អភិបាលខេត្តពោធិ៍សាត់ ណែនាំដល់រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព ទូទាំងខេត្ត ខិតខំរៀបចំកែលម្អសោភណ្ឌភាព សណ្តាប់ធ្នាប់ និងដាំដើមឈើដែលមានប្រយោជន៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានណែនាំដល់រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព ទូទាំងខេត្ត ឱ្យខិតខំរៀបចំកែលម្អសោភណ្ឌភាព សណ្តាប់ធ្នាប់ និងដាំដើមឈើណាដែលមានប្រយោជន៍ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីត្រៀមចូលរួមអមអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុងស្រុកទាំងនោះឱ្យបានល្អស្អាត ក្រោយពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំបែបនេះ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលសាលាខេត្តថ្មី ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត នៅខែមករា ឆ្នាំ២០២២ ។

បន្ទាប់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ រួមគ្នាត្រួតពិនិត្យ ពិភាក្សា និងធ្វើការដោះស្រាយ នូវចំណុចដែលខ្វះចន្លោះនោះរួចមក, ឯកឧត្តម ជាវ តាយ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រ គោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ បានដាក់ចេញនូវផែនការសំខាន់ៗ ចំនួន ០៨ចំណុច ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ជុំវិញបញ្ហាប្រឈម និងដំណោះស្រាយ៖
ទី១-សូមឱ្យអភិបាលក្រុងស្រុក មន្ទីរ អង្គភាព ខិតខំរៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ជាពិសេសមានបុណ្យជាតិម្តងៗ។
ទី២-រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព ត្រូវយកចិត្តទុកដាក់ថែទាំ និងដាំដើមឈើដែលមានប្រយោជន៍បន្ថែមទៀត នៅតាមដងផ្លូវក្នុងទីប្រជុំ ដើម្បីលើកកម្ពស់សោភណ្ឌភាព។
ទី៣-ចំពោះបញ្ហាព្រៃលិចទឹកតំបន់៣ ក្រសួងរៀបចំដែនដី និងក្រសួងធានធានទឹក បានសហការឯកភាពបញ្ជាន់ផែនទី ហើយគ្រោងនឹងបញ្ចប់បេសកកម្មក្នុងពេលខាងមុខ។
ទី៤-ខិតខំរៀបចំប្លង់មេ សម្រាប់ការអភិវឌ្ឍន៍តាមបណ្តាក្រុងស្រុក និងទប់ស្កាត់ឱ្យខាងតែបាន នូវការទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ។
ទី៥-បន្តចុះបញ្ជីដីធ្លីរបស់រដ្ឋ ដើម្បីធានាដល់អត្ថប្រយោជន៍រួម។
ទី៦-ករណីអភិបាលស្រុកកណ្តៀង ដែលលើកឡើងនូវបញ្ហាគ្រោះចរាចរណ៍ និងការចិញ្ចឹមទាប៉ះពាល់ដល់បរិស្ថាន ត្រូវផ្សាព្វផ្សាយ និងអញ្ជើញគូរភាគី ដើម្បីជួបដោះស្រាយនៅក្នុងកិច្ចប្រជុំចង្អៀតមួយ។
ទី៧-ចំពោះរបាយការណ៍ប្រចាំឆ្នាំ របស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព និងអភិបាលក្រុងស្រុក ត្រូវធ្វើការត្រួតពិនិត្យ និងកែសម្រួល យ៉ាងយូរ១៤ថ្ងៃ ដើម្បីសម្រេចឆ្លងសន្និបាទប្រចាំឆ្នាំ។
ទី៨-ជុំវិញករណីគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម ដែលបង្ករអសន្តិសុខដល់ប្រជាពលរដ្ឋ យើងត្រូវសហការរួមគ្នា បង្ក្រាបឱ្យខាងតែបាន ដើម្បីឱ្យភូមិ ឃុំ សង្កាត់របស់យើង មានសុខសុវត្ថិភាព៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner