ឯកឧត្តម ហ៊ុយ ពិសិដ្ឋ ជំរុញដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ព្រែកថ្មី ត្រូវខិតខំបម្រើពលរដ្ឋឲ្យបានល្អប្រសើរ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុយ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានជំរុញទៅដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ព្រែកថ្មី ត្រូវខិតខំបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយការខ្វល់ខ្វាយនេះ មិនមែនធ្វើតែនៅពេលជិតបោះឆ្នោតនោះទេ គឺធ្វើគ្រប់ពេលវេលា នៅពេលពលរដ្ឋត្រូវការឲ្យជួយពួកគាត់ ។

ក្នុងឱកាសអញ្ជើញក្នុងពិធីសន្និបាតគណៈកម្មាធិការបក្ស សង្កាត់ព្រែកថ្មី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុយ ពិសិដ្ឋ បានមានប្រសាសន៍ថា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជា បានប្រមូលផ្ដុំផ្គួបកម្លាំង ពុះពារជម្នះបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស នៅលើមាគ៌ា នៃការបន្តនូវការប្រយុទ្ធនូវវិបត្តិជំងឺកូវីដ១៩ និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺនេះ តាមគន្លងប្រក្រតីថ្មី ។

ឯកឧត្តមបានបន្តថា ដូចនេះសូមសមាជិកបក្សប្រជាជនកម្ពុជា ជាក្រុមប្រឹក្សាសង្កាត់ព្រែកថ្មី រួមទាំងបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាសង្កាត់ នៅឆ្នាំ២០២២នេះ ត្រូវរួមគ្នាផ្ដល់នូវការគាំទ្រ និងជួយរែកពន ព្រមទាំងចូលរួមអនុវត្តដោយសកម្ម នូវភារកិច្ច និងកិច្ចទាំងឡាយតាមសមត្ថកិច្ចរបស់ខ្លួន ដើម្បីឲ្យការខិតខំនានារបស់យើង មានប្រយោជន៍ មានទំនុកចិត្តពីពលរដ្ឋ ។

ឯកឧត្តម បានជំរុញទៅដល់បេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាសង្កាត់ ត្រូវអនុវត្តការរបស់ខ្លួន ឲ្យបានល្អប្រសើរ ក្នុងការបម្រើ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ឲ្យបានគ្រប់ពេលវេលា ពិសេសខិតខំដោះស្រាយសំណូមពររបស់ពលរដ្ឋ ឲ្យអស់លទ្ធភាព ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់សមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា នៅសង្កាត់ព្រែកថ្មី ត្រូវបន្តកៀរគរពលរដ្ឋ ឲ្យមានការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីឲ្យទទួលបានជ័យជំនះបន្តទៀត និងមានឱកាសបន្តអភិវឌ្ឍជាតិ និងបម្រើប្រជាពលរដ្ឋ ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner