ្លួនបុគ្គលចំនួន០៩រូប ពីបទបានរៀបចំបាតុកម្មដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មុននឹងអនុវត្តវិធានការច្បាប់ចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្មទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវច្រើនលើកច្រើនសាឱ្យពួកគេបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់ សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប៉ុន្តែពួកមេដឹកនាំបាតុកម្មមិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរ ហើយបន្តអូសបន្លាយបាតុកម្មអស់រយៈពេល១៣ថ្ងៃមកហើយ។ ការចាប់ឃាត់ខ្លួនបុគ្គលចំនួន០៩រូបនេះ គឺអនុលោមទៅតាមមាត្រា ១៩៤ និងមាត្រា ១៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងអនុវត្ត នីតិវិធីទៅតាមវិធានការច្បាប់។

គួរបញ្ជាក់ឱ្យដឹងថា បុគ្គលដឹកនាំបាតុកម្មខុសច្បាប់មុខក្រុមហ៊ុនណាហ្គាវើល ដែលត្រូវបានចាប់ខ្លួនរួមមាន៖

 ១. ឈឹម សុខន

 ២. ឃ្លាំង សុបិន្ត

 ៣. សុន ស្រីពេជ្រ

 ៤. ហៃ សុភាព

 ៥. រី សុវណ្ណឌី

 ៦. រិន ផល្លា

 ៧. អេង ស្រីបូ

 ៨. ស៊ុន ស្រីមុំ

 ៩. ទូច ស្រីមាស

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner