ឆ្នាំ២០២១ទឹកប្រាក់នាំចេញនៃវិស័យកាត់ដេរ ផលិតផលស្បែកជើងនិងផលតិផលការបូបជិត ១០ ពាន់លានដុល្លារ ឬប្រមាណ ៦៣ ភាគរយ នៃទឹកប្រាក់នាំចេញកម្ពុជា

ភ្នំពេញ៖ វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ និងនៅតែជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា ដោយកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានអត្រាប្រហែល១០ភាគរយ។ក្នុងឆ្នាំ ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យនេះមានប្រមាណជិត ១០ ពាន់លានដុល្លារអាម៉េរិក ឬប្រមាណ ៦៣ ភាគរយ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។

បញ្ជាក់ក្នុងសន្និបាតលើកទី១៥ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)ដែលបាន រៀបចំឡើងនៅសមាគម ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារបានឱ្យដឹងថាវិស័យកាត់ដេរនិងផលិតផលផ្សេងទៀត ទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួចនៅក្នុងឆ្នាំ២០២០ ប៉ុន្តែងើបឡើងវិញបានយ៉ាងល្អក្នុងឆ្នាំ២០២១ ដោយការនាំចេញក្នុងរយៈពេល១០ខែដំបូងមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះការនំាចេញសម្លៀកបំពាក់មានទឹកប្រាក់ ៦.៥៣៨លានដុល្លារ កើនឡើង៦ភាគរយ ធៀបនឹងឆ្នាំកន្លងទៅ ការនាំចេញផលិតស្បែកជើងមានទឹកប្រាក់ ១.១១៣លានដុល្លារ កើនឡើង២០ភាគរយ ការនាំចេញផលិតផលធ្វើដំណើរមានទឹកប្រាក់ ១.១៧៩លានដុល្លារ កើនឡើង៤៩ភាគរយ។

ឯកឧត្តម អ៊ិត សំហេង បានគូសបញ្ជាក់ដែរថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានរោងចក្រ សហគ្រាស និងកម្មករនិយោជិតតិចតួច នៅពេលកម្ពុជាបានចាប់ផ្តើមបើកសេដ្ឋកិច្ចរបស់ខ្លួន និងទទួលវិនិយោគចាប់ពីឆ្នាំ១៩៩៣ និងបានបន្តកើនឡើងជាបន្តបន្ទាប់រហូតមក ជាពិសេសចាប់ពីឆ្នាំដែលកម្ពុជាទទួលបានសន្តិភាពពេញលេញដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយបន្ទាប់មកគឺនៅក្រោយឆ្នាំ១៩៩៩ ពេលដែលរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដោយផ្សាភ្ជាប់ពាណិជ្ជកម្មជាមួយបទដ្ឋានការងារអន្តរជាតិ។

គិតត្រឹមចុងឆ្នាំ២០២១ នេះរោងចក្រ សហគ្រាសដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះបានកើនដល់ប្រមាណជាង ១២០០ រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធ ដល់កម្មករនិយោជិតប្រមាណជិត១លាននាក់។

ឯកឧត្តមថា ជាក់ស្តែងនៅក្នុងឆ្នាំ ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យនេះមានប្រមាណជិត ១០ ពាន់លានដុល្លារអាម៉េរិក ឬប្រមាណ ៦៣ ភាគរយ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។ ដោយឡែកជីវភាពកម្មករនិយោជិត ក៏បានប្រសើរឡើងជាលំដាប់ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់។ បើគិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតបានចំនួន ១៨លើក ដោយកើនពី ៤០ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ១៩៩៧ ដល់ ១៩៤ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្រ្តិបញ្ជាក់បន្ថែមថាសម្រាប់ឆ្នាំ២០២២នេះ ដោយបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ឈ្នួលចាប់ពី ២១១ដុល្លារអាម៉េរិក ទៅ ២២២ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រៅពីកម្មករនិយោជិតប្រមាណជិត ១លាននាក់ដែលទទួលផលផ្ទាល់ មានប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ដែលទទួលផលដោយប្រយោលពីវិស័យនេះ៕ ដោយ៖ ម៉ាដេប៉ូ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner