តុលាការសម្រេចឃុំខ្លួនមេដឹកនាំបាតុកម្មមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងម្នាក់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ

ភ្នំពេញ ៖ តុលាការបានសម្រេចឃុំខ្លួនមេខ្លោងដឹកនាំបាតុកម្មខុសច្បាប់ចំនួន២នាក់ និងម្នាក់ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ មេខ្លោងដឹកនាំបាតុកម្មខុសច្បាប់ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាតុលាការនៅកន្លែងផ្សេងគ្នា ដោយក្នុងនោះមេខ្លោងឈ្មោះ ឈឹម ស៊ីថរ ចាប់ខ្លួននៅពេលដឹកនាំធ្វើបាតុកម្ម កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ។ មេខ្លោងដែលចាប់ខ្លួនមានដូចជា ឈ្មោះ ឈឹម ស៊ីថរ ខណៈកំពុងដឹកនាំបាតុកម្មខុសច្បាប់, សុខ ណារិទ្ធ និង សុខ គង្គា ពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៥ ខែមករា នេះថា “អ្នកទាំងបីត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន២នាក់ និងម្នាក់ដាក់ឱ្យស្ថិតក្រោមការនត្រួតពិនិត្យ”។ ទី១ឈ្មោះ សុខណារិទ្ធ ភេទប្រុស កើតថ្ងៃទី២៨-០៤-១៩៧៥ អាយុ៤៦ ជនជាតិខ្មែរ។ ជននេះត្រូវបានចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ្តមាត្រា ៤៩៤ និងមាត្រា ៤៩៥ និងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១។ទី២ឈ្មោះ ឈឹម ស៊ីថរ ភេទស្រី កើតថ្ងៃទី២៥-១២-១៩៨៧ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។ ជននេះត្រូវបានចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ្តមាត្រា ៤៩៤ និងមាត្រា៤៩៥ និងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី២។ ទី៣ឈ្មោះ សុខ គង្គា ភេទប្រុស កើតថ្ងៃទី០៨-១២-១៩៨៤ អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ្តមាត្រា ៤៩៤ និងមាត្រា៤៩៥ និងត្រូវបានដាក់ក្រោមការត្រួតតាមផ្លូវតុលាការ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរលើអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួន៩នាក់ រួមទាំងបក្ខពួកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ររបស់លោក ប្លង់ សុផលអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្តថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការលើសំណុំរឿងដែលមានជនសង្ស័យចំនួន៩នាក់ មានដូចជាៈ ១. ឈឹម ស៊ីថរ ២. រី សុវណ្ណឌី ៣. សុន ស្រីពេជ្រ ៤. ហៃ សុភាព ៥. ឃ្លាំងសុបិន្ត ៦. ទូច សិរីមាស  ៧. ឈឹម សុខន ៨. សុខ ណារិន និង៩. សុខ គង្គា ព្រមទាំងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងអង្គហេតុញុះញង់បំផុសបំផុលក្រុមអតីតបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលត្រូវបានបណ្តេញចេញឱ្យធ្វើសកម្មភាពបង្កចលាចលដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអាចបង្កឱ្យមានអសន្តិសុខដល់សង្គម។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវនិងប្រមូលភស្តុតាងរួចមកអំពើដែលបានប្រព្រឹត្តខាងលើបានបំពានច្បាប់ដូចមានចែងក្នុងមាត្រា ៤៩៤ និងមាត្រាណ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ខាងលើនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរលើបុគ្គលខាងលើ រួមទាំងបក្ខពួកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

សមត្ថកិច្ចបានបញ្ជូនខ្លួនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួន៦ ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ដើម្បីឲ្យព្រះរាជអាជ្ញានិងចៅក្រមធ្វើការសាកសួរតាមនីតិវិធី។ មេដឹកនាំបាតុកម្មខុសច្បាប់ទាំង៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីពួកគេបានដឹកនាំបាតុកម្មខុសច្បាប់ និងបានបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ មនុស្សទាំង៦នាក់រួមមាន ៖ ១. អ្នកស្រី ឈឹម សុខនអគ្គលេខាធិការសហជីព ២. អ្នកស្រី ឃ្លាំង សុបិន្ត អីប្រឹក្សាជាន់ខ្ពស់ ,ហិរញ្ញិកសហជីព( អ្នកកាន់លុយចំណាយ សហជីព) ៣. អ្នកស្រី ហៃ សុភាព (តំណាងក្រុមអ្នកចរចា) ៤. កញ្ញា សុន ស្រីពេជ្រ (តំណាងក្រុមអ្នកចរចា)៥.  អ្នកស្រី រី សុវណ្ណឌី ( តំណាងក្រុមអ្នកចរចា) និង៦. អ្នកស្រី ទូច សិរីមាស ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។  អ្នកទាំង៦នាក់ ត្រូវបានឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។  

ចំណែកមនុស្ស ៣នាក់ទៀត រួមមានៈ ១. ឈ្មោះ រិន ផល្លា ២. ឈ្មោះ អេង ស្រីបូ និងទី៣. ឈ្មោះ ស៊ុន ស្រីមុំ សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យត្រឡប់ទៅផ្ទះវិញ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី៣ខែមករា នេះថា កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនមេដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលសរុបចំនួន៩នាក់ ដោយក្នុងនោះមនុស្សចំនួន៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងមនុស្សចំនួន៣នាក់បានធ្វើការអប់រំ។  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៩.០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលបានធ្វើការចាប់ឃាត់ខ្លួនបុគ្គលចំនួន០៩រូប ពីបទបានរៀបចំបាតុកម្ម ដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម។

សូមជម្រាបថា អតីតបុគ្គលិកក្រុមណាហ្គាវើល  NAGA World បានប្រកាន់ជំហររបស់ខ្លួនបន្តការតវ៉ារហូតមានដំណោះស្រាយពីក្រុមហ៊ុនក្រោយពីការចរចាជាច្រើនលើកជាមួយភាគីក្រុមហ៊ុន។ ពួកគេធ្វើកូដកម្មចំនួន១៣ថ្ងៃជាប់ៗគ្នា ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ទាមទារលក្ខខណ្ឌចំនូន៩ចំណុច ទាមទាឱ្យក្រុមហ៊ុន គោរពសិទ្ធិកម្មករ និងច្បាប់ការងារនៅក្នុងប្រទេសកម្ពុជា។  ក្នុងនោះមានការទាមទារឲ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិត សរុបចំនួន៣៦៥នាក់ ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ ចូលបម្រើការងារ នៅកន្លែងដើមវិញ  រួមទាំងផ្ដល់ប្រាក់រំលឹកផ្សេងៗ គិតតាំងពីថ្ងៃបញ្ឈប់រហូតមកដល់ ថ្ងៃចូលធ្វើការវិញជាដើម៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner