រថយន្តRAV4បោលបុកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កការកក់ស្ទះចរាចរណ៍ជាខ្លាំង សង្ស័យតៃកុងស្រវឹងស្រា

 ភ្នំពេញ ៖  បុរសម្នាក់ទំនងជាស្រវឹងស្រា  បានបេីករថយន្តRav4 ក្នុងល្បឿនលឿន ហេីយរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ  និងបង្កឲ្យមានកក់ស្ទះចរាចរណ៍ជាខ្លាំង  កាលពីវេលាម៉ោង៧  និង១០នាទីយប់  ថ្ងៃទី១៩  ខែមករា  ឆ្នាំ ២០២២  ស្ថិតនៅចំណុចស្ទុបវត្តចាក់អង្រែ  តាមបណ្ដោយផ្លូវជាតិលេខ២  ក្នុងសង្កាត់ចាក់អង្រែលេី  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ  ។ 
 តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា  នៅពេលកេីតហេតុ  គេឃេីញរថយន្តបង្កម៉ាក  Rav4 ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខ ភ្នំពេញ  2AD-1347 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២  ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចស្ទុបត្រង់កន្លែងកេីតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង  បណ្ដាលឲ្យរថយន្តបង្កបែកកង់  និងដាច់កាឡែកង់មុខផ្នែកខាងឆ្វេងខូចខាតយ៉ាងដំណំ  រីឯរបាំងថ្មបានបាក់អស់១កង់  ។ ភ្លាមៗគេឃេីញបុរសម្នាក់ជាតៃកុងរថយន្តបង្កបានបេីកទ្វាចុះមកក្រៅទាំងសភាពរេចុះ  រេឡេីង  ដូចជាស្រវឹងស្រា  ។ 
  ក្រោយកេីតហេតុមួយសន្ទុះ  នៅកន្លែងកេីតហេតុក៏មានការកក់ស្ទះចរាចរណ៍ជាខ្លាំងផងដែរ  ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ជួយសម្រួលចរាចរណ៍ និងបានប្រញាប់ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ  ដេីម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនាពេលក្រោយ   ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner