គ.ជ.ប ជួបជាមួយតំណាងគណបក្សនយោបាយចំនួន៣ និងអង្គការខុមហ្វ្រែល អំពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត

ភ្នំពេញ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអញ្ជើញតំណាងគណបក្សនយោបាយចំនួន៣ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា និងតំណាងអង្គការខុមហ្វ្រែល ដើម្បីចូលរួមពិភាក្សាលើអនុសាសន៍របស់គណបក្សនយោបាយ ពាក់ព័ន្ធនឹងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) នៅទីស្ដីការ គ.ជ.ប ថ្ងៃទី១៤ ខែមករាឆ្នាំ២០២២នេះ។

នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត(ទម្រង់បែបបទ ១១០២) គណបក្សនយោបាយអាចថតនៅមុខការិយាល័យបោះឆ្នោតនៅពេលបិទផ្សាយជាសាធារណៈ ហើយគណបក្សនយោបាយអាច ទៅទទួលយកទម្រង់បែបបទ១១០២ ដដែលនេះ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត(គឃ.សប)។ ទម្រង់បែបបទ ១១០២នេះ ត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ស្គេន (Scan) ដោយផ្ទាល់ រួចបោះពុម្ពចេញពីកុំព្យូទ័រ ហើយចែកជូនតំណាងគណបក្សនយោបាយដែលមានវត្តមាន នៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។

ឯកឧត្តម ទេព នីថា បានបញ្ជាក់ថា ហេតុផលដែលមានការកែប្រែលើចំណុចនេះ ដោយសារតែប្រទេសកម្ពុជាមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលបានផ្ដល់ថវិកាមួយចំនួន ដើម្បីឱ្យ គ.ជ.ប មានលទ្ធភាពទិញកុំព្យូទ័រ និងម៉ាស៊ីន Scanner សម្រាប់ផ្ដល់ជូនទៅដល់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតក្នុងការបំពេញការងារនាពេលខាងមុខ។ឯកឧត្តមបន្តថា ការបោះឆ្នោតកន្លងមក គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ពុំមានសម្ភារឧបករណ៍ទាំងនោះទេ។ម្យ៉ាងទៀត ដើម្បីកាត់បន្ថយនូវកំហុសឆ្គងមួយចំនួនដែលធ្លាប់មានការឆកល្វែង ដែលកើតឡើងដោយអចេតនារបស់ មន្ត្រីការិយាល័យបោះឆ្នោត គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតជាអ្នកចែកជូនទម្រង់បែបបទ ១១០២ ដល់តំណាងគណបក្សនយោបាយដោយផ្ទាល់ដៃវិញ។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បន្តថា ការបោះឆ្នោតកន្លងមក មន្ត្រីការិយាល័យបោះឆ្នោតត្រូវចម្លងលទ្ធផលនៃការរាប់សន្លឹកឆ្នោតដោយដៃជាច្រើនច្បាប់ ចែកជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាននៅការិយាល័យបោះឆ្នោត។ លើសពីនេះទៀត ក្នុងថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតធ្វើការលើស ១២ម៉ោង ហួសកម្លាំង មន្ត្រីការិយាល័យបោះឆ្នោត អាចនឹងមាន ការថ្លោះធ្លោយនៅក្នុងការសរសេរចម្លងលទ្ធផលនៃការបោះឆ្នោតដោយដៃ។ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២២ ខាងមុខគ.ជ.ប បានធ្វើការកែសម្រួលត្រង់ចំណុចនេះ ដោយភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន នៅតែទទួលបានទម្រង់បែបបទ ១១០២ ដដែល គ្រាន់តែពីមុនទទួលដោយផ្ទាល់ដៃនៅការិយាល័យបោះឆ្នោត ប៉ុន្តែពេលនេះត្រូវមកទទួលដោយផ្ទាល់ដៃនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតវិញ ក្នុងថ្ងៃបោះឆ្នោតដដែល។ ម្យ៉ាងទៀត សាធារណជនក៏អាចចូលមើលលទ្ធផលនៃការបោះឆ្នោតនៅលើគេហទំព័ររបស់ គ.ជ.ប ផងដែរ។

ឯកឧត្តម ទេព នីថា បានពន្យល់ទៀតថា កន្លងមកតួលេខនៅលើទម្រង់បែបបទ ១១០២ មានខុសតែបន្តិចបន្តួច មិនធ្វើឱ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទេ ប៉ុន្តែត្រូវបានគណបក្សនយោបាយខ្លះ ឬមហាជនមួយចំនួនថតបង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គមដើម្បីធ្វើឱ្យសាធារណជនមានការភាន់ច្រឡំអំពីលទ្ធផលនៃការបោះឆ្នោត។ មូលហេតុទាំងនេះហើយ ទើបពេលនេះ គ.ជ.ប បានធ្វើការកែសម្រួល ដើម្បីឱ្យលទ្ធផលនៃការបោះឆ្នោតកាន់តែមានភាពសុក្រឹត តម្លាភាព ហើយ ដំណើរ ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។ 

ទោះបីជា គ.ជ.ប បានពន្យល់ហេតុផលសព្វគ្រប់យ៉ាងណាក៏ដោយ ភាគីខាងគណបក្សនយោបាយទាំង៣ នៅតែទទូចរក្សាជំហរទាមទាររបស់ខ្លួនដដែល។ ភាគីគណបក្សនយោបាយទាំង ៣ ក៏បានថ្លែងអំណរគុណដល់ គ.ជ.ប ដែលបានផ្តល់ឱកាសឱ្យគណបក្សនយាបាយបានជួបពិភាក្សាផ្ទាល់លើចំណុច ខ្វែងគ្នា។

ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប បានបន្តថា គ.ជ.ប នៅមានកិច្ចការជាច្រើនទៀតដែលត្រូវជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ហើយឯកឧត្តម បានថ្លែងអំណរគុណដល់គណបក្សនយោបាយ និងអង្គការខុមហ្វ្រែលដែលបានចូលរួមផ្តល់អនុសាសន៍លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ភាគីទាំងពីរបានវាយតម្លៃចំពោះជំនួបពិភាក្សាដោយផ្ទាល់នេះថា វាជាការយោគយល់គ្នា និងបានជជែកគ្នាត្រង់ទៅត្រង់មក។ ជំនួបពិភាក្សារយៈពេលប្រមាណជា២ម៉ោង បានបញ្ចប់ទៅដោយភាពស្និទ្ធស្នាល៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner