ឯកឧត្តម ចាយ សាមិត្ត ៖ ការគ្រប់គ្រងបរិស្ថានបានល្អចូលរួមយ៉ាងសំខាន់ក្នុងការប្រើប្រាស់ធនធានប្រកបដោយនិរន្តភាពនិងការស់នៅដោយចីរភាព

ស្វាយរៀង ៖ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការគ្រប់គ្រងបរិស្ថានបានល្អចូលរួមយ៉ាងសំខាន់ក្នុងការប្រើប្រាស់ធនធានប្រកបដោយនិរន្តភាពនិងការស់នៅដោយចីរភាព។

ជាមួយគ្នានោះ ឯកឧត្តម ចាយ សាមិត្ត មានប្រសាសន៍បន្ថែមថា សមិទ្ធផលដែលមន្ទីរបរិស្ថានខេត្តស្វាយរៀងសម្រេចល្អនាពេលកន្លងមក មិនអាចកាត់ផ្តាច់បានពីការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក៏ដូចជាវិស័យឯកជន ក្នុងការសហការល្អលើការងារគ្រប់គ្រងក៏ដូចជាការទប់ស្កាត់នូវរាល់ការបំពុលបរិស្ថាន ការបំផ្លាញធម្មជាតិ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ដើម្បីឲ្យសោភណ្ឌភាពបរិស្ថាននៅក្នុងខេត្តស្វាយរៀង កាន់តែមានភាពល្អប្រសើរឡើងមន្ទីរបរិស្ថានត្រូវបង្កើនការសហការគ្នាបន្ថែមទៀតជាមួយអាជ្ញាធរខេត្ត ក្រុង ជួយផ្សព្វផ្សាយបន្ថែមទៀតដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋឲ្យរួមគ្នារក្សាអនាម័យនៅតាមទីប្រជុំជន កុំចោលសម្រាមពាសវាលពាសកាល ទុកដាក់សម្រាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ចំណែកក្រុមហ៊ុនឯកជនត្រូវបន្តចូលរួមទប់ស្កាត់ការបំពុលបរិស្ថានពីគ្រប់រូបភាព ដើម្បីការស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង។

សូមបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រោបអធិបតីភាព ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម សេង សិលា អភិបាលរងខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរបរិស្ថានខេត្ត អាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធជាច្រើននាក់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅមន្ទីរបរិស្ថានខេត្តស្វាយរៀង ។

លោក កើត សារឿន ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង បានឲ្យដឹងថាការងារសំខាន់ៗ របស់មន្ទីរបរិស្ថាន ដែលបានអនុវត្តគឺមាន ៖ កិច្ចគាំពារបរិស្ថាន ការអប់រំ និងចំណេះដឹងព័ត៌មានបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍ ។ ការងារសំខាន់ទាំងនេះមានសកម្មភាព និងលទ្ធផលខុសៗគ្នាដើម្បីឆ្លើយតបទៅនឹងគោលដៅចំបងៗ រួមមានការពង្រឹងច្បាប់លើកិច្ចគាំពារបរិស្ថាន ការធានានូវបរិស្ថានល្អនៅតាមទីប្រជុំជន ការអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថានជូនសាធារណៈជនឱ្យបានទូលំទូលាយ និងការអភិរក្ស ធនធានធម្មជាតិ និងសហគមន៍ សំដៅសម្រេចបាននូវគោលបំណងរួមមួយគីការស់នៅដោយចីរភាព។

ឯកឧត្តម សេង សីលា អភិបាលរងខេត្តមានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បន្តពង្រឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ធ និងនៅតាមសហគមន៍ក្នុងការគ្រប់គ្រងបរិស្ថាន និងអនុវត្តវិធានការច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីលើកកំពស់សោភ័ណភាព សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានមានជីវភាពល្អប្រសើរ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner