សេចក្តីប្រកាស​ព័ត៌មាន​រួម​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​

ភ្នំពេញ​៖ តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​និង​ជា​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​០៧-០៨ ខែមករា ឆ្នាំ​២០២២​។​

​នៅក្នុង​ជំនួប​រវាង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី និង​បញ្ហា​តំបន់​មួយចំនួន ដែលជា​ផលប្រយោជន៍ និង​ក្តីកង្វល់​រួម​។ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ជម្រាបជូន​គ្នា​ទៅវិញទៅមក អំពី​ការវិវត្ត​ថ្មីៗ​នៅក្នុង​ប្រទេស​រៀងៗ ខ្លួន​។ ទាក់ទង​នឹង​ការវិវត្ត​ថ្មីៗ​នៅ​មី​យ៉ាន់​ម៉ា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន​ជម្រាបជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ថា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានប្រកាស​បទ​ឈប់​បាញ់​គ្នា​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​ទាំងអស់ ក្នុង​រយៈពេល​៥​ខែ រហូតដល់​ចុងខែ​កុម្ភៈ ឆ្នាំ​២០២២ និង​បានសម្រេច​ពន្យារ​បទ​ឈប់​បាញ់​គ្នា​បន្ថែមទៀត រហូតដល់​ចុងឆ្នាំ​២០២២​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យទទួល​អនុវត្ត​បទ​ឈប់​បាញ់​គ្នា ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​និង​ប្រជាជន បញ្ឈប់​រាល់​អំពើហិង្សា និង​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ខ្ពស់បំផុត ដែល​ទង្វើ​ទាំងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការគាំទ្រ​យ៉ាងខ្លាំង ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​តានតឹង និង​បើកផ្លូវ​ឱ្យមាន​កិច្ចសន្ទនា​ប្រកបដោយ​ស្មារតី​ស្ថាបនា រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ឈានទៅ​សម្រេចបាន​នូវ​ស​ន្ថិ​ភាព​យូរអង្វែង និង​ការអភិវឌ្ឍ​ជាតិ​។ ក្នុងន័យនេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ បាន​ស្វាគមន៍​ការចូលរួម​របស់​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អំពី​បទ​ឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​។​

​ជំហាន​ដ៏​សំខាន់​នេះ ត្រូវ​បានចែង​ក្នុង​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​។​

​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា ជាពិសេស​ប្រជាជន​ដែល​កំពុង​ត្រូវការ​ជំនួយ​បំផុត ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​គាំទ្រ​ឱ្យមាន​កិច្ចប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ រួមមាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា អគ្គលេខាធិការ​អាស៊ាន តំណាង​មជ្ឈមណ្ឌល​អាស៊ាន​ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre) និង​ក្រុមការងារ​ថ្នាក់ជាតិ​ដើម្បី​សម្រប​សម្រួលការ​ផ្តល់ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន​ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌​និង​គ្រប់គ្រង​គ្រោះមហន្តរាយ សង្គម​កាកបាទក្រហម​មី​យ៉ាន់​ម៉ា និង​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ដែល​ពាក់ព័ន្ធ​។​

​ភាគី​ទាំងពីរ​បានទទួល​ស្គាល់​នូវ​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុងការ​បង្កើតឱ្យមាន​យន្តការ និង​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប ដើម្បី​អនុវត្ត​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ស្រប​ជាមួយនឹង​ការផ្ដល់​ជំនួយ​មនុស្សធម៌​អោយមាន​ប្រសិទ្ធភាព​ដល់​ប្រជាជន​ដែល​ត្រូវការ​បំផុត ដោយ​គ្មាន​ការរើសអើង ដោយហេតុថា គ្មាន​អ្វីដែល​សំខាន់​ជាង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នោះឡើយ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន​អបអរសាទរ​ចំពោះ​កម្ពុជា ដែល​បាន​ចូលកាន់​តួនាទី​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ និង​ស្វាគមន៍​ចំពោះ​ការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ប្រេសិត​ពិសេស​របស់​ប្រធាន អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា និង​បាន​សន្យា​ផ្តល់​ការគាំទ្រ​ដល់​ប្រេសិត​ពិសេស​ដើម្បី​បំពេញ​តួនាទី​របស់ខ្លួន ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ស្របតាម​ធម្មនុញ្ញ​អាស៊ាន​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ ក៏បាន​សង្កត់ធ្ងន់ថា ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច គួរតែ​ជាការ​បំពេញបន្ថែម​ដើម្បី​សម្រេចបាន​ផែនទី​បង្ហាញផ្លូវ​ប្រាំ​ចំណុច​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចែករំលែក​អំពី​ភាពជោគជ័យ​នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​កម្ពុជា ដែល​សម្រេចបាន​នូវ​ការផ្សះផ្សា​ជាតិ សន្តិភាព​យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព​។ សម្តេច​តេ​ជោ ក៏បាន​សង្កត់ធ្ងន់ថា តាម​បទពិសោធន៍ និង​មេរៀន​ដែល​កម្ពុជា​ទទួលបាន​ពី​ដំណើរការ​សន្តិភាព​, សន្តិភាព​ពេញលេញ និង​ការបង្រួបបង្រួម​ជាតិ​មិនអាច​សម្រេច​បានទេ ប្រសិនបើ​គ្មាន​ការចូលរួម និង​ការ​ព្រមព្រៀងគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​ក្នុង​ស្មារតី​នេះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ បាន​ធានា​ការសម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មី​យ៉ាន់​ម៉ា និង​ការជួប​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច ដោយ​ពិចារណា​ទៅលើ​ស្ថានការណ៍​ជាក់ស្តែង​នៅ​មី​យ៉ាន់​ម៉ា​។​

​ភាគី​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​ដែលមាន​ស្រាប់​រវាង​ប្រជាជន​ទាំងពីរ ជាពិសេស​ក្នុង​បរិបទ​នៃ​វិបត្តិ​សុខភាព​ពិភពលោក​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្រាប់​ជំនួយ​បន្ថែមទៀត រួមមាន ម៉ាស់​ចំនួន ៣.២០០.០០០ ឯកសណ្ឋាន​ការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីន​ជំនួយការ​ដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍​តាមដាន​អ្នកជំងឺ ចំនួន ៥០​គ្រឿង ឧបករណ៍​ផលិត​អុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និង​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយចំនួនទៀត ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​រាតត្បាត​កូ​វីដ​-១៩​។​

​កិច្ចប្រជុំ​ខាងលើ​បានបញ្ចប់​ទៅក្នុង​បរិយាកាស​យល់​គ្នា​ទៅវិញទៅមក និង​ដោយ​ស្មោះត្រង់​៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner