ចូលឆ្នាំខាល ព.ស ២៥៥៦ ខាងមុខ អាជ្ញាធរខេត្ត គ្រោងនឹងរៀបចំសង្ក្រាន្តសៀមរាប

សៀមរាប ៖ អាជ្ញាធរខេត្តសៀមរាប គ្រោងចាប់យកការរៀបចំសង្ក្រាន្តសៀមរាប បង្ហាញមោទនភាពលើសមិទ្ធផលថ្មី ( ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ) ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទែក្នុងជាតិ និងអន្តរជាតិ ទន្ទឹមនឹងមានការត្រៀមខ្លួនរួចជាស្រេច ឆ្លងកាត់វិញ្ញាសារសាកល្បង ដកខ្លួនចេញពីវិបត្តិកូវីដ-១៩ នាថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខ។

នៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បញ្ហាសំខាន់ៗមួយចំនួនត្រូវបានលើកយកមកពីភាក្សាដោះស្រាយ ដូចជាការងារពង្រឹងអនុវត្តវិធានការគ្រប់គ្រងដោះស្រាយបញ្ហាដីធ្លីនៅក្នុងតំបន់៣បឹងទន្លេសាប ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ក្តីកង្វល់អំពីបញ្ហាកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ជាដើម ក៏ប៉ុន្តែអ្វីដែលកិច្ចប្រជុំបានលើកយកមកពីគ្រោះយោបល់លម្អិតជាងនោះ គឺការងារសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់សមិទ្ធផលថ្មី ហេដ្ឋារចនាសម្ព័ន្ថផ្លូវ៣៨ខែ្សក្នុងក្រុងសៀមរាប ដែលជាចំណងដៃដ៏ថ្លៃថ្លា សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍។

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានបង្ហើបឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា ជាមួយនឹងការបើកទំព័រថ្មី នៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសារសាកល្បងធំៗ ដើម្បីពិសោធន៍លើកម្លាំងរើបំរះចេញពីវិបត្តិកូវីដ-១៩នោះ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និងកំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខ។

ឯកឧត្តម សង្ឃឹមថា យ៉ាងណាក៏ដោយ នៅក្នុងអំឡុងខែកុម្ភៈ ឬ ខែមិនា ឆ្នាំ២០២២ខាងមុខនេះ ខេត្តសៀមរាបនឹងអាចឆ្លងកាត់ពីធីកាត់ខ្សែបូរ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដូច្នោះហើយគោលដៅខាងមុខ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នឹងត្រូវបានរៀបចំឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិផងដែរ។

ជុំវិញបញ្ហាផ្លូវ៣៨ខ្សែនេះ គឺជាការងារអទិភាពមួយដ៏ខាន់ ដែលត្រូវចាប់ផ្តើមចេញពីការជួបជុំនៃអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុងផងដែរ លើការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋ ជាដើម។ បរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺទាមទារឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះជនគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វផ្សាយ និងទាំងការចូលរួមអនុវត្ត។

អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា អ្វីដែលចង់ឃើញសម្រាប់ថ្ងៃអនាគត គឺការរីកចម្រើនទៅមុខជានិច្ច។ កិច្ចប្រជុំក៏បានវាយតម្លៃដែរថា សំខាន់នៅក្នុងកាលៈទេសៈនេះ បើទោះជាផ្តោតទៅលើបញ្ហាអ្វីក៏ដោយ តែមិនអាចបំភ្លេចបានទេ គន្លឹះរក្សានិរន្តរភាពនៃការបើកប្រទេសឡើងវិញ នោះគឺការបន្តដាក់ចេញ នូវការជម្រុញចលនាចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ បើទោះជាមានការកត់សម្គាល់ឃើញថា បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន យល់ច្បាស់អំពីគុណតម្លៃរបស់វ៉ាកសាំង និងដឹងច្បាស់កំពុងអនុវត្ត វិធានសុវត្តិភាព ៣ការពារ ៣កុំ គឺស្មើនឹងការរក្សាជីវិតរបស់ខ្លួនយ៉ាងណាក៏ដោយ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner