មនុស្សជំនិតលោកកឹម សុខា ចំអកឱ្យទណ្ឌិត សម រង្ស៊ី តាំងខ្លួនឯងជា «គង់ហ៊ាន» ខណៈដែលសារធាតុនិងចរិតធម្មជាតិរបស់ខ្លួនជាមនុស្សកំសាកញី

ភ្នំពេញ៖ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានសម្តែងការហួសចិត្ត និងអស់សំណើចបំផុតដែលទណ្ឌិត សម រង្ស៊ី ចេញមុខជាថ្មីដោយតាំងខ្លួនឯងជា «គង់ហ៊ាន» ខណៈដែលសារធាតុនិងចរិតធម្មជាតិរបស់ខ្លួនជាមនុស្សកំសាកញី ជាមាន់ត្រចៀកស ជាទន្សាយព្រៃ ជាសត្វឈ្លូស ដែលចេះត្រឹមផ្អើលរត់គេចពីការទទួលខុសត្រូវ ទោះបីគ្រាន់តែគេគោះប៉ោត។

នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៤ ខែមករានេះ លោក មុត ចន្ថា បានសរសេរថា លោក សម រង្ស៊ី ចេញមុខប្រកាសចង់ចូលខ្លួនឱ្យតុលាការកាត់ទោសជំនួសឯកឧត្តម កឹម សុខា។ ប្រសិនជាប្រជាពលរដ្ឋខ្មែរមិនបានដឹងពីសារធាតុនិងចរិតកំសាកពីធម្មជាតិរបស់គាត់ទេ ម្ល៉េះគេអាចយល់ច្រឡំថាគាត់ជាមនុស្សក្លាហាន តែតាមពិតគាត់គ្រាន់តែជាមនុស្សក្លានហានអណ្តើកក្នុងស្នូក ដែលមិនដែលហ៊ានប្រថុយ ឬផ្សងគ្រោះថ្នាក់ម្តងណាឡើយ។ តាមពិត លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសជាច្រើនបទឧក្រិដ្ឋដែលត្រូវប្រឈមនឹងការជាប់ពន្ធនាគារជាង៤០ឆ្នាំ ក្នុងរយៈពេល៤ឆ្នាំមកនេះ ប៉ុន្តែគាត់មិនដែលមានភាពក្លាហានសុំចូលខ្លួនឱ្យតុលាការកាត់ទោសដោយផ្ទាល់ម្តងណាឡើយ។ ចំណែកការកាត់ទោសកាលពីអតីតកាល ក៏គាត់មិនមានភាពក្លាហានបង្ហាញវត្តនៅក្នុងតុលាការដូចគ្នា។ ផ្ទុយទៅវិញ គាត់គិតតែពីរត់គេចខ្លួនទៅសម្ងំយកសុខយកស្រួល ក្រោមលេសចោទថាតុលាការតេឡេ។

ម្យ៉ាងវិញទៀត សំណុំរឿងព្រហ្មទណ្ឌត្រូវបានបំបែកចេញពីសំណុំរឿងក្តីរបស់ឯកឧត្តម កឹម សុខា សម្រាប់លោក សម រង្ស៊ី និងគូកនរបស់គាត់ ដែលតុលាការក៏បានកោះហៅគាត់ និងគូកនឱ្យចូលខ្លួនមកកាន់តុលាការ ដើម្បីទទួលការកាត់ទោស ប៉ុន្តែពួកគាត់មិនដែលហ៊ានបង្ហាញមុខម្តងណាឡើយ បែរជាធ្វើពុតចង់ចូលខ្លួនឱ្យតុលាការកាត់ទោសជំនួសនៅពេលនេះ។ កុំធ្វើជាអ្នកក្លាហានដូចអណ្តើកក្នុងស្នូក! បោកៗៗៗ!

