ប្រជាពលរដ្ឋនៅតាមសហគមន៍កំពុងពង្រឹងជីវភាពតាមរយៈការចិញ្ចឹមគោ

ខេត្តកំពង់ធំ​៖ ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​ចិ​ញ្ជៀ​ន ស្ថិតនៅ​ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បា​ល្ល័​ង្ក ខេត្តកំពង់ធំ ដែល​បានទទួល​ពូជ​គោ​ពី​ក្រសួងបរិស្ថាន​សម្រាប់​ចិញ្ចឹម​នោះ បាន​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​ពួកគាត់​កាន់តែ​ប្រសើរ​ជា​បណ្តើរៗ​។​


គិត​រហូតមក​ដល់ពេលនេះ ប្រជា​សហគមន៍​បាន​ចូលរួម​ចិញ្ចឹម​គោ កំពុង​រីក​ធំធាត់ និង​អាច​បង្កើតកូន​បាន​នៅ​ថ្ងៃ​ខាងមុខ​។​
លោក សឿន រី ប្រធាន សហគមន៍ តំបន់ការពារធម្មជាតិ​អូរ​ចិ​ញ្ជៀ​ន បានឱ្យដឹងថា​សហគម​ន៍​របស់លោក​បានទទួល​គោ​ពី​ក្រសួងបរិស្ថាន​ចំនួន​៤២​ក្បាល កាលពី​អំឡុង​ដើមឆ្នាំ​២០២១​កន្លងមក ហើយ​លោក​បាន​ចែក​ឱ្យ​សហគមន៍​ចំនួន​១៤​គ្រួសារ​។ ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត បានទទួល​យក​គោ​ទៅ​ចិញ្ចឹម ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​មួយកម្រិត​។​


លោក​សឿន​រី​បានឱ្យដឹង​បន្ថែមថា ក្នុង​សហគមន៍​របស់​លោកមា​ន​សមាជិក​២៧០​គ្រួសារ ហើយ​ក្នុងចំណោម​នេះ​ប្រជា​សហគមន៍​ចំនួន​៥០​ភាគរយ​ហើយ​ដែល​ចិញ្ចឹម​គោ​សម្រាប់​ទុក​លក់​និង​មួយផ្នែក​តិចតួច​ប៉ុណ្ណោះ​ដែល​ប្រើ​សម្រាប់​ជា​កម្លាំង​អូសទាញ​។​គ្រួសារ​កញ្ញា ម៉ុ​ច មាលា ដែលជា​សមាជិក​សហគម​ន៍​មួយ ទទួលបាន​គោ​ចំនួន​៣​ក្បាល និង​កំ​ពុងថែ​ទាំ​យ៉ាង​យកចិត្តទុកដាក់ ធ្វើយ៉ាងណា​ឱ្យ​វា​ឆាប់​ធំ និង​ហុច​ផល​បង្កើតជា​កូនចៅ​សម្រាប់​បន្ត​ពូជ​បាន​លឿន​។​


ដោយឡែក លោក សិទ្ធ ភឿ​ក ដែល​បាន​ទទួលបាន​គោ​ចំនួន​៣​ក្បាល​ដូចគ្នា​ដែរ បាន​សម្តែង​ការសប្បាយ​ចិត្ត ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងបរិស្ថាន​ដែល​បានផ្តល់​ពូជ​គោ​ដែលជា​ផ្នែក​មួយ​ជួយ​ដល់​គ្រួសារ​របស់គាត់​។​
បុរស​រូបនេះ​បន្ថែមថា​”​គោ​ដែល​ខ្ញុំ​ទទួលបាន​បើ​គិតពី​តម្លៃ​វា​ច្រើនណាស់​ខ្ញុំ​មិនអាច​ទិញ​វា​បានទេ ហេតុនេះ​ខ្ញុំ​ត្រូវតែ​ខិតខំ​ថែទាំ និង​ចាក់​ថ្នាំ​បង្កា​រោគ​ជំងឺ ដើម្បី​កុំឱ្យ​ឈឺ​ងាប់​ដោយ​ប្រការ​ណាមួយ​។ គោ​ទាំងនេះ​ខ្ញុំ​សង្ឃឹមថា​វា​នឹង​បង្កើត​កូនចៅ​ឱ្យ​ខ្ញុំ​នៅ​ថ្ងៃ​ខាងមុខ ហើយ​ពេលនោះ​ខ្ញុំ​លែង​ព្រួយ​ថា​គ្មាន​គោ​ចិញ្ចឹម​ដូច​គេ​ទៀតហើយ​”​។​

        គួរបញ្ជាក់​ក្រសួងបរិស្ថាន​បានផ្តល់​ពូជ​គោ​កាលពី​អំឡុង​ដើមឆ្នាំ​២០២១​កន្លងមក ដល់​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​ជញ្ជាន ស្ថិតនៅ ឃុំ​សា​គ្រាម ស្រុក​បា​ល្ល័​ង ខេត្តកំពង់ធំ ចំនួន​៤២​ក្បាល ដើម្បី​ចែកជូន​ដល់​ប្រជា​សហគមន៍​ចំនួន​១៤​គ្រួសារ និង​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​បញ្ញា​ស្ថិតនៅ ឃុំ​សា​គ្រាម ស្រុក​បា​ល្ល័​ង ខេត្តកំពង់ធំ ទទួលបាន​ពូជ​គោ​ចំនួន​៤២​ក្បាល ដោយ​ក្នុងនេះ​បាន​ចែកជូន​ប្រជា​សហគមន៍​ក្រីក្រ​ចំនួន​១៤​គ្រួសារ​ដូចគ្នា​។​

    ក្នុង​ឆ្នាំ​២០២០ រហូតដល់​ពេលនេះ ក្រសួងបរិស្ថាន​បានផ្តល់​ពូជ​ក្របី​២១៦​ក្បាល សត្វ​គោខ្មែរ​ចំនួន ១៥៣​ក្បាល គោ​ពូជ​កាត់​ចំនួន​៦១​ក្បាល គោបា​ចំនួន ៦​ក្បាល ចៀម ២៤៧​ក្បាល ពពែ ២៦៧​ក្បាល  និង​ពូជ​ជ្រូក​ឦសាន ចំនួន ៥០​ក្បាល ជូន​សហគមន៍​មូលដ្ឋាន ប្រជាពលរដ្ឋ និង​កងទ័ព សម្រាប់​ចិញ្ចឹម ដើម្បី​ពង្រឹង​ជីវភាព​ស្នូល​។​
 ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ចូលរួម​ការពារ​និង​អភិរក្ស​ព្រៃឈើ សត្វព្រៃ ដែលមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​ទាំងអស់គ្នា​។ ប្រជា​ល​រដ្ឋ​ក៏ត្រូវ​ផ្លាស់ប្តូរ​មុខរបរ​ដែល​ធ្លាប់​បរបាញ់​សត្វ​មកជា​ការចូលរួម​ចិញ្ចឹមសត្វ​ជំនួស​វិញ ព្រោះ​ការ​បរបាញ់​សត្វព្រៃ​ជា​អំពើ​ល្មើសច្បាប់ ប្រឈម​និង​ទោសទណ្ឌ​ចំពោះមុខ​ច្បាប់​៕​ដោយ​៖​ម៉ា​ដេប៉ូ​

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner