គ.ជ.ប អនុម័តលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចជុំវិញការផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលភាគីពាក់ព័ន្ធបានផ្ដល់ត្រឡប់មក គ.ជ.ប វិញ។ 

សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីដែលមានចំនួន១៤ជំពូក និង ១៨៧ ប្រការ ព្រមទាំងមាន ៩ឧបសម្ព័ន្ធ ត្រូវបាន គ.ជ.ប បញ្ជូនទៅឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីសុំផ្ដល់យោបល់ រួមមាន ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ចំនួន៩ គណបក្សនយោបាយចំនួន២៦សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន២៨។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើអនុសាសន៍របស់ភាគីពាក់ព័ន្ធ ដែលមានគណបក្សនយោបាយចំនួន៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សហ៊្វុនស៊ិនប៉ិច អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ រួចមក គ.ជ.ប បានសម្រេចអនុម័តកែសម្រួលនូវចំណុចមួយចំនួន។ ចំណុចដែលមានការចាប់អារម្មណ៍របស់ភាគីពាក់ព័ន្ធនោះ គឺការបំពេញ និងប្រើប្រាស់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២)។ ទាក់ទងនឹងចំណុចនេះគ.ជ.ប បានចេញសេចក្ដីបំភ្លឺរួចហើយ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០១ ចុះថ្ងៃទី៦ ខែមករាឆ្នាំ២០២២។

គ.ជ.ប សូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ដែលបានចូលរួមផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីធ្វើយ៉ាងណាឱ្យបទបញ្ជា និងនីតិវិធីនេះ អនុវត្តទៅបានរលូនល្អនៅក្នុងដំណើរការនៃការបោះឆ្នោតនាពេលខាងមុខ ដើម្បីប្រព្រឹត្តទៅស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយ គ.ជ.ប នឹងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលឆាប់ៗខាងមុខនេះ៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner