រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្ត
រតនគិរី ៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាអាគារA ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និងមានវត្តមានឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ។
កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម
១. បើកកិច្ចប្រជុំ
២. ពិនិត្យកូរ៉ុម
៣. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៣០ របស់ក្រុមប្រឹក្សាខេត្ត
៤. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០២១ និងលើកទិសដៅការងារ ប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៥. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងស្ដីពីការបង្កើតគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្ត
-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងស្ដីពីការទទួលស្គាល់ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តរតនគិរី
៦. ផ្សេងៗ
៧. បូកសរុបលទ្ធផល និងបិទអង្គប្រជុំ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងការចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត បានល្អប្រសើរ ការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនូវជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានអនុវត្ត ការងារសម្រេចជោគជ័យទៅតាមទិសដៅផែនការដែល រដ្ឋបាលខេត្ត បានដាក់ចេញ តាមខែនីមួយៗ។ ជាមួយគ្នានេះឯកឧត្តមប្រធាន បានស្នើដល់ឯកឧត្តម លោកជំទាវ មន្រ្ដីរាជការ និងអាជ្ញាធរ ជំនាញពាក់ព័ន្ធ សូមបន្ដផ្សព្វផ្សាយនិងណែនាំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដើម្បីការពារខ្លួនកាន់តែប្រសើរពីជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ១៩បំប្លែងថ្មី។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍កោតសរសើរចំពោះដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដជូនប្រជាពលរដ្ឋសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ និងលើសពីផែនការដែលបានគ្រោងទុក។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ សូមបន្តខិតខំប្រឹងប្រែងចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ឲ្យបានល្អប្រសើរបន្ថែមទៀត ៕ ដោយ គតិ យុត្ត