រដ្ឋលេខាធិការ​ក្រសួងកសិកម្ម ស្នើឱ្យក្រុមការងារ មានការពិភាក្សា ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយនានា ចំពោះបច្ចុប្បន្នភាព​នៃ​ការងារដែលកំពុងកើតមាន សំដៅដល់ការគ្រប់គ្រង និងអភិវឌ្ឍ​វិស័យព្រៃឈើនៅកម្ពុជា ប្រកប​ដោយ​ប្រសិទ្ធភាព

នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ បានរៀបចំពិធីបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០២១ និងទិសដៅអនុវត្ដបន្ត ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  និងជារដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត​​ កែវ អូម៉ា     លីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ រួមនឹងវត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនំាក្រសួង ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ចូលរួមផងដែរ។

ឯកឧត្តមបណ្ឌិត​​ កែវ អូម៉ាលីស្ស គូសបញ្ជាក់ថា  រដ្ឋបាលព្រៃឈើរៀបចំកិច្ចប្រជុំនេះ គឺ​ដើម្បីធ្វើការត្រួតពិនិត្យ បូកសរុប និងវាយ​តម្លៃ​លទ្ធផលការ​អនុវត្ដការងារក្នុងវិស័យ​ព្រៃឈើ ​ដែលសម្រេចបានក្នុងឆ្នាំ២០២១កន្លងទៅ។  ឯកឧត្តមបន្ថែមថា ក្នុងកិច្ចប្រជុំនេះ យើងក៏នឹងមានបទបង្ហាញពាក់ព័ន្ធបច្ចុប្បន្នភាព នៃការអនុវត្តការងារ ព្រមទាំងពិភាក្សាអំពីចំណុចខ្លាំង ចំណុច​ខ្សោយ បញ្ហាប្រឈម សំណូមពរ ដោយស្នើផ្តល់ធាតុចូលសំខាន់ៗសម្រាប់ជាទិសដៅការងារអាទិភាពក្នុងការអនុវត្តការងារឆ្នាំ២០២២ ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ស្ដីពីព្រៃឈើ កម្មវិធីព្រៃឈើជាតិ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ដ្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី សំដៅដល់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យព្រៃឈើប្រកប​ដោយ​ប្រសិទ្ធភាព ។

ក្នុងនាម​ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុង សំអាត

បានវាយតម្លៃខ្ពស់ និងសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំតស៊ូបំពេញភារកិច្ច  និងកិច្ចសហការល្អរបស់លោក លោកស្រី ​ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ដែលបានរួមចំណែក​យ៉ាងសកម្មក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ  និងសត្វព្រៃ ទទួលបានលទ្ធផលល្អប្រសើរ នាឆ្នាំកន្លងមក ។  ឯកឧត្តម ក៏ស្នើឱ្យមានការពិភាក្សា ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយនានា ចំពោះបច្ចុប្បន្នភាពនៃការងារដែលកំពុងកើតមាន សំដៅដល់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យព្រៃឈើប្រកប​ដោយ​ប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុង សំអាត ក៏បានលើកយកពីការចាក់វ៉ាក់សុំាងមកបញ្ជាក់ជូនក្នុងកិច្ចប្រជុំផងដែរថា ៖ ក្រោមការដឹកនាំ និងភាពឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី     សម្តេចបានខិតខំស្វះស្វែងរកនូវវ៉ាក់សាំងការពារ ទប់ស្កាត់ ពីការឆ្លងរីករាលដាលក្នុងផ្ទៃប្រទេសទាំងមូល ទាំងការអំពាវនាវទិញ  ការទទួលជំនួយវ៉ាក់ពីបណ្តាប្រទេសនានា ជាពិសេសវ៉ាក់សាំងពីប្រទេសជាមិត្ត របស់មិត្តចិន ទាំងការទិញ និងការផ្តល់នូវជំនួយមនុស្សធម៌” វ៉ាក់សាំង” ដើម្បីបានចាក់ជូនប្រជាពលរដ្ឋបានទាន់ពេល    វេលា។

        ឯកឧត្តម ក៏សូមអំពាវនាវដល់ អ្នកដែលមិនទាន់បានចាក់វ៉ាក់់សាំងដូស ទី១ ទី២ និងទី៣  ត្រូវរួសរាន់ទៅចាក់ឱ្យបានគ្រប់ៗគ្នាដើម្បីការពារខ្លួនពីការឆ្លងមេរោគកូវីដ-19 ជាពិសេសមេរោគកូវីដប្រភេទបំប្លែងថ្មី “អូមីក្រុង”ខណៈមេរោគប្រភេទថ្មីនេះមានការឆ្លងរីករាលដាលលឿន និងរហ័សខ្លាំង នៅតាមបណ្តាប្រទេសនានានៅលើពិភពលោក ។

        ជាចុងបញ្ចប់ឯកឧត្តម សង្ឃឹម និងជំនឿដ៏មុតមាំថាកិច្ចប្រជុំ “​បូកសរុបលទ្ធផល​ការងារ​វិស័យព្រៃឈើឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២” គឺជា​ឱកាសដ៏ល្អមួយសម្រាប់​មន្ដ្រីរដ្ឋបាល​ព្រៃឈើទាំងអស់ ​ចូលរួម​ចែក​រំលែក​បទពិសោធន៍ បញ្ហាប្រឈម សំណូមពរ ដើម្បីស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅអនុវត្តបន្តប្រកបដោយប្រសិទ្ធិភាព​ និងសក្កិសិទ្ធភាព ស្របតាមគោល​នយោបាយ​កំណែទម្រង់ស៊ីជម្រៅក្នុងវិស័យព្រៃឈើរបស់រាជរដ្ឋាភិបាល ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner