ក្រុមហ៊ុនW&K ធ្វើសន្និសីទសារព័ត៌មាន​ ស្ដីពី បច្ចេកវិទ្យាឌីជីថល និងប្លុកឆែន

ភ្នំពេញ៖ នាពេលបច្ចុប្បន្នេះ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃបដិវត្ដន៍ឧស្សាហកម្មទី ៤ ជា​សម័យ​បច្ចេកវិទ្យាឌីជីថល ដែលមានភាពទំនើប និងស្មុគ្រស្មាញ ប៉ុន្ដែមានគុណភាពល្អលើស​បច្ចេក​វិទ្យាជំនាន់មុនៗ ដូចជាបច្ចេកវិទ្យាAI Fintech និងបច្ចេកវិទ្យាBlock Chainជាដើម។ ថ្វីដ្បិត​តែព្រះរាជា​ណាចក្រកម្ពុជា កំពុងមានភាពជឿនលឿនផ្នែកបច្ចេក​វិទ្យាព័ត៌មាន​វិទ្យាក៏ពិត​មែន ប៉ុន្តែពុំទាន់មានបច្ចេកវិទ្យាBlock Chain នៅឡើយនោះទេ។ ហេតុនេះ ក្នុងការចូលរួមក្នុង​ដំណើរការបដិវត្តន៍ឧស្សាហកម្ម ៤.០នេះ ប្រសិនណាបើយើងអាចចាប់ផ្ដើមមុនគេ គេការចាប់​យកបច្ចេកវិទ្យាទាំងនេះ ជាពិសេសបច្ចេកវិទ្យា​Block Chain នោះយើងនឹងមានឱកាសទទួល​បាននូវចំណែកទីផ្សារដ៏ធំចំពោះបច្ចេកវិទ្យាដ៏ទំនើបមួយនេះ។ នេះជាការអះអាងរបស់លោក ណា ចុងស៊ិក ប្រធានសមាគមប្លុកឆែនរបស់ប្រទេសកូរ៉េ និងជាប្រធានផ្នែកបច្ចេកវិទ្យា​នៃក្រុមហ៊ុន​​W&K តាមរយៈសន្និសីទសារព័ត៌មានស្ដីពីបច្ចេកវិទ្យាឌីជីថល និងប្លុកឆែន នៅ​សណ្ឋាគារ​សូហ្វីតែល ភូគីត្រា ក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅនេះ។

លោកបានបញ្ជាក់ថា បច្ចេកវិទ្យា​ Blockchain មិនត្រឹមតែ​ជា​បច្ចេកវិទ្យាបង្កើត​ឡើង​ដំបូង​ដើម្បី​ដោះដូរ និង​បញ្ជាក់​ភាព​ពិតប្រាកដរបស់​រូបិយប័ណ្ណ​ឌីជីថល​ Bitcoin ជា​មូលដ្ឋាន​ក្នុងការ​ធ្វើ​បញ្ជី​គណនេយ្យ​មួយ ដែល​មាន​ទម្រង់​ជា​ប្រព័ន្ធ​សំណុំ​កុំព្យូទ័រ​មិន​អាច​កែប្រែបាននោះទេ ប៉ុន្ដែជា​ខ្សែស្រឡាយ​បណ្តុំ​ព័ត៌មាន ប្រទាក់​ក្រឡា​គ្នា នៅ​ក្នុង​សំណុំ​កុំព្យូទ័រ​ ដែលអនុញ្ញាតឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​​បញ្ជី​ទិន្នន័យ​នៃ​កុំព្យូទ័រ ដោយ​អ្នក​ប្រើប្រាស់​ពី​ម្នាក់​ទៅ​ម្នាក់ ដែលអាផ្ទុកទិន្នន័យបានធំ និងមានសុវត្ថិភាពខ្ពស់។ បច្ចេកវិទ្យា Blockchain អាច​ប្រើ​ដើម្បី​បញ្ជាក់លម្អិត​ការ​ធ្វើ​បញ្ជី​គណនេយ្យ​នៅ​គ្រប់​ទម្រង់​ណា​មួយ ដែល​មាន​លើស​ពី​រូបិយប័ណ្ណ​​ឌីជីថល​ទៅ​ទៀត។

ក្នុងសន្និសីទសារព័ត៌មាននេះដែរ លោក កាង ចេហូ អគ្គនាយកក្រុមហ៊ុនW&K បានបញ្ជាក់​ពី​ទស្សនវិស័យរបស់ក្រុមហ៊ុន ក្នុងការផ្ដល់ជូននូវសេវាកម្មបែបបច្ចេកវិទ្យាសម័យ​ទំនើប ជាពិសេស​គឺបច្ចេកវិទ្យាប្លុកឆែន និង​សេវាកម្ម​​ដែលពាក់ព័ន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីបង្កើនចំណេះដឹង និងជីវភាពប្រចាំថ្ងៃរបស់គាត់។ តាមរយៈចក្ខុវិស័យនេះ ក្រុមហ៊ុនមានបេសកកម្មស្នូលចំនួន៣សំខាន់ៗគឺ ៖ ១. ផ្ដល់នូវផលិតផល និងសេវាកម្មដ៏ល្អបំផុត ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យបានទាន់ពេលវេលា, ២. ផ្តោត​លើការអភិវឌ្ឍន៍ចំណេះដឹង ដើម្បីរួមចំណែកអភិវឌ្ឍបច្ចេកវិទ្យាជំនាន់ថ្មី (ប្លុកឆែន) តាមរយៈការ​សិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយ ចែករំលែកដល់ប្រជាជនកម្ពុជា សម្រាប់ជ័យសហគមន៍​ឱ្យមានជីវភាប្រសើរឡើង និងកាត់បន្ថយវិសមភាពសង្គម និងទី៣. សមាហរណកម្មបច្ចេកវិទ្យា​ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជាឱ្យមានភាព​រីកចម្រើន និងផ្សារភ្ជាប់កម្ពុជាទៅកាន់ពិភពលោក តាមរយៈការផ្សព្វផ្សាយ និងការធ្វើ​សមាហរណ​កម្មបច្ចេកវិទ្យានាយុគសម័យឌីជីថល ៤.០ លើឆាកអន្ដរជាតិ។

លោក កាង ចេហូ បានអះអាងថា គោលបំណងរបស់W&K មិនត្រឹមតែជាការវិនិយោគបែប ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្ដែគឺចង់ជំរុញវិស័យបច្ចេកវិទ្យាប្លុកឆែនដល់កម្ពុជា និងធ្វើឱ្យកម្ពុជាក្លាយ​ជាប្រទេសឈានមុខ មានសេដ្ឋកិច្ចបែបឌីជីថល និងជាអ្នកផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យាដល់បណ្ដា​ប្រទេសនានាក្នុងតំបន់ ឬក៏ទៅដល់ពិភពលោកតែម្ដង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner