ឯកឧត្ដម ជា ប៊ុនហេង ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់អត្តពលិកកីឡាទូកសមាគមកីឡាក្រសួងមហាផ្ទៃដែលឈ្នះជ័យលាភីជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម

អត្តពលិកកីឡាទូកសមាគមក្រសួងមហាផ្ទៃ លើ៤ប្រភេទទូកមានទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីងកម្ពុជា ដែលឈ្នះជ័យលាភីពីការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេងលើកទី៨ នៅខេត្ត កំពត ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ពីឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត បានលើកឡើងថា ប្រាក់រង្វាន់លើកទឹកចិត្តនេះ គឺប្រគល់ជូនដល់អត្តពលិកដែលខិតខំប្រឹងប្រែងប្រកួតដណ្តើមបានជ័យលាភីជូនអង្គភាព ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានក្រើនរំលឹក ដល់កីឡាករ កីឡាការិនីដែលទទួលបានជ័យលាភីពីការប្រកួតនេះ សូមបន្តយកចិត្តទុកដាក់ប្រឹងប្រែងហ្វឹកហាត់ឲ្យខ្លាំងក្លាបន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតនានាលើឆាកអន្តរជាតិ ក្នុងនោះមានស៊ីហ្គេម នៅប្រទេសវៀតណាម និងការប្រកួត World Police នៅទីក្រុង Amsterdam ប្រទេស ហូឡង់ ឆ្នាំ២០២២ខាងមុខនេះ។
កីឡាករ កីឡការិនីទូកសមាគមកីឡាក្រសួងមហាផ្ទៃដែលទទួលបានប្រាក់រង្វាន់ ពីឯកឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុន ចំនួន២១នាក់ លេងលើ៤ប្រភេទទូកមាន ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីងកម្ពុជា ឈ្នះមេដាយមាស និងមេដាយប្រាក់ ដោយម្នាក់ៗទទួលបានថវិកា៣០ម៉ឺនរៀល។
សូមរំលឹកថា ព្រឹត្តិការណ៍កីឡានគរបាល និងកងកម្លាំងពន្លត់អគ្គីភ័យពិភពលោកលើកទី១៨ The 18th World Police & Fire Games 2019 នៅទីក្រុង Chengdu ខេត្ត Sichuan សាធារណៈរដ្ឋប្រជាមានិតចិន សមាគមកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនកីឡា១២ប្រភេទកីឡា សរុប ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន៩៤រូប ឱ្យទៅចូលរួម ក្នុងនោះ កម្ពុជាយើង ទទួលបាន មេដាយសរុបចំនួន៤៦គ្រឿង មាស១៨គ្រឿង ប្រាក់១៧គ្រឿង និងសំរឹទ្ធិ ១១គ្រឿង ជួយឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ១៣ពិភពលោក ក្នុងចំណោមប្រទេសជាង៧០ដែលចូលរួម និងឈរនៅចំណាត់ថ្នាក់លេខ១ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner