រដ្ឋមន្ត្រីការបរទេសសិង្ហបុរី កោតសរសើរចំពោះសុច្ឆន្ទៈរបស់សម្តេចតេជោ ហ៊ុន​ សែន​ ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ឯកឧត្ដមបណ្ឌិត វីវៀន បាឡា គ្រីស្សស្មាន បាន​កោតសរសើរចំពោះសុច្ឆន្ទៈរបស់  សម្តេចតេជោ ហ៊ុន​ សែន​ ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រ និងការត្រៀមខ្លួនរបស់សិង្ហបុរីក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច  (5PC) ដែលផ្សារភ្ជាប់ទៅនឹងការថែរក្សា និងលើកកម្ពស់ទំនុកចិត្ត និងភាពពាក់ព័ន្ធរបស់អាស៊ាន។

ការកោតសរសើរនេះ​ បានធ្វេីឡេីងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា​កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ 

ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ក៏បានស្វាគមន៍ចំពោះ  ការសម្តែងឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការរវាងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា និងប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ផងដែរ។ ទោះបីជាយ៉ាងនេះក្តី ឯកឧត្ដម វីវៀន បានសម្តែងការព្រួយបារម្ភចំពោះការវិវត្តចុងក្រោយបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលមិនអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវវឌ្ឍនភាពបន្ថែមទៀតលើ 5PC និងសម្រាប់អ្នកតំណាងនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំអាស៊ាន។

នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សាអំពីការវិវិត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ 

ឯកឧត្ដម ប្រាក់ សុខុន បានជម្រាបជូនឯកឧត្ដមបណ្ឌិត វីវៀន បាឡាគ្រីស្សស្មាន អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ២០២២ ដែលជាជំហានមួយដ៏សំខាន់ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្នក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធលើបញ្ហាមីយ៉ាន់ម៉ា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាមានបំណងប្រាថ្នាដូចគ្នានឹងប្រទេសជាសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិផ្សេងទៀត ដែលនឹងជួយមីយ៉ាន់ម៉ា ឱ្យសម្រេចបានសន្តិភាព និងការផ្សះផ្សាយូរអង្វែង។

ឯកឧត្ដម ប្រាក់ សុខុន ក៏បានជម្រាបជូនផងដែរអំពីសំណើយន្តការអាស៊ាន Troika របស់សម្តេចតេជោ ក្នុងការជួយដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច  (5PC) ជាពិសេស ការបញ្ចប់អំពើហិង្សា ការបន្តកិច្ចសន្ទនាប្រកបដោយសន្តិវិធី និងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលមានតម្រូវការចាំបាច់៕​ 

ដោយ​:​ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner