ឯកឧត្តម សាយ សំអាល់៖ សង្គមកម្ពុជា ជាសង្គមមួយដែល​សាសនា​​ណាក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់​ជាតិសាសនា

«សង្គមកម្ពុជា ជាសង្គមមួយដែលសាសនាណាក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា ដែលយើងអាចនិយាយបានថា នៅលើពិភពលោកមិនមានច្រើនទេ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវិហារកាតូលីក ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម សាយ សំអាល់ បញ្ជាក់ឱ្យដឹងទៀតថា កម្ពុជាមានសង្គមមួយដែលមានពហុវប្បធម៌។ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិបត៍សាសនា ទៅតាមជំនឿរៀងៗខ្លួន។ ការគោរពព្រះជារឿងសំខាន់ មិនថាសាសនាណាក៏ដោយ ព្រោះព្រះនៅក្នុងសាសនា គឺអប់រំមនុស្សឱ្យសាងអំពើល្អ គិតល្អ និងជាពន្លឺបំភ្លឺជីវិតដល់អ្នកមានជំនឿ។

ឯកឧត្តមបានលើកឡើងទៀតថា សាសនាក៏មានតួនាទីសំខាន់ក្នុងការកែប្រែ ឬផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សឆ្ពោះទៅកាន់ផ្លូវត្រូវក្នុងខ្សែជីវិតរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា អមដំណើរឯកឧត្តម សាយ សំអាល់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវិហារកាតូលីក ក្រុងព្រះសីហនុ  ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តព្រះសីហនុ ឯកឧត្តមអភិបាលក្រុង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ជាច្រើនរូប៕ ខៀវ សាវ៉ុន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner