សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន ជនសង្ស័យតដៃដណ្តើមអាវុធបានបាញ់រះ៥គ្រាប់ បណ្តាលឱ្យរងបួសប្រជាពលរដ្ឋ២នាក់
ភ្នំពេញ ៖ ស្នូរសម្លេងផ្ទុះអាវុធចំនួន៥គ្រាប់ផ្ទួនៗគ្នា ក្នុងហេតុការណ៍កម្លាំងសមត្ថកិច្ចមួយក្រុម ចុះទៅបង្ក្រាបគ្រឿងញៀន ធ្វេសប្រហែស ត្រូវបានជនសង្ស័យគ្រឿងញៀនតដៃដណ្តើមបានអាវុធបាញ់រះ ផ្អើលរត់ជាន់ជើងគ្នា ទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ មិនដឹងអ្វី បណ្តាលឱ្យរងរបួសមនុស្ស២នាក់ ស្ត្រីម្នាក់ របួសស្មាស្តាំ និងក្មេងស្រីម្នាក់របួសដៃស្តាំ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមចាប់ ដកហូតអាវុធបានមកវិញ ហើយនាំគ្នាឡើងឡានចាកចេញទៅបាត់អស់ ទុកតែប្រជាពលរដ្ឋរងរបួស២នាក់ ក្រុមគ្រួសារចាត់ចែងដឹកបញ្ជូនយកទៅពេទ្យខ្លួនឯង។ ហេតុការណ៍ ផ្ទុះអាវុធខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅក្នុងតំបន់សម្បុកគ្រឿងញៀន ខាងកើតវត្តគោកបញ្ជាន់ ក្នុងភូមិថ្មគោល៣១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរងគ្រោះដោយគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ទាំង២នាក់ ទី១ ឈ្មោះ ទេព សាវឿន ហៅយាយវិត ភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ និងទី២ ឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា តំបន់ក្បែរគោកបញ្ជាន់នាពេលបច្ចុប្បន្ន ក្នុងខណ្ឌពោធិសែនជ័យ ជាប់ចំណាត់ថ្នាក់ ល្បីខាង ជួញដូរ ជក់ លក់ គ្រឿងញៀន មិនចាញ់បឹងឈូក មុខមន្ទីរពេទ្យលោកសង្ឃកន្លងមក ចាប់លែងៗ ចាប់មិនចេះអស់ ហើយនៅមុនពេលកើតហេតុ ខណៈដែលកម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ មួយក្រុម៥ទៅ៦នាក់ ចុះទៅបង្ក្រាបគ្រឿងញៀននៅចំណុចខាងលើ ដោយធ្វេសប្រហែស ត្រូវបានជនសង្ស័យគ្រឿងញៀនម្នាក់ ឈ្មោះ ជីវ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ តដៃដណ្តើមកាំភ្លើងពីដៃសមត្ថកិច្ច បាញ់លើសមត្ថកិច្ច និងបាញ់រះតាមផ្លូវ បណ្តាលឱ្យត្រូវចំទ្វារដែកធ្លាយ របួសស្ត្រីម្នាក់ កំពុងនៅក្នុងផ្ទះ និងត្រូវចំក្មេងស្រីម្នាក់កំពុងអង្គុយនៅមុខផ្ទះ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដណ្តើមយកកាំភ្លើងបានវិញ។
ប្រជាពលរដ្ឋ បានបន្តទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យ ដណ្តើមយកកាំភ្លើងបានវិញ សមត្ថកិច្ចនាំឡើងរថយន្ត នាំគ្នាបើកយកចេញទៅអស់ បន្សល់ទុកតែប្រជាពលរដ្ឋរងរបួស២នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅពេទ្យរៀងខ្លួន ស្ត្រីចំណាស់ ដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកឯ នារីរងគ្រោះត្រូវបានដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ ផ្ទុះអាវុធបណ្តាលឱ្យមានអ្នករងរបួសចំនួន២នាក់ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅសាកសួរ ដល់ទីតាំងកើតហេតុ រួចបន្តទៅតាមសាកសួរជនរងគ្រោះនៅមន្ទីរពេទ្យ។ ចំណែកឯ កម្លាំងដែលចុះទៅបង្ក្រាបគ្រឿងញៀន ក្រោយពីឃាត់បានជនសង្ស័យ និងដណ្តើមយកអាវុធបានវិញ ឡើងជិះរថយន្តបើកចាកចេញទៅបាត់តែម្តង៕ ដោយ៖ ឆៃហួត