លោក ចន្ថា បានបន្តថា លោក សម រង្ស៊ី កំពុងព្យាយាមដោយចេតនាទុច្ចរិត ដើម្បីទាញភ្ជាប់ឯកឧត្តម កឹម សុខា ជាមួយអំពើល្មើសច្បាប់ថ្មីៗជាច្រើនរបស់គាត់ ខណៈដែលឯកឧត្តម កឹម សុខា មិនដែលចូលរួម ឬមិនដែលគាំទ្រ និងថែមទាំងថ្កោលទោសយ៉ាងដាច់ខាតទៀតនោះ។ លោក សម រង្ស៊ី បានបង្កើតពាក្យស្លោកដោយអត្តនោម័តិ គឺ «សម រង្ស៊ី – កឹម សុខា ជាមនុស្សតែមួយ» ដើម្បីបន្លំនិងបំភ័ន្តមតិសាធារណជាតិ និងអន្តរជាតិ ក្នុងគោលបំណងបម្រើឱ្យមហិច្ឆតានយោបាយរបស់ខ្លួន។ ឯកឧត្តម កឹម សុខា បានសុំឱ្យក្រុមមេធាវីរបស់គាត់ប្រកាសបដិសេធជាច្រើនលើកចំពោះពាក្យស្លោកនេះ និងបានទាមទារឱ្យលោក សម រង្ស៊ី បញ្ឈប់យកឈ្មោះ ឯកឧត្តម កឹម សុខា ទៅប្រើប្រាស់តទៅទៀត ប៉ុន្តែលោក សម រង្ស៊ី នៅតែមានះក្នុងចេតនាទុច្ចរិត។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ឯកឧត្តម កឹម សុខា បានចេញសេចក្តីថ្លែងការណ៍ដោយផ្ទាល់ ប្រាប់ទៅលោក សម រង្ស៊ី និងគូនកន ឱ្យបញ្ឈប់យកឈ្មោះនិងរូបថតរបស់គាត់ទៅប្រើប្រាស់ ដើម្បីបម្រើឱ្យមហិច្ឆតានយោបាយ និងអំពើខុសច្បាប់របស់ពួកគេតទៅទៀត។

មនុស្សជំនិតលោកកឹម សុខា បានលើកឡើងថា ជាគោលការណ៍នីត្យានុកូលភាព ទង្វើខុសច្បាប់របស់អ្នកណាទោះស្ថិតក្នុងដំណាក់កាលចោទប្រកាន់ អ្នកនោះត្រូវប្រឈម ដោយមិនអាចប្តូរមនុស្សផ្សេងឱ្យមកទទួលជំនួសបាននោះទេ។ ដូច្នេះអ្វីដែលលោក សម រង្ស៊ី ប្រកាសចូលខ្លួនឱ្យតុលាការកាត់ទោសជំនួស គឺជាអំពើល្ងង់ខ្លៅខាងចំណេះដឹងច្បាប់ ឬគាត់ធ្វើពុតចង់បង្ហាញភក្តីភាពក្លែងក្លាយចំពោះ ឯកឧត្តម កឹម សុខា ដើម្បីបិទបាំងភាពកំសាករបស់គាត់ ដែលរត់ចោលជាតិ និងអ្នកគាំទ្រទៅរស់សម្ងំយកសុខយកស្រួលនៅក្រៅប្រទេស ហើយនឹងដើម្បីបោកប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ។ ប្រសិនជាលោក សម រង្ស៊ី ក្លាហានប្រាកដមែន គួរដើរចូលពន្ធនាគារ ដើម្បីបំពេញទោសជាង៤០ឆ្នាំដែលតុលាការបានកាត់រួចហើយនោះ និងប្រឈមនឹងការកាត់ទោសចំពោះសំណុំរឿងឧក្រិដ្ឋផ្សេងទៀត ដោយមិនចាំបាច់ធ្វើពុតជាក្លាហានក្លែងក្លាយចូលខ្លួនឱ្យតុលាការកាត់ទោសជំនួស ឯកឧត្តម កឹម សុខា ឡើយ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner