ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីបានប្រកាសគាំសម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំអាស៊ាន ឱ្យទទួលបានជោគជ័យ នៅក្នុងឆ្នាំ២០២២ នេះ
ការប្រកាសគាំទ្ររបស់ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងជំនួបសន្ទនាតាមរយៈប្រព័ន្ធទូរស័ព្ទ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថា ឯកឧត្តម Joko Widodo បានគោរពជូនពរសម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ព្រមទាំងចៅៗទាំងអស់ ក្នុងឱកាសចូលឆ្នាំសកលឆ្នាំថ្មី ២០២២ ហើយក៏បានសំដែងនូវការគាំទ្រជូនចំពោះសម្ដេចតេជោ ដែលបានឡើងធ្វើជាប្រធានអាស៊ាន ។
ឯកឧត្តមប្រធានាធិបតី ក៏បានគូសបញ្ជាក់ជូនសម្ដេចតេជោថា ឥណ្ឌូនេស៊ី នឹងគាំទ្រសម្ដេចតេជោ ធ្វើយ៉ាងណាឱ្យសម្ដេចតេជោ ទទួលបានជោគជ័យ ក្នុងការដឹកនាំអាស៊ាននាឆ្នាំ២០២២ នេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Joko Widodo ហើយក៏បានជូនពរ ឯកឧត្តម Joko Widodo លោកជំទាវ និងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ។
លើសពីនោះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណជូនចំពោះឯកឧត្តម Joko Widodo ដែលបានអបអរសាទរ និងសំដែងការគាំទ្រកម្ពុជា ក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ ។
ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជាថ្មី ដល់ឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប ពីថ្ងៃទី២៥ – ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានសំដែងនូវការកោតសរសើរ នូវភាពសកម្មរបស់ឥណ្ឌូនេស៊ី ក្នុងការផ្ដួចផ្ដើមគំនិតជាច្រើន ដើម្បីកសាងសហគមន៍អាស៊ាន ដែលថ្មីៗនេះមានដូចជា៖ ១- ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសារដ៏សំខាន់របស់អាស៊ាន ដើម្បីគ្រប់គ្រងទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងរក្សាមជ្ឈភាពអាស៊ាន, ២- រៀបចំច្រកធ្វើដំណើររបស់អាស៊ាន ឆ្លើយតបទៅនឹងការរឹតត្បិតដោយសារជំងឺកូវីដ១៩ រាតត្បាត ។
ជាថ្មីម្ដងទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះការជូនពរ ចំពោះការសម្ដែងនូវការគាំទ្រក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ។