អង្គការណាតូ និងសហភាពអឺរ៉ុប នឹងផ្តល់ការគាំទ្រផ្នែកសន្តិសុខតាមអ៊ីនធើណិតដល់អ៊ុយក្រែន បន្ទាប់ពីរងការវាយប្រហារដ៏ធំមួយ

គៀវ៖ អង្គការណាតូប្រកាសថា ខ្លួនមានផែនការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធើណិតជាមួយអ៊ុយក្រែន បន្ទាប់ពីគេហទំព័រសំខាន់ៗរបស់រដ្ឋាភិបាលត្រូវបានគេកំណត់គោលដៅក្នុងការវាយប្រហារដ៏ធំមួយលើទីក្រុងគៀវ។

អគ្គលេខាធិការអង្គការណាតូលោក ជេនស៍ ស្តូថែនប៊ឺគ និយាយថា នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ណាតូ និងអ៊ុយក្រែននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីកិច្ចសហប្រតិបត្តិការលើអ៊ីនធើណិតដែលប្រសើរឡើង រួមទាំងការចូលប្រើប្រាស់របស់អ៊ុយក្រែនទៅកាន់វេទិកាចែករំលែកព័ត៌មានមេរោគរបស់អង្គការណាតូ។ ទន្ទឹមនេះ អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបលោក ចូសេប បូរែល បានថ្កោលទោសការលុកលុយតាមអ៊ីនធើណិតលើអ៊ុយក្រែន ហើយ និយាយថា គណៈកម្មាធិការនយោបាយ និងសន្តិសុខរបស់សហភាពអឺរ៉ុប និងអង្គភាពអ៊ីនធើណិតនឹងជួបប្រជុំគ្នា ដើម្បីសម្រេចថាតើត្រូវឆ្លើយតប និងជួយទីក្រុងទីគៀវ យ៉ាងដូចម្តេច។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP អ៊ុយក្រែនបាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា ខ្លួនមានភ័ស្តុតាងបញ្ជាក់ថា រុស្ស៊ីនៅពីក្រោយការវាយប្រហារតាមអ៊ីនធើណិតដ៏ធំ ដែលបានវាយលុកគេហទំព័ររដ្ឋាភិបាលសំខាន់ៗកាលពីសប្តាហ៍មុននេះ។ បើតាមក្រសួងការបរទេសអ៊ុយក្រែន ដោយសារតែការវាយប្រហារតាមអ៊ីនធើណិតដ៏ធំគេហទំព័ររបស់ក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាលមួយចំនួនផ្សេងទៀតត្រូវបានបិទជាបណ្តោះអាសន្ន។

យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីតទ្រ ផេស្គូវ បាននិយាយថា រុស្ស៊ីមិនពាក់ព័ន្ធនឹងការវាយប្រហារតាមអ៊ីនធើណិតនៅលើគេហទំព័ររបស់រដ្ឋាភិបាលអ៊ុយក្រែនឡើយ ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិក៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner