ក្រសួងការបរទេស បង្ហាញលទ្ធផល នៃកិច្ចសន្ទនា រវាង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការ​បរទេសសិង្ហបុរី

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្តូណាន់ (VIVIAN Balakrishnan) រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានទន្ទឹងដល់ការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat ដែលជាកិច្ចប្រជុំដ៏ធំលើកដំបូងក្នុងចំណោមប្រទេសជាសមាជិកទាំង១០ ក្រោមភាពជាប្រធាន អាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា។

បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីការវិវិត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូន ឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្តូណាន់ អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្ដេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ២០២២ ដែលជា ជំហានមួយដ៏សំខាន់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្នក្នុងចំណោមគ្រប់ភាគី ពាក់ព័ន្ធលើបញ្ហាមីយ៉ាន់ម៉ា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាមានបំណងប្រាថ្នាដូច គ្នានឹងប្រទេសជាសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិផ្សេងទៀត ដែលនឹងជួយមីយ៉ាន់ម៉ា ឱ្យសម្រេច បានសន្តិភាព និងការផ្សះផ្សាយូរអង្វែង។

ឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាបជូនផងដែរអំពីសំណោយន្តការអាស៊ាន Troika របស់សម្ដេច តេជោ ក្នុងការជួយដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីអនុវត្តការព្រមព្រៀងជា ឯកច្ឆន្ទ៥ចំនុច (5PC) ជាពិសេស ការបញ្ចប់អំពើហិង្សា ការបន្តកិច្ចសន្ទនាប្រកបដោយសន្តិ មិត្ត ដល់ ជំនួយមនុស្សធម៌ដល់ប្រជាជនដែលមានតម្រូវការចាំបាច់។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គីស្តូណាន់ បានកោតសរសើរចំពោះសុច្ឆន្ទៈរបស់ សម្តេចតេជោ ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រ និងការត្រៀមខ្លួនរបស់ សិង្ហបុរីក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំនុច (5PC) ដែលផ្សារភ្ជាប់ទៅ នឹងការថែរក្សា និងលើកកម្ពស់ទំនុកចិត្ត និងភាពពាក់ព័ន្ធរបស់អាស៊ាន។ ឯកឧត្តម ក៏បានស្វាគមន៍ចំពោះ ការសម្ដែងឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការរវាងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា និងប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ផងដែរ។ ទោះបីជា យ៉ាងនេះក្តី ឯកឧត្តម វីវៀន បានសម្តែងការព្រួយបារម្ភចំពោះការវិវត្តចុងក្រោយបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមិនអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវវឌ្ឍនភាពបន្ថែមទៀតលើ 5PC និងសម្រាប់អ្នកតំណាងនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំអាស៊ាន។

រដ្ឋមន្ត្រីទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដើម្បីធ្វើការរួមគ្នាក្នុងការពង្រឹងមជ្ឈភាព ឯកភាព និងភាពធន់រឹងមាំរបស់អាស៊ាន ស្របពេលដោះស្រាយបញ្ហាប្រឈមទូទៅ និងគោលដៅរួម ដើម្បីពង្រឹង សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner