លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងឥណ្ឌា

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា និងបញ្ហា តំបន់ដែលជាកង្វល់ និងផលប្រយោជន៍រួម។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធ្វើការឲ្យកាន់តែជិតស្និទ្ធសំដៅបន្តពង្រឹងទំនាក់ទំនង ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា នៅឆ្នាំ២០២២ នេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពធ្វើការ ផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងរួមគ្នារៀបចំព្រឹត្តិការណ៍ប្រកបដោយអត្ថន័យមួយចំនួន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានមានប្រសាសន៍បន្ថែមថា ទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា នៅកម្ពុជា ពិតជាឱកាសដ៏ល្អមួយសម្រាប់ឯកឧត្តមបណ្ឌិត ចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌា ដែលគ្រោងនឹងរៀបចំនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឥណ្ឌាដល់តំបន់មេគង្គ និងជំនួយដែលបានផ្ដល់ឱ្យ កម្ពុជាតាមរយៈគម្រោងទទួលផលឆាប់រហ័ស (Quick Impact Projects) ក្រោមគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើ វិស័យកសិកម្ម បរិស្ថាន សុខាភិបាល អភិវឌ្ឍន៍ជនបទ អប់រំ និងវប្បធម៌។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានផ្លាស់ប្តូរយោបល់គ្នា អំពីការវិវឌ្ឍបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាអំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះដោយសន្តិវិធី តាមរយៈការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចប្រកបដោយប្រសិទិ្ធភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តីការបរទេសឥណ្ឌា អំពីលទ្ធផល វិជ្ជមាននៃដំណើរទស្សនកិច្ចការងាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសជិតខាងជាមួយមីយ៉ាន់ម៉ា ឥណ្ឌាបាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំនេះ។ កិច្ចសន្ទនាតាមទូរស័ព្ទបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាលក្នុងស្មារតីមិត្តភាព និងការយល់គ្នាទៅវិញទៅមក៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner