អភិបាលខេត្តបាត់ដំបង ជម្រុញឲ្យមន្ត្រីជាតួអង្គសំខាន់នៅក្នុងមូលដ្ឋាននីមួយៗ ត្រូវខិតខំបម្រើប្រជាពលរដ្ឋរបស់ខ្លួន ទាំងការផ្តល់នូវសេវាសង្គម សេវាតម្រូវការ និងសេវាសំណូមពរឲ្យបានកាន់តែល្អប្រសើរថែមទៀត

       នៅថ្ងៃទី០៣ខែមករាឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្តកម្មវិធីនូវក្នុងការចុះជួបសំណេះសំណាលជាមួយ និងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាស្រុក មន្រ្ដីរាជការស៊ីវិល លោកមេឃុំ-ក្រុមប្រឹក្សាឃុំ ស្មៀន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្រោយពីការខកខានមួយរយៈកន្លងមកនេះ។

       ថ្លែងទៅកាន់ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងនិង អាជ្ញាធរមូលដ្ឋានក្នុងស្រុករតនមណ្ឌល ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរស្រុក និងមន្រ្ដីរាជការនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តនិងត្រូវខិតខំពង្រឹងវិន័យការងារ និងពីឥរិយាបទរបៀបរបបធ្វើការងាររបស់ខ្លួន ហើយក៏ត្រូវចេះបែងចែកការងារកំណត់តួនាទីមុខងារ និងភារកិច្ចការងារទទួលខុសត្រូវ ទាំងថ្នាក់ដឹកនាំ ទាំងមន្រីរបស់ខ្លួនឲ្យបានជាក់លាក់ គឺចាប់តាំងពីគណៈអភិបាល រហូតដល់មន្រ្ដីជាប់កិច្ចសន្យារបស់ខ្លួន ដោយមិនត្រូវ ឲ្យមានមន្ត្រីណាម្នាក់ គ្មានការងារធ្វើនោះទេ។

       ហើយអ្វីដែលជាតួអង្គសំខាន់នៅក្នុងមូលដ្ឋានរបស់ខ្លួននោះ គឺអស់លោកមេភូមិ មេឃុំ ស្មៀននិងប៉ុស្តិ៍រដ្ឋបាល ដែលជាតួអង្គនៅកៀកកិតនិងបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយផ្ទាល់។ពួកគាត់ទាំង៤ខាងលើនេះហើយ ដែលជាអ្នកស្គាល់សុខដឹងទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់របស់ខ្លួន។និងត្រូវយកចិត្តទុកដាក់ក្នុងការគិតគូរដោះស្រាយនូវរាល់សេវាដែលជាតម្រូវការចាំបាច់របស់ពួកគាត់ ដូចជា៖សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព ជាដើម។ និង ត្រូវបន្តខិតខំធ្វើអំពើល្អ ក្នុងការផ្តល់ នូវសេវាសាធារណៈសង្គម និងសេវាសំណូមពររបស់បងប្អូន ឲ្យបានសមស្របទៅតាមលទ្ធភាពមូលដ្ឋានខ្លួនអាចដោះស្រាយជូនបាន។

       ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ទៀតថាដោយសារតែស្ថានភាពកូវីដ19មានការធូរស្រាលបន្តិច ហើយការបើកប្រទេសឡើងវិញដើម្បីដំណើរការ នូវ ប្រក្រតីភាពតាមបែបគន្លងថ្មីនៅក្នុងបរិបទជីវភាពរស់នៅថ្មី និង កិច្ចដំណើរការនៃចរន្តសេដ្ឋកិច្ចសង្គមឲ្យមានដំណើរការឡើងវិញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ។ ដូចនេះរដ្ឋបាលស្រុក និង អាជ្ញាធរមូលដ្ឋានឃុំ ត្រូវតែយកចិត្តទុកដាក់គិតគូរៀបចំឲ្យមានវេទិកាសាធារណៈនៅតាមភូមិ-ឃុំខ្លួន ឡើងវិញ។គឺត្រូវធ្វើជាលក្ខណៈទ្រង់ទ្រាយរូបភាពតូចសមល្មមដើម្បីពន្លឿននូវក្នុងការរកដំណោះស្រាយ និង ធ្វើការដោះស្រាយនូវបញ្ហាប្រឈម និងភាពអសកម្មមួយចំនួន ដែលកំពុងតែកើតមាននៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋខ្លួនឲ្យបានឆាប់រហ័សនិងដើម្បីធ្វើការឆ្លុះបញ្ចាំងពិនិត្យមើលពីការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកន្លងមក ក្នុងមូលដ្ឋានរបស់ខ្លួនឡើងវិញ។

       ក្នុងឱកាសជួបសំណេះសំណាលនេះផងដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានណែនាំឲ្យរដ្ឋបាលស្រុកខាងលើ ត្រូវរៀបចំនូវបញ្ជីទំនាស់ដែលកំពុងតែកើតមាននៅក្នុងមូលដ្ឋានក្នុងឃុំនីមួយៗរបស់ខ្លួន ដើម្បីធ្វើការពិនិត្យនិងរៀបចំនូវយន្តការក្នុងការដោះស្រាយទំនាស់ទាំងនោះនៅក្រៅប្រព័ន្ធតុលាការជាមុនសិន។ចំពោះបញ្ហាណាដែលអាជ្ញាធរឃុំ និង រដ្ឋបាលស្រុក ដោះស្រាយមិនបាន ត្រូវបញ្ជូនសំណុំរឿងទាំងនេះ មករដ្ឋបាលខេត្ត ដើម្បីធ្វើការពិនិត្យដោះស្រាយបន្ត។ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានថ្លែងដោយសង្កត់ធ្ងន់ទៀតថា៖ បញ្ហាទំនាស់ដីធ្លីនៅក្នុងខេត្តបាត់ដំបងកន្លងមកនេះ មានជាង១ម៉ឺនករណី ហើយរហូតមកដល់ថ្ងៃនេះ យើងបានដោះស្រាយនិងបញ្ចប់នូវបញ្ហាជម្លោះដីរ៉ាំរ៉ៃទាំងនោះបានជាបន្តបន្ទាប់ ដែលមកដល់ថ្ងៃនេះ បញ្ហាទំនាស់ដីធ្លី នៅសល់ប្រមាណជាង ៣ពាន់ករណីតែប៉ុណ្ណោះ? ហើយករណីដោះស្រាយនេះរដ្ឋបាលខេត្តបានធ្វើជាប្រចាំ និង ចាត់តាំងអភិបាលរងខេត្ត១រូបដើម្បីដោះស្រាយកិច្ចការទាំងនេះជូនបងប្អូនប្រជាពលរដ្ឋ ដោយគ្រាន់តែអាជ្ញាធរខេត្ត មិនបានធ្វើការថតផ្សាយឡាយផ្ទាល់តែប៉ុណ្ណោះ។

       ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការក្រើនរំលឹកនិងបានជម្រុញឲ្យអាជ្ញាធរស្រុក ដែលមានទីប្រជុំជនស្រុកឃុំជាប់និងភូមិសាស្រ្តផ្លូវជាតិ ក៏ត្រូវធ្វើការពិចារណាពិនិត្យលទ្ធភាពនិងតម្រង់ទិសក្នុងការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីប្រជុំជនស្រុកនិងឃុំរបស់ខ្លួន ជាបណ្តើរៗ ទៅតាមលទ្ធភាពនិងថវិកាដែលខ្លួនមាននៅក្នុងស្រុក និងនៅតាមឃុំនិមួយៗ។ជាពិសេសបញ្ហាអនាម័យ បរិស្ថាន និងសម្រាមនៅក្នុងទីប្រជុំជនស្រុករបស់ខ្លួនដែលតម្រូវឲ្យអាជ្ញាធរស្រុកនិង គ្រប់អង្គភាពជុំវិញស្រុក រួមគ្នាគិត រួមគ្នាធ្វើ និងត្រូវរិះរកទីតាំងធ្វើទីលានចាក់សម្រាមនៅក្នុងស្រុកខ្លួនឲ្យបានធំទូលាយយ៉ាងហោចណាស់ ផ្ទៃដី១០ទៅ២០ហិកតា។

        ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានធ្វើការណែនាំជម្រុញនិងការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកដែលជាអ្នកបម្រើនិងផ្តល់សេវាជូនពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់និងត្រូវខិតខំបម្រើប្រជាពលរដ្ឋរបស់ខ្លួនឲ្យបានល្អត្រឹមត្រូវ។ជាពិសេស អស់លោកមេភូមិ មេឃុំ ស្មៀន និងអស់លោកមេប៉ុស្តិ៍ទាំងអស់ នៅក្នុងស្រុក។

      ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការអំពាវនាវ និង ដាស់តឿនដលគ្រប់អាជ្ញាធរក្នុងមូលដ្ឋាន ស្រុករតនមណ្ឌលនិងបងប្អូនប្រជាពលរដ្ឋរស់នៅទូទាំងស្រុក ត្រូវនាំគ្នាជម្រុញឲ្យប្រជាពលរដ្ឋ នាំគ្នាទៅចាក់វ៉ាក់សាំងការពារការឆ្លងនូវជម្ងឺកូវីដ-19ឲ្យបានគ្រប់ៗគ្នា ទាំងអ្នកដែលមិនទានបាន់ចាក់ដូសទី១ ត្រូវទៅចាក់នៅតាមមណ្ឌលសុខភាពក្បែរផ្ទះ ឬក្នុងមូលដ្ឋានខ្លួនរស់នៅ។ ហើយចំពោះអ្នកដែលបានចាក់ដូសទី១និងទី២រួចហើយ ក៏ត្រូវទៅចាក់ដូសទី៣ដែលជាដូសជម្រុញឲ្យបានត្រឹមត្រូវទៅតាមកាលកំណត់របស់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពនៅក្នុងមូលដ្ឋានខ្លួន ដើម្បីចៀសផុតពីការរាតត្បាតនិងការចម្លងមេរោគកូវីដ-19 និងមេរោគបំប្លែងថ្មី ដែលមិនទាន់ទៅណាឆ្ងាយ និងកំពុងតែរាតត្បាតនៅតាមបណ្តាប្រទេសក្បែរៗខាងយើង និងនៅលើពិភពលោកសព្វថ្ងៃនេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner