ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលខេត្តបាត់ដំបងស្តីទី បើកកិច្ចប្រជុំត្រួតពិនិត្យ សេចក្តីព្រាងរបាយការណ៍ ការងាររដ្ឋបាលខេត្តប្រចាំខែធ្នូ២០២១និងការអនុវត្តការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត

រដ្ឋបាលខេត្តបាត់ដំបង បានបើកនូវកិច្ចប្រជុំរបស់ខ្លួន នាររសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២២ ដើម្បីធ្វើការត្រួតពិនិត្យ កែសម្រួលនូវសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែធ្នូឆ្នាំ២០២១ និង សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលខេត្តស្តីទី។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្តោតសំខាន់ក្នុងការត្រួតពិនិត្យឡើងវិញដើម្បីបំពេញបន្ថែម និងកែតម្រូវនូវចំណុចខ្វះខាតដែលគ្រប់ស្ថាប័នមន្ទីរអង្គភាព និងរដ្ឋបាលស្រុក-ក្រុង ពាក់ព័ន្ធបានពិនិត្យឃើញថាមានខ្វះចន្លោះត្រូវបំពេញឬសុំកែតម្រូវ នៅមុនពេលសេចក្តីព្រាងរបាយការណ៍ទាំង២ខាងលើនេះ ត្រូវបានដាក់ជូនឲ្យក្រុមប្រឹក្សាខេត្តធ្វើការពិនិត្យនិងអនុម័តសម្រេច។

ក្នុងខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍សង្ខេបអំពីសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស៎រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែធ្នូ២០២១ និងសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២១ដែលបានឆ្លុះបញ្ចាំង ពីលទ្ធផលការងាររបស់ខ្លួនដែលសម្រេចបានលើការងារគ្រប់គ្រងរដ្ឋបាលខេត្តកន្លងមក ដូចជាការងារលិខិតស្នាមនិងអត្រានុកូលដ្ឋាន។ សកម្មភាពអនុវត្តការងាររបស់ ក្រុមប្រឹក្សាខេត្ត និង គណៈអភិបាល។ ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19ក្នុងខេត្ត។ការងារផែនការនិងការគាំទ្រមូលដ្ឋាន។ ការងារគ្រប់គ្រងធនធានមនុស្ស។ ការងារអន្តរវិស័យ។ការងារគ្រប់គ្រងច្រកព្រំដែន។ការងារហិរញ្ញវត្ថុ។ការងារលទ្ធកម្ម។ការងារអង្គភាពច្រកចេញចូលតែមួយ។ការងារការិយាល័យប្រជាពលរដ្ឋ…។និងអំពីលទ្ធផលដែលសំរេចបានលើការងារ របស់ មន្ទីរអង្គភាពជំនាញ ចំណុះរដ្ឋបាលខេត្ត ផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សឿម ប៊ុនរិទ្ធ បានថ្លែងគូសបញ្ជាក់ដល់ថ្នាក់ដឹកនាំ នៃ រដ្ឋបាលក្រុងស្រុក បណ្តាស្ថាប័នមន្ទីរនិងអង្គភាពនានាជុំវិញខេត្តទាំងអស់ពេលបញ្ចប់កិច្ចប្រជុំនិងវិលត្រឡប់ទៅត្រូវអង្គភាពខ្លួនវិញ ត្រូវបន្តត្រួតពិនិត្យនិងកែតម្រូវនូវចំណុចខ្វះខាតឫត្រូវបំពេញបន្ថែម ពីសកម្មភាពអនុវត្តការងាររបស់ខ្លួនឲ្យបានមុនថ្ងៃទី២០ខែមករាឆ្នាំ២០២២ខាងមុខ ដើម្បីឲ្យក្រុមការងាររបស់រដ្ឋបាលខេត្ត កែសម្រួលបំពេញបន្ថែម ឬត្រូវលុបចោលនូវចំណុចដែលសាម៉ីស្ថាប័នមន្ទីរអង្គភាពនិងអាជ្ញាធរ បានសុំកែតម្រូវឡើងវិញនោះ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបងស្តីទី ក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមផងដែរថា៖ ក្រោយពីបានបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៃការផ្ទុះរាតត្បាតពីការឆ្លងនិងការចម្លងនូវជំងឺកូវីដ-១៩កន្លងមកនេះ។ តាមការជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិតាមបណ្តាខេត្ត-ស្រុកនិមួយៗ អាចរៀបចំធ្វើសន្និបាតប្រចាំឆ្នាំរបស់ខ្លួនបានឡើងវិញ តាមស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner