ចិនអំពាវនាវឱ្យហ្វីលីពីនរក្សាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលផ្តោតលើអាស៊ាន និងធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង​ យី បាននិយាយថា ចិន និងហ្វីលីពីនគួរតែរក្សាមិត្តភាពរបស់ប្រទេសទាំងពីរ, លុបបំបាត់ការរំខាន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក៏ដូចជារួមគ្នាបើកចំហអនាគតដ៏ល្អប្រសើរសម្រាប់ទំនាក់ទំនងទ្វេភាគី។

លោក វ៉ាង បានធ្វើការកត់សម្គាល់បែបនេះនៅពេលថ្លែងទៅកាន់វេទិកាទីក្រុងម៉ានីលសម្រាប់ទំនាក់ទំនងចិន និងហ្វីលីពីន តាមរយៈវីដេអូអនឡាញនាពេលថ្មីៗនេះ។ ការពិតបានបង្ហាញឱ្យឃើញថា ការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតទើតេ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសចិន គឺស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនហ្វីលីពីន។ លោក វ៉ាង បាននិយាយថា វាក៏ស្របតាមផលប្រយោជន៍រួមរបស់ចិន-ហ្វីលីពីន និងនិន្នាការនៃការអភិវឌ្ឍន៍ក្នុងតំបន់ដោយសន្តិភាព។ ដោយកត់សម្គាល់លើការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសទាំងពីរ ដែលបានអូសបន្លាយពេលជាង ១ពាន់ឆ្នាំមកហើយនោះ លោក វ៉ាង បាននិយាយថា ប្រទេសចិនមានឆន្ទៈបន្តធានាតម្រូវការវ៉ាក់សាំង COVID-19 របស់ហ្វីលីពីន។ ប្រទេសចិនក៏នឹងសហការលើថ្នាំជាក់លាក់ និងការកសាងសមត្ថភាពលើផ្នែកសុខភាពសាធារណៈរហូតដល់មេរោគត្រូវបានកម្ចាត់។ លោក វ៉ាង បន្តថា ប្រទេសចិនមានឆន្ទៈក្នុងការបន្តបើកទ្វារសម្រាប់ផលិតផលកសិកម្មហ្វីលីពីនកាន់តែច្រើន និងកែលម្អការវិនិយោគដើម្បីជួយហ្វីលីពីនពន្លឿនដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម ក៏ដូចជាលើកកំពស់សមត្ថភាពអភិវឌ្ឍន៍ឯករាជ្យរបស់ខ្លួន។

ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង លោក វ៉ាង បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនដើម្បីជំរុញការអភិវឌ្ឍន៍រួមគ្នា ដោយមិនប៉ះពាល់ដល់សិទ្ធិ និងការទាមទាររៀងៗខ្លួន។ ប្រទេសចិនក៏មានឆន្ទៈក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព ជួយអភិវឌ្ឍន៍ប្រទេសហ្វីលីពីន និងពង្រឹងមិត្តភាពរវាងប្រជាជនទាំងពីរ។ ទន្ទឹមនេះ លោក វ៉ាង ក៏បានអំពាវនាវឱ្យភាគីទាំងពីររក្សាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលផ្តោតលើអាស៊ាន និងធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ានផងដែរ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner