ឯកឧត្តម សាយ សំអាល់ ៖ ថ្ងៃ៧មករា បានស្រោចស្រង់កម្ពុជាពីថ្លុកឈាម គំនរឆ្អឹងនឹងទឹកភ្នែក និងបោះជំហានរីកចម្រើនជាបន្តបន្ទាប់

ព្រះសីហនុ ៖ ជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២២) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលបានស្រោចស្រង់កម្ពុជាឲ្យងើបចេញពីថ្លុកឈាម គំនរភ្នំឆ្អឹង និងទឹកភ្នែក ហើយបានរួបរួមគ្នាកសាង និងស្តារប្រទេសបោះជំហានរីកចម្រើនឡើងជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។ ស្មារតី៧មករា បានធ្វើឲ្យប្រជាជនមានមោទនភាពយ៉ាងជ្រាលជ្រៅចំពោះស្នាដៃ និងសមិទ្ធផលធំៗជាច្រើនដែលរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា សម្រេចបានក្នុងរយៈពេល៤៣ឆ្នាំកន្លងទៅនេះ ហើយបានសម្របសម្រួលជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និងក្នុងគោលដៅដើម្បីពង្រឹងដល់មិត្តភាពរបស់អាស៊ានផងដែរ។ នេះជាការលើកឡើង ដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ នៅក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំឥស្លាមទូទាំងខេត្តព្រះសីហនុ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម សាយ សំអាល់បានបន្ថែមថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចុះគន្លឹះដ៏សំខាន់មួយក្នុងការត្រួសត្រាយផ្លូវទៅរកដំណោះស្រាយបញ្ហាវិបត្តក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនឹងនាំយកសមាជិកអាស៊ានទាំ១០ប្រទេសឲ្យរួមគ្នាឡើងវិញ។ ឯកឧត្តម បានចាត់ទុកថា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានបទពិសោធន៍យ៉ាងជ្រៅជ្រះអំពីដំណោះស្រាយស្វែងរកសន្តិភាព និងការបញ្ចប់សង្គ្រាមនៅកម្ពុជាកាលពីជាង៤០ឆ្នាំកន្លងទៅ។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់បន្ថែមថា សម្តេចតេជោ បានជ្រើសរើសយកថ្ងៃ ៧ មករា ឆ្នាំ២០២២ សម្រាប់ការចូលរួមធ្វើដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ មិនមែនជារឿងចៃដន្យនោះទេ សម្តេចតេជោ បានដឹកនាំកម្ពុជាពីគំនរផេះផង់ ថ្លុកឈាម គំនរឆ្អឹងនិងទឹកភ្នែក បង្កដោយរបបកម្ពុជាប្រជាធិបតេយ្យ នៃបនប្រល័យពូជាសាសន៍ ប៉ុល ពត ចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយបានកសាងប្រទេស នាំយកនូវសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ និងការអភិវឌ្ឍរីកចម្រើន ដូចបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយឯកឧត្តម នាយឧត្តមសេនីយជាន់ខ្ពស់ មីន អ៊ុងឡាំង នាយករដ្ឋមន្រ្តីប្រទេសមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលដោះស្រាយបញ្ហានៅប្រទេសនេះ ដែលជាលទ្ធផលមេដឹកនាំមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយ បានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះមេដឹកនាំប្រទេសមីយ៉ាន់ម៉ា គាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner