ការធ្វើបាតុកម្មតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ មានអង្គការជួយហិរញវត្ថុពីក្រោយ រាប់សិបម៉ឺនដុល្លារ ដើម្បីបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់និងអសន្តិសុខសង្គម
ភ្នំពេញ៖ ការធ្វើបាតុកម្មតវ៉ានៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីត ដែលមានអូសបន្លាយពេលអស់ជាង១០ថ្ងៃកន្លងមកនេះ មានអង្គការក្រៅស្រុកនិងក្នុងស្រុកមួយចំនួន បានជួយឧបត្ថម្ភជាសាច់ប្រាក់ រាប់សិបម៉ឺនដុល្លារ ដើម្បីធ្វើសកម្មភាពនៃការធ្វើបាតុកម្មបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់និងអសន្តិសុខសង្គម។ ទន្ទឹមនឹងនេះ មេដឹកនាំការតវ៉ានេះត្រូវបានសមត្ថកិច្ចដូចជាស្ថាប័នតុលាការកំពុងតែធ្វើការស្វែងរកចាប់ខ្លួនមកដាក់ទោសតាមច្បាប់ផងដែរ។
នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញនិងតំណាងអយ្យកាសាលាដំបូង
រាជធានីភ្នំពេញក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២២ នេះនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការធ្វើបាតុកម្ម តវ៉ានៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីតនេះ បានអូសបន្លាយ អស់រយៈពេល១៣ថ្ងៃហើយ ដោយកម្លាំងមានសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធនៃការដឹកនាំក្រុមធ្វើបាតុកម្មនេះចំនួន៩នាក់ ក្នុងនោះ៦នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីអនុវត្តទោសទៅតាមច្បាប់។
លោកបញ្ជាក់ផងដែរថា ការធ្វើបាតុកម្មតវ៉ានេះ ដឹកនាំដោយលោកស្រីឈឹម ស៊ីថរ ជាប្រធាននិងមានសកម្មជនដឹកនាំពីរនាក់ទៀត គឺលោកឈ្មោះ សុខ គង្គានិងលោកឈ្មោះ សុខ ណារិទ្ធ ។ អ្នកទាំងបីកំពុងតែគេចខ្លួននូវឡើយ។
លោកឧត្តមសេនីយ៍ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាននេះផងដែរថា ការធ្វើបាតុកម្មនេះ គឺពិតជាមានការជួយជ្រោមជ្រែងជាហិរញ្ញវត្ថុពីអង្គការក្រៅរដ្ឋាភិបាលមួយនៅក្រៅស្រុក និងអង្គការក្នុងស្រុកចំនួនពីរ ដោយបានឧបត្ថម្ភជាថវិកាជា បន្តបន្ទាប់ រហូតដល់រាប់សិបម៉ឺនដុល្លារ ដើម្បីរៀបចំឲ្យមានជាសកម្មភាពការធ្វើបាតុកម្មតវ៉ានៅមុខ ក្រុមហ៊ុនណាហ្គាវើលនេះ ។ គោលបំណងគឺធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់និងធ្វើឲ្យមានអសន្តិសុខនៅក្នុងសង្គម។
ពួកគេ ញុះញ៉ុងធ្វើយ៉ាងណា ឲ្យមានហិង្សា ជាមួយអាជ្ញាធរនិងកងកម្លាំង ដើម្បីទទួលនូវភាពចំណេញរបស់ពួកគេ។
លោកសេង ហៀង តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងផងដែរថា ក្រោយពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនពាក់ព័ន្ធទាំង៩នាក់នោះ គឺយើងបានធ្វើការឆែកឆេរ នៅទីស្នាក់ការ ជាមួយនឹងការសាកសួរចម្លើយជនជាប់ចោទ ឃើញថា បានពាក់ព័ន្ធនឹងការធ្វើបាតុកម្មដោយខុសច្បាស់។ យើងបានយកវត្ថុតាងចេញពីទូរសព្ទដៃ ចេញពីកុំព្យូទ័រ រកឃើញទឹកប្រាក់រាប់សិបម៉ឺនដុល្លារ ដែលអង្គការក្រៅប្រទេសនិងអង្គការក្នុងស្រុក បានផ្ដល់ជូនដល់ក្រុមធ្វើបាតុកម្ម តវ៉ានេះ ដែលជាវត្ថុតាងដែលអាចដាក់បន្ទុកជនសង្ស័យទាំងនេះបាន ។
លោកបញ្ជាក់ថា ការផ្ដល់ជំនួយសម្រាប់ធ្វើការអភិវឌ្ឍន៍គឺជាជំនួយដែលស្របច្បាប់ តែការផ្ដល់ជំនួយជាលក្ខណៈរៀបចំឲ្យការមានការធ្វើបាតុកម្មតវ៉ាធ្វើឲ្យមានបាត់បង់សណ្តាប់ធ្នាប់សាធារណៈ បង្កអសន្តិសុខសង្គមជាជំនួយដែលខុសច្បាប់។ ដូច្នេះលោក សូមធ្វើការអំពាវនាវអោយបងប្អូន ដែលកំពុងធ្វើការតវ៉ាសូម កុំចាញ់បោក មេដឹកនាំបាតុកម្មតវ៉ានេះ ។ បងប្អូនគួរតែស្ដាប់ការណែនាំរបស់អាជ្ញាធរក៏ដូចជាក្រសួងពាក់ព័ន្ធដើម្បីរួមគ្នាដោះស្រាយទៅតាមនីតិវិធីនៃច្បាប់។
លោកសាន សុខសីហា ក៏បានបញ្ជាក់បន្ថែមផងដែរថា កាលពីថ្ងៃទី០៣ខែមករា ម្សិលម៉ិញ កម្លាំង
មានសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៧នាក់បន្ថែមទៀតផងដែរ ។ ពួកគេកំពុងស្ថិតនៅក្នុងការសាកសួរស្រាវជ្រាវ។ ដោយឡែកសម្រាប់មេដឹកនាំសកម្មភាពបាតុកម្មតវ៉ានេះ ចំនួន៣នាក់ អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច បាននិងកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនផងដែរ ។ ដូច្នេះសូមបងប្អូនទាំងអស់បញ្ឈប់នូវការធ្វើបាតុកម្មតវ៉ាដោយខុសច្បាប់នេះ និងប្តូរមក ជាការចូលរួមដោះស្រាយ ជាមួយនឹងអាជ្ញាធរក៏ដូចជាក្រសួងពាក់ព័ន្ធដើម្បីយើងបានផលប្រយោជន៍ទាំងសងខាង៕