មុខមាត់កម្ពុជាមិនអាចស្រអាប់ដោយបាតដៃទុច្ចរិតណាមួយឡើយ

នៅថ្ងៃទី ២៨ ខែតុលា ក្នុងពិធីប្រគល់តំណែងប្រធានអាស៊ាន ឆ្នាំ ២០២២ ជាផ្លូវការជូនដល់សម្តេចតេជោ ហ៊ុន សែន សម្តេចបានថ្លែងថា​ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាន​នូវសមិទ្ធផលសំខាន់ៗថែមទៀត ពីសេសគឺជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍មួយ ។ លើមូលដ្ឋានេះ កម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយបណ្តាប្រទេសសមាជិកទាំង ១០ និងដៃគូដទៃផ្សេងទៀត ដើម្បីចូលរួមកសាងសហគមន៍តំបន់ឲ្យបន្តរក្សាសន្តិភាព វិបុលភាព និងសុខុដមនីយកម្ម និងធ្វើឲ្យអាស៊ានជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់ ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា ក៏បានប្រកាន់យកជំហរម៉ឹងម៉ាត់ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដោយឈរលើធម្មនុញ្ញអាស៊ាន និងផ្អែកលើគោលការណ៍ ៥ ចំណុច ដែលអាស៊ានបានឯកភាពគ្នា ។ ការដោះស្រាយភាពតានតឹងនៅសមុទ្រចិនខាងត្បូង ក៏ត្រូវធ្វើឡើងដោយការព្យាយាមសម្របសម្រួលគ្នារវាងភាគីពាក់ព័ន្ធក្នុងជំលោះ និងកុំយកប្រធានអាស៊ានទៅធ្វើជាចៅក្រមកាត់ក្តី។

បញ្ហាវិបត្តិនៅសហភាពមីយ៉ាន់ម៉ា គឺជាការសាកល្បងដំបូង សម្រាប់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន ។ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន​ នៅសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ ២០២២ គិតមកដល់ពេលនេះ​ មានរយៈពេល ១០ថ្ងៃហើយ ប៉ុន្តែព្រឹត្តិការណ៍មួយនេះ​ នៅតែជាប្រធានបទក្តៅគគុកសម្រាប់បណ្តាញសារព័ត៌មានធំៗ ក្នុងពិភពលោក សម្រាប់អ្នកវិភាគសភាពការណ៍អន្តរជាតិសំខាន់ៗ សម្រាប់ឥស្សរជន អ្នកនយោបាយ បណ្តារដ្ឋាភិបាលទាំងក្នុងសហគមន៍អាស៊ាន និងប្រទេសដៃគូ ផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ពីក្នុងនោះ ក៏មានមជ្ឈដ្ឋានពួកប្រឆាំង រាប់ទាំងអតីតអ្នកការទូតអន្តរជាតិ​ មួយចំនួនក៏ខំប្រឹងប្រើប្រាស់ប្រព័ន្ធឃោសនា វិភាគបែបអគតិ និងមិនចង់ឲ្យវិបត្តិសហភាពមីយ៉ាន់ម៉ាត្រូវបានដោះស្រាយ ។ ពួកគេតែងតែ ធ្វើការបន្តុះបង្អាប់ និងរិៈរកវិធីបំផ្លិចបំផ្លាញលទ្ធផលនេះ​ ព្រោះពួកគេមិនចង់ឃើញកម្ពុជា មានតួនាទីក្នុងការដោះស្រាយវិបត្តិនេះទេ​។ តាមពិតពួកនេះប្រមាថកម្ពុជាយូរហើយ ។ ពួកគេមិនដែលឲ្យតម្លៃ  សូម្បីតែបន្តិចដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ ការធ្វើពលិកម្ម រួមទាំងសមិទ្ធផលរបស់កម្ពុជាម្តងណាឡើយ ។ ពួកគេតាំងខ្លួនធ្វើជាអ្នកដឹងសព្វបែបសព្វយ៉ាង តាំងខ្លួនជាបងធំ ទាំងឆ្កួតល្ងីល្អើ គ្មានដឹងទិសតំបន់ ។

គេអាចចោទឡើងជាសំនួរថា ហេតុអ្វីបានជាពួកអគតិទាំងនេះ មិនចង់ឲ្យមានដំណោះស្រាយមួយសម្រាប់សហភាពមីយ៉ាន់ម៉ា ដើម្បីបញ្ចប់នូវការបង្ហូរឈាម និងការបង្កើតឲ្យមានសន្តិភាពឡើងវិញ ? ចម្លើយនៃសំនូរនេះគឺ ៖

ទី១- វិបត្តិមីយ៉ាន់ម៉ា កាន់តែធ្ងន់ធ្ងរនឹងផ្តល់ប្រយោជន៍កាន់តែធំ និងកាន់តែសំខាន់ សម្រាប់ប្រទេសមួយចំនួនទាំងនៅក្នុងតំបន់ ទាំងនៅក្រៅតំបន់ រាប់ទាំងប្រទេសមហាអំណាចខ្លះដែលកំពុងប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់នេះ ។

 ទី២- ពួកគេមិនចង់ឃើញវិបត្តិនៅសហភាពមីយ៉ាន់ម៉ា ត្រូវបានដោះស្រាយ ឬយ៉ាងហោចណាស់ ត្រូវធ្វើឲ្យបានធូរស្រាលនៅក្នុងដំណាក់កាល​ ដែលកម្ពុជា ធ្វើជាប្រធានអាស៊ានប្តូរវេន ព្រោះបើសម្រេចបានយ៉ាងនេះ​ នឹងធ្វើឲ្យកម្ពុជា កាន់តែមានមុខ មានមាត់លើឆាកអន្តរជាតិ ហើយកិត្យានុភាពកម្ពុជា កាន់តែត្រូវបានលើកកម្ពស់បន្ថែមទៀត ។ ដោយក្នុងអារម្មណ៍អវិជ្ជមាន មើលងាយមើលថោកកម្ពុជា ពួកគេមិនចង់ឃើញសមិទ្ធផលណាមួយ ត្រូវបានសម្រេចក្នុងអាណត្តិកម្ពុជា ធ្វើជាប្រធានអាស៊ាននោះទេ ។

ទី៣- គោលដៅពួកនេះ គឺបំបែកបំបាក់អាស៊ាន ។ ផ្តើមចេញពីយុទ្ធសាស្ត្រនេះ ពួកគេធ្លាប់និយាយឃោសនាជាយូរមកហើយអំពីគោលគំនិតនៃការបណ្តេញកម្ពុជា ឡាវ សហភាពមីយ៉ាន់ម៉ាចេញពីសហគមន៍អាស៊ាន  ។ នៅពេលដែលវិបត្តិមីយ៉ាន់ម៉ាផ្ទុះឡើង គេក៏គិតថា ឱកាសបានមកដល់ហើយ ប៉ុន្តែគេក៏ភ្លេចគិតថា នេះក៏ជាឱកាសដែលកម្ពុជា​ ត្រូវធ្វើជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ ក៏ធ្វើឲ្យពួកនេះ មានការខកចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ។

ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅសហភាពមីយ៉ាន់ម៉ា គឺដើ​ម្បីដោះស្រាយវិបត្តិដោយផ្អែកទាំងស្រុងទៅលើមូលដ្ឋាននៃធម្មនុញ្ញអាស៊ាន និងចំណុចស្នូលទាំង ៥​ នៃកុងសង់ស៊ីសរបស់អាស៊ាន សម្រេចបាននូវលទ្ធផលដ៏ធំធេងហួសពីការរំពឹងទុក ។ ជោគជ័យនេះ ជាការសំពងមួយប្រនង់យ៉ាងដំណំទៅលើពួកអគតិ ប៉ុន្តែក៏ជាបាច់ផ្កាពរជ័យសម្រាប់ប្រជាជនមីយ៉ាន់ម៉ាទូទាំងប្រទេស សម្រាប់អ្នកស្រឡាញ់សន្តិភាពទាំងឡាយនៅលើពិភពលោក រហូតដល់មានអ្នកធ្វើការវាយតម្លៃប្រកបដោយភាពត្រឹមត្រូវអត់ខ្ចោះថា ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន​ នៅសហភាពមីយ៉ាន់ម៉ា គឺជាបេសកកម្មសន្តិភាព ។ នេះជាការវាយតម្លៃប្រកបដោយភាពត្រឹមត្រូវ និងមានមូលដ្ឋានច្បាស់លាស់ ពីព្រោះថា ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន សម្រេចបាននូវការព្រមព្រៀងជាសារវ័ន្ត ៣ នោះគឺ៖ ១- ការព្រមព្រៀងរក្សាបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២, ២- ការព្រមព្រៀងអនុញ្ញាតឲ្យប្រេសិតពិសេសជួបជាមួយគ្រប់ភាគីជម្លោះ និង៣- ការព្រមព្រៀងអនុញ្ញាតឲ្យផ្តល់ជំនួយមនុស្សធម៌ ។ ពីក្នុងកិច្ចព្រមព្រៀងនេះ​ យើងអាចមើលឃើញពីអត្ថន័យដ៏ស៊ីជម្រៅនោះគឺ ការឈានទៅដោះស្រាយបាននូវការបង្ហូរឈាម និងភាពហិនហោចខ្លោចផ្សារបស់ប្រជាជនមីយ៉ាន់ម៉ា ។ អ្វីដែលត្រូវធ្វើបន្តនោះ គឺការបង្កើតយន្តការ ដើម្បីឈានទៅអនុវត្តតាមរយៈការពិភាក្សាប្រកបដោយការជឿទុកចិត្ត ការយោគយល់ និងភាពអត់ធ្មត់របស់បណ្តាភាគីពាក់ព័ន្ធតែប៉ុណ្ណោះ ។

រដ្ឋាភិបាលមួយចំនួនក្នុងប្រទេសអាស៊ាន ក៏ដូចជាបណ្តាប្រទេសដៃគូ រាប់ទាំងអគ្គលេខាធិការអាស៊ាន និងប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ បានយល់ដឹង និងគាំទ្រទាំងស្រុងនូវបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ។ អ្នកទាំងនេះ បានធ្វើការកត់សម្គាល់នូវការដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចអន្តរជាតិរបស់សម្តេចតេជោ ហ៊ុន សែន ហើយពួកគេក៏បានអះអាងពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមគាំទ្រ សហការ​ ដើម្បីដោះស្រាយបញ្ហាផ្សេងៗក្នុងតំបន់ ជាពិសេសគឺវិបត្តិនៅសហភាពមីយ៉ាន់ម៉ា ។

មជ្ឈដ្ឋានមួយចំនួនបានវាយតម្លៃថា ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅសហភាពមីយ៉ាន់ម៉ា គឺជាបេសកកម្មដើម្បីសន្តិភាព ។ ក្នុងឱកាសជួបជាមួយសម្តេចតេជោ ហ៊ុន សែន លោកស្រី ណូលីន ហេយហ្សឺ ប្រេសិតពិសេសអង្គការសហប្រជាជាតិ បានប្តេជ្ញាចិត្តខិតខំធ្វើការជាមួយប្រធានអាស៊ាន និងអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ជាពិសេសក្នុងការធ្វើយ៉ាងណា កុំឲ្យស្ថានភាពនៅមីយ៉ាន់ម៉ានេះ ធ្លាក់ចុះជាងបច្ចុប្បន្ន ។ លោកស្រីនិយាយថា លោកស្រីរីករាយចំពោះអ្វី ដែលសម្តេចតេជោ ហ៊ុន សែន បានជំរុញដើម្បីស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ព្រោះវាជាស្មារតីមួយបន្ទាន់ សម្រាប់សភាពការណ៍នៅប្រទេសមួយនេះ សម្តេចតេជោ ហ៊ុន សែន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយអង្គការសហប្រជាជាតិ និងលោកស្រីផ្ទាល់ នឹងសហការគ្នាដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងតំបន់ ជាពិសេសនៅមីយ៉ាន់ម៉ាតែម្តង ។ ដោយឡែកសហព័ន្ធសន្តិភាពសកល ( Universal Peace Federation) បានចេញសេចក្តីថ្លែងការណ៍ គាំទ្រ និងកោតសរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះការដឹកនាំបេសកកម្មសន្តិភាពទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។ លោក យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល បានស្វាគមន៍ និងអបអរសាទរចំពោះសមិទ្ធផលជោគជ័យពាក់ព័ន្ធទៅនឹងការជំរុញបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២ នៅមីយ៉ាន់ម៉ា ការគាំទ្រប្រេសិតពិសេស ប្រធានអាស៊ានដើម្បីមានលទ្ធភាពក្នុងការជួបជាមួយភាគីពាក់ព័ន្ធនៅប្រទេសមីយ៉ាន់ម៉ា និងអំពីការផ្ដល់ជំនួយមនុស្សធម៌ ដែលការងារនេះ អាចចាត់ទុកថាជាផ្លែផ្កានៃដំណើរអញ្ជើញរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា។ លោកបណ្ឌិត យុន យ៉ុងហូ ក៍បានគាំទ្រ សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលមានទស្សនៈសន្តិភាព។  លោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ក៏បានថ្លែងគាំទ្រគោលបំណងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលស្របទៅនឹងកិច្ចព្រមព្រៀងទាំង ៥ ចំណុចរបស់មេដឹកនាំអាស៊ានផងដែរ ។

ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ឆ្នាំ ២០២២នេះ​ នៅមានកិច្ចការធំៗជាច្រើនដែលត្រូវដោះស្រាយ ។ ប៉ុន្តែអាស្រ័យលើបទពិសោធរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ជាអ្នកការទូតដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ជាអ្នកដែលស្រឡាញ់សន្តិភាព​ ជាអ្នកការពារដាច់ខាតនូវអាយុជីវិតរបស់មនុស្សជាតិ ព្រមទាំងមានការចូលរួមគាំទ្រពីបណ្តាមិត្តភត្តិទាំងឡាយក្នុងអាស៊ាន និងដៃគូ យើងសង្ឃឹមថា នឹងដោះស្រាយបាននូវបញ្ហាសំខាន់ៗជាច្រើនទៀត នៅក្នុងអាណត្តិជាប្រធានអាស៊ានរបស់កម្ពុជា ។

ហេតុដូច្នេះ អ្នកទាំងឡាយណាដែលមានបំណងទុច្ចរិត ប៉ុនប៉ងធ្វើឲ្យមានភាពស្រអាប់ដល់មុខមាត់កម្ពុជា ក្នុងអាណត្តិជាប្រធានអាស៊ាន សម្រាប់ឆ្នាំ ២០២២ នេះ សូមឈប់ដេកស្រមើស្រមៃទៅ៕

(អត្ថបទ៖ វិទ្យុជាតិកម្ពុជា)

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner