អ្នកការទូតចិនជើងចាស់ម្នាក់ថា ចិនគួរតែផ្ដោតលើកិច្ចការធំ មិនមែនរវល់លើសង្គ្រាមពាក្យសម្ដីទេ

លោក ស្វេ ធានកាយ (Cui Tiankai) អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​ការទូត​ចិន​ត្រូវ​តែ​ការពារ​ផល​ប្រយោជន៍​ចិន ប៉ុន្តែ​គួរ​តែ​ផ្ដោត​លើ​កិច្ចការ​ធំ មិនមែន​រវល់​លើ​តែ​​សង្គ្រាម​ពាក្យ​សម្ដី​នោះ​ទេ នៅ​ក្នុង​ការ​ចាត់​ចែង​ទំនាក់ទំនង​ចិន និង​អាមេរិក។

អ្នក​ការទូត​ចិន​ភាគ​ច្រើន​ត្រូវ​បាន​សារព័ត៌មាន​ថ្នាក់​តំបន់ និង​អន្តរជាតិ​ឱ្យ​ងារ​ថា​ជា «អ្នក​ចម្បាំង​ចចក» ដែល​បាន​សេចក្ដី​ថា អ្នក​ការទូត​ទាំង​នោះ​ភាគ​ច្រើន​ការពារ​មុខ​មាត់​ប្រទេស​ចិន​យ៉ាង​សកម្ម តាម​រយៈ​ការ​ឆ្លើយតប​ជា​ពាក្យ​សម្ដី​ភ្លាមៗ នៅ​ចំពោះ​មុខ​ការ​រិះគន់​នានា​ ឬ សកម្មភាព​នានា​ពី​សំណាក់​អ្នក​វិភាគ អ្នក​ជំនាញ មន្ត្រី និង​ថ្នាក់ដឹកនាំ​ប្រទេស​ដទៃ​ជាពិសេស​ សហរដ្ឋអាមេរិក​តែ​ម្ដង។

ទំនោរ​ការទូត​ប្រភេទ​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ញឹកញាប់​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ជាពិសេស​គឺ​ ចាប់​តាំង​ពី​ពេល​ចិន​ និង​អាមេរិក​បាន​ប្រឈម​មុខ​គ្នា​យ៉ាង​តឹងតែង​។

ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​របស់​វិទ្យាស្ថាន​ចិន​នៃ​ការ​សិក្សា​អន្តរជាតិ កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ លោក ស្វេ បាន​និយាយ​ថា៖ «យើង​ត្រូវ​តែ​មាន​ភាព​ច្បាស់​លាស់ ហើយ​ត្រៀម​ខ្លួន​ឱ្យ​បាន​ពេញ​លេញ ក្នុង​ការ​ឆ្លើយតប​នឹង​ទំនាក់ទំនង​ចិន និង​អាមេរិក ដែល​ពោរពេញ​ដោយ​ការ​ប្រែប្រួល​ ហើយ​នឹង​មាន​ភាព​រដាក់រដុប​នា​ពេល​អនាគត ហើយ​យើង​ត្រូវ​ការពារ​អធិបតេយ្យភាព ផលប្រយោជន៍​សន្តិសុខ និង​អភិវឌ្ឍន៍​យ៉ាង​ដាច់​ខាត»។

លោក​បាន​បន្ត​ថា ចិន​ត្រូវ​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ស្ថានការណ៍​យុទ្ធសាស្ត្រ​ទូទៅ។ លោក​បាន​លើកឡើង​ថា​៖ «ជា​គោលការណ៍​ យើង​មិន​ត្រូវ​ច្បាំង​នូវ​សង្គ្រាម​មួយ​ ដែល​យើង​មិន​ទាន់​ត្រៀម​ខ្លួន​គ្រប់គ្រាន់​នោះ​ទេ សង្គ្រាម​ដែល​យើង​មិន​ប្រាកដ​ថា​អាច​នឹង​ឈ្នះ សង្គ្រាម​នៃ​កំហឹង ឬ ការ​បង្កាច់​បង្ខូច​ឈ្មោះ​គ្នា​នោះ​ទេ»។

«រាល់​សមិទ្ធផល​នានា​របស់​ប្រជាជន​យើង​ពិបាក​នឹង​រក​ណាស់ ហើយ​យើង​ដាច់​ខាត​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ប្រជាជន​យើង​ត្រូវ​បាន​ជាន់​ឈ្លី​ដោយ​នរណា​ម្នាក់ ឬ ក៏​រង​ការ​ខាត​បង់ ដោយសារ​តែ​ការ​ធ្វេសប្រហែស​ និង​អសមត្ថភាព​របស់​យើង»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក។

លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា៖ «នៅ​ចំពោះ​មុខ​ស្ថានភាព​ដ៏​ស្មុគស្មាញ យើង​ត្រូវ​តែ​ដាក់​ប្រទេស​យើង​ជា​ធំ​នៅ​ក្នុង​ចិត្ត និង​មិន​ត្រូវ​គិត​អំពី​ការ​ធ្វើ​ជា​តារា​ល្បី​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត​នោះ​ទេ»។

សារព័ត៌មានជប៉ុន​​នីកេ​បាន​ធ្វើ​ការ​វិភាគ​ថា ការ​លើកឡើង​របស់​អតីត​មន្រ្តី​ទូ​ត​ចិន​នៅ​អាមេរិក​បែប​នេះ​ហាក់​បី​ដូច​ជា​កម្រ​នៅ​ក្នុង​ចំណោម​កិច្ចពិភាក្សា​ជា​សាធារណៈ​ក្នុង​ចំណោម​រង្វង់​អ្នក​ការទូត និង​អ្នកសិក្សា​អន្តរជាតិ​របស់​ចិន។

វិធីសាស្ត្រ​ការទូត​ចិន​បែប​ប្រឈម​មុខ​ខ្លាំង​ៗ​ដាក់​គូ​ប្រជែង​គឺ​ចេញ​ពី​មន្ត្រី​ ២រូប​គឺ លោក យ៉ាង ជៀឈី (Yang Jiechi) ប្រធាន​គណៈកម្មការ​ការបរទេស​គណបក្ស​កុម្មុយនិស្ត និង​លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន។ យ៉ាងណាមិញ ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​គឺ​ផ្អែក​លើ លោក ស៊ី ជីនភីង ប្រធានាធិបតី​ចិន។

សុន្ទរកថា​របស់​លោក ស្វេ បាន​បង្ហាញ​ពី​ការ​រិះគន់ និង​ផ្ដល់​យោបល់​ត្រង់ៗ​ទៅ​កាន់​វិធីសាស្ត្រ​របស់​អ្នក​ការទូត​បច្ចុប្បន្ន។ កន្លង​មក​ រដ្ឋអំណាច​ចិន​ហាក់​មិន​សូវ​សប្បាយ​ចិត្ត​នឹង​មតិ​ផ្ទុយ ឬ ការ​រិះគន់​នានា​នោះ​ទេ។

សារព័ត៌មាន​នីកេ​វិភាគ​ថា លោក ស្វេ ជា​ទូត​ចិន​ទៅ​កាន់​អាមេរិក​យូរ​ជាង​គេ ដោយ​កាន់​តំណែង​រយៈពេល ៨ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៨។ ម្យ៉ាង​ទៀត​ លោក ស្វេ ជា​អ្នក​ការទូត​មួយ​រូប ដែល​ត្រូវ​បាន​លោក ស៊ី ជីនភីង ទុក​ចិត្ត​ចំពោះ​ការងារ​ទំនាក់ទំនង​អាមេរិក និង​ចិន។

គេ​មិន​ដឹង​ច្បាស់​ថា​ចិន​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​វិធីសាស្ត្រ​ការទូត​នោះ​ទេ តែ​គេ​អាច​កត់​សម្គាល់​បាន​ថា ការ​ពិភាក្សា​លើ​វិស័យ​កិច្ចការ​បរទេស​អាច​នឹង​មិន​សូវ​រឹតបន្តឹង​ដូច​មុន​នោះ​ទេ។ នា​ពេល​ថ្មីៗ​នេះ​ ចិន​ក៏​បាន​ធ្វើ​ការ​បន្ថយ​ការ​រឹតត្បិត​លើ​ការ​ពិភាក្សា​រឿង​គោលនយោបាយ​សេដ្ឋកិច្ច៕

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner