ចិនត្រៀមខ្លួនជាស្រេចដើម្បីរួមគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀង RCEP ជាមួយវៀតណាម

ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង បានថ្លែងនាពេលថ្មីៗនេះថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេច ក្នុងការខិតខំប្រឹងប្រែងរួមគ្នាជាមួយវៀតណាម និងសមាជិកដទៃទៀតនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា RCEP ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មីន ឈីន លោក លី បាននិយាយថា ចិនមានឆន្ទៈធ្វើការជាមួយវៀតណាម និងសមាជិក RCEP ផ្សេងទៀត ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ក្នុងកម្រិតខ្ពស់ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនក្នុងតំបន់។ កិច្ចព្រមព្រៀង RCEP ដែលជាកតិកាសញ្ញាពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក បានចូលជាធរមាននៅថ្ងៃទី ០១ ខែមករា ដើមឆ្នាំ២០២២នេះ។ កិច្ចព្រមព្រៀង RCEP រួមមានសមាជិកចំនួន ១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ព្រមទាំងចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ចំនួនប្រជាជនសរុបរបស់រដ្ឋទាំង ១៥ ផលិតផលក្នុងស្រុកសរុប GDP និងពាណិជ្ជកម្មទាំងអស់មានប្រហែល ៣០ភាគរយនៃចំនួនសរុបរបស់ពិភពលោក។ ដោយកត់សម្គាល់ថា ចិន និងវៀតណាមបានចែករំលែកផលប្រយោជន៍រួមយ៉ាងទូលំទូលាយនោះ លោក លី បាននិយាយថា ចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយវៀតណាម ធ្វើឱ្យការផ្លាស់ប្តូរស៊ីជម្រៅលើវិស័យផ្សេងៗ និងគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ។

លោក លី បានសង្កត់ធ្ងន់ទៀតថា ការចូលជាធរមានរបស់កិច្ចព្រមព្រៀង RCEP គឺអំណោយផលដល់ការសម្របសម្រួលលំហូរសេរីនៃកត្តាសេដ្ឋកិច្ចក្នុងតំបន់ ជំរុញការពង្រីក និងការធ្វើឱ្យប្រសើរឡើងនៃពាណិជ្ជកម្ម និងការវិនិយោគ និងការរក្សាសន្តិសុខ និងស្ថិរភាពនៃបណ្តាញឧស្សាហកម្ម និងការផ្គត់ផ្គង់៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